ប្រធាន​គណបក្ស​ប្រឆាំង និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត ទាមទារ​​ឱ្យ​ផ្ដន្ទាទោស​អ្នក​ពាក់ព័ន្ធ​​ក្នុង​ការ​បាក់​​អាគារ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ទីន ហ្សាការីយ៉ា
2019-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សាម ស៊ុនឌឿន អនុ​ប្រធាន​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន
លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សាម ស៊ុនឌឿន អនុ​ប្រធាន​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន
រូប៖ ពី​ហ្វេសប៊ុក​លោក​ទាំង​ពីរ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត​ បាន​ទាមទារ​ឱ្យ​ផ្ដន្ទាទោស​អ្នក​ពាក់ព័ន្ធ​​ ដែល​ចូលរួម​បណ្ដោយ​ឱ្យ​សង់​អគារ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​បាក់​រលំ​​សង្កត់​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ​នៅ​ខេត្ត​ព្រះសីហនុ និង​ស្វែងរក​ការ​ពិត​​នៅ​ក្រោយ​ការ​រលំ​បាក់​អគារ​នេះ។

ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា និង​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បង្ហាញ​ការ​សោក​ស្ដាយ ការ​រន្ធត់​ចិត្ត និង​​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​​គ្រួសារ​ប្រជាពលរដ្ឋ​ ដែល​មាន​សាច់​ញាតិ​​​បាត់បង់​ជីវិត ក្នុង​​​ព្រឹត្តិការណ៍​បាក់​រលំ​សំណង់​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​​នោះ។

លោក កឹម សុខា​បាន​បង្ហាញ​ក្នុង​សារ​ដ៏​កម្រ​មួយ​លោក​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក កាល​ថ្ងៃ​ទី២៣ ខែ​មិថុនា ដោយ​លោក​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ ចំពោះ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​សព​ទាំង​អស់​ដោយ​ក្តី​ក្រៀម​ក្រំ​បំផុត»

ប្រធាន​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ជាប់​ក្នុង​ផ្ទះ​រូប​នេះ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្ដល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ដោយ​ផ្ដល់​សំណង និង​ផ្ដន្ទាទោស​​អ្នក​ទទួល​ខុស​ត្រូវ​ និង​អ្នក​ពាក់ព័ន្ធ​ទាំង​ឡាយ​ផង។

លោក កឹម សុខា ក៏​ស្នើ​​ឱ្យ​រក​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​មាន​វិធានការ​បង្ការ​ទប់​ស្កាត់​កុំ​ឲ្យ​ហេតុការណ៍​បែប​នេះ​កើត​មាន​ដដែលៗ ត​ទៅ​ទៀត។

រីឯ​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​បាន​បង្ហាញ​សារ​រំលែក​ទុក្ខ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែរ គណបក្ស​នេះ យល់​ឃើញ​ថា អ្វី​ដែល​កើត​មាន​ឡើង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ហើយ​ទាមទារ​ឱ្យ​រដ្ឋបាល​ខេត្ត​នេះ ទទួល​ខុស​ត្រូវ​ ចំពោះ​ប្រជាពលរដ្ឋ​រង​គ្រោះ។ គណបក្ស​នេះ​ថែម​ទាំង​ទាមទារ​ដក​តំណែង ឬ​ការ​លា​ឈប់​ពី​តួនាទី​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ដែន​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ។

អនុ​ប្រធាន​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម ស៊ុនឌឿន យល់​ថា ករណី​ដែល​ថៅកែ​ចិន​មិន​ស្ដាប់​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គឺ​ថៅកែ​​ដែល​ជា​ម្ចាស់​សំណង់​អគារ​នោះ អាច​មាន​អ្នក​កាង​នៅ​ពី​ក្រោយ។ លោក​យល់​ថា ពេល​នេះ​គឺ​ជា​ឱកាស ដើម្បី​រក​មុខ​អ្នក​ពាក់ព័ន្ធ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​នេះ៖ «»

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស ខ្មែរ​ឈ្នះ យិន ឈឿន ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញ​មុខ​សូម​ទោស​​ពលរដ្ឋ​ជា​សាធារណៈ​ចំពោះ​គ្រោះថ្នាក់​នេះ​ព្រោះ​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​មហាផ្ទៃ និង​អភិបាល​ខេត្ត​ព្រះសីហនុ​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​លើ​ការងារ​របស់​ខ្លួន។ លោក​បន្ត​ថា ដើម្បី​ជៀសវាង ឬ​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​សម្លាប់​ជីវិត​ពលរដ្ឋ​ច្រើន​ដូច​នេះ​ទៀត គឺ​ត្រូវ​ប្តូរ​រដ្ឋាភិបាល​ថ្មី​ដែល​មាន​សមត្ថភាព និង​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ៖

ចំណែក​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក កាល​ពី​យប់​ថ្ងៃ​ទី២៣ មិថុនា​ថា ពេល​នេះ មិន​មែន​ជា​ពេល​ត្រូវ​លើក​ឡើង​​ពី​ការ​ដក​តំណែង​នរណា​មួយ​នោះ​ទេ ប៉ុន្តែ​ជា​ពេល​ដែល​អាជ្ញាធរ​ធ្វើការ​រួម​គ្នា​សង្គ្រោះ​ពលរដ្ឋ ដែល​កំពុង​ជាប់​ក្នុង​គំនរ​អគារ​បាក់​រលំ​នោះ​​ជាមុន​សិន។

ករណី​រលំ​បាក់​អាគារ​កម្ពស់ ៧ជាន់ នៅ​ក្នុង​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២២ ខែ​មិថុនា អាជ្ញាធរ​ចោទ​ប្រកាន់​ថា អាគារ​នោះ​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ ប៉ុន្តែ​សាធារណជន​ឆ្ងល់​ថា បើ​គ្មាន​ច្បាប់​ហេតុ​អាជ្ញាធរ​មូលដ្ឋាន ឬ​អាជ្ញាធរ​ខេត្ត​បណ្ដោយ​ឱ្យ​ឈ្មួញ​ចិន​អាច​សង់​បាន​រហូត​ទៅ​ដល់ ៧ជាន់​បែប​នេះ?

កន្លង​មក​ក៏​ធ្លាប់​មាន​ករណី​គ្រោះថ្នាក់​ស្លាប់​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​ក្នុង​ក្រុង​ភ្នំពេញ ដែល​ពលរដ្ឋ​​ជា ៣០០នាក់​​ស្លាប់ និង​ករណី​ពលរដ្ឋ​ពុល​ទឹក​ជា​ដើម​នោះ គេ​មិន​ឃើញ​មាន​មន្ត្រី​ណា​មួយ​នៃ​របប​ក្រុង​ភ្នំពេញ​ក្លាហាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ ឬ​លា​លែង​ពី​តំណែង មាន​ការ​ផ្ដន្ទាទោស​​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល