ក្រុមអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកផ្លូវការលោកបណ្ឌិត កែម ឡី ប្រកាសបន្តផ្សព្វផ្សាយស្នាដៃលោកបណ្ឌិត

ក្រុម​អ្នកគ្រប់​គ្រង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់​លោកបណ្ឌិត កែម ឡី ប្រកាស​បន្ត​ផ្សព្វផ្សាយ​ស្នាដៃលោកបណ្ឌិត ដែលមានពីឆ្នាំ ២០១២ រហូតដល់ថ្ងៃលោកបណ្ឌិតត្រូវ​បាន​ឃាតករ​បាញ់សម្លាប់​ក្នុងខែ កក្កដា ឆ្នាំ ២០១៦។

ទំព័រហ្វេសប៊ុកផ្លូវការនោះ មានឈ្មោះជាភាសាអង់គ្លេសថា Kem Ley និង​មាន​សញ្ញាធីក​ពណ៌ខៀវសម្គាល់។ អាសយដ្ឋានពេញ​របស់​ទំព័រហ្វេសប៊ុក​នោះ គឺ www.facebook.com/KemLeyResearcherOfficial

ក្រុមអ្នកគោរព និង​ស្រលាញ់​លោកបណ្ឌិត​ កែម ឡី អះអាងថាពួកគាត់​ទទួលបាន​ការ​អនុញ្ញាត​ពីលោកស្រី ប៊ូ រចនា ដែលជាភរិយា​លោកបណ្ឌិត ដើម្បី​ឲ្យជួយគ្រប់គ្រងទំព័រហ្វេសប៊ុកនេះ ដោយសារ​លោកស្រីជាប់​រវល់មើលថែរក្សាកូនៗ និងទំនុកបម្រុងក្រុមគ្រួសារ។

ក្រុម​គ្រប់គ្រងទំព័រហ្វេសប៊ុកនេះ បញ្ជាក់ថា​ ឯកសារដែលលោកបណ្ឌិត កែម ឡី បានបន្សល់ទុក មាន​ឯកសារការងាររបស់លោក និងកំព្យូទ័រយួរដៃដែលផ្ទុក​ឯកសារ​ជាច្រើន។ នៅក្នុងឧបករណ៍ផ្ទុកទិន្នន័យរបស់លោក បណ្ឌិត កែម ឡី លោកបាន​រៀបចំឯកសារ​យ៉ាងល្អ តាមលំដាប់ឆ្នាំ ២០១២ ដល់​ ២០១៦។ ឯកសារទាំងនោះមានដូចជា ការស្រាវជ្រាវរបស់អង្គការជាតិ និងអន្តរជាតិ ឯកសារវាយតម្លៃគម្រោងនានា ឯកសារមេរៀនបង្រៀន ឯកសារវិភាគ ឯកសារលក្ខខន្តិកៈគណបក្សនយោបាយ ឯកសារផែនការការដឹកនាំប្រទេស និងឯកសារមួយចំនួនទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។