ស្ថានភាពភរិយា និងកូនទាំងប្រាំនាក់របស់បណ្ឌិត កែម ឡី នៅប្រទេសអូស្ត្រាលី
2020.07.02
ជាងពីរឆ្នាំដែលភរិយា និងកូនប្រុសទាំងប្រាំនាក់របស់បណ្ឌិត បានទៅរស់នៅប្រទេសអូស្ត្រាលី ក្រោយពេលដែល បណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅកណ្ដាលទីក្រុងភ្នំពេញមក ពួកគេអាចសម្របខ្លួន និងប្រឹងរស់ដោយខ្លួនឯងនៅប្រទេសនេះ និងចូលរួមសកម្មភាពការងារសង្គមមួយចំនួនផងដែរ។ តើការរស់នៅលើទឹកដីថ្មីរបស់ពួកគេ មានការតស៊ូដូចម្ដេចខ្លះដែរ?
រយៈពេលបួនឆ្នាំក្រោយ បាត់បង់ស្វាមី អ្នកស្រី ប៊ូ រចនា បានដើរតួនាទី ជាឪពុកផង និងជាម្ដាយផង ក្នុងការចិញ្ចឹមកូនទាំងប្រាំនាក់។ ភរិយា លោក កែម ឡី លើកឡើងថា ទោះមានការហត់នឿយយ៉ាងណា ប៉ុន្តែ អ្នកស្រី នៅតែជំរុញ ឱ្យកូនខំប្រឹងរៀនសូត្រ និងធ្វើជាពលរដ្ឋសកម្មនៅក្នុងសង្គម អ្នកស្រីយល់ថាមានតែ ចំណេះវិជ្ជាទើបធ្វើឱ្យពួកគេមានអនាគតល្អ។
ថ្លែងពីប្រទេសអូស្ត្រាលី ភរិយាបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ឱ្យអាស៊ីសេរីដឹងថា កូនប្រុសអ្នកស្រីខិតខំប្រឹងប្រែងរៀនសូត្រណាស់ហើយពេលទំនេរពីការសិក្សានាំគ្នាជួយធ្វើការងារផ្ទះផងដែរ។ អ្នកស្រីឱ្យដឹងទៀតថា ពេលនេះកូនប្រុសច្បងលោកស្រីដែលរៀនថ្នាក់វិទ្យាល័យកំពុងត្រៀមប្រឡងចូលមហាវិទ្យាល័យ ដូច្នេះគេប្រឹងប្រែងរៀនណាស់ខ្លាចប្រឡងមិនជាប់។ អ្នកស្រីឱ្យដឹងដែរ ចំណែកកូនទី២ ទី៣ និងកូនទី៤ក៏ទទួលបានលទ្ធផលល្អគួរសមដែរ។ ចំណែកកូនប្រុសពៅ ដែលទើបមានអាយុបីឆ្នាំក៏បានចូលរៀនថ្នាក់មត្តេយ្យដែរ៖ «ការសិក្សាក្មេងៗចេះតែទៅមុខខ្លះបង គេរៀនថ្នាក់ទី១២ កូនទី២ រៀនថ្នាក់ទី១០ កូនទី៣ រៀនថ្នាក់ទៅ៨ កូនទី៤ រៀនថ្នាក់ទី៤ ហើយអូនបុត្រចូលមតេ្តយ្យ កូនបុត្រមួយអាទិត្យគាត់រៀនតែពីរថ្ងៃទេ ហើយមួយរៀនតែបួនម៉ោង»។
អ្នកស្រី ប៊ូ រចនា និយាយថា អ្នកស្រីពេញចិត្តនឹងលទ្ធផលសិក្សារបស់កូនៗព្រោះពួកគេខកខានរៀនសូត្រ កាលពីលោកស្រីរស់នៅប្រទេសថៃ ហើយពេលទៅដល់ប្រទេសអូស្ត្រាលីកូនៗអ្នកស្រីក៏ផ្ដើមចូលរៀនក្នុងថ្នាក់រៀននិយាយភាសាអង់គ្លេស។ អ្នកស្រីឱ្យដឹងទៀតថា កូនប្រុសពៅ ឈ្មោះថា កែម ឡី វីរបុត្រ ដែលកើតជំងឺអូទីស្សឹម ឬហៅថា មនោវិក័ត ធ្វើឱ្យគេមានអាកប្បកិរិយាប្លែកៗមិនដូចកុមារទូទៅនោះ ពេលនេះវីរបុត្របានធូរស្រាលខ្លះហើយ៖ «ដូចជាមធ្យមៗទេចា ពីព្រោះនៅថៃគាត់ក៏មិននិយាយភាសាអីដែរអ៊ីចឹងណា គាត់រៀននៅស្រុកខ្មែរក៏មិននិយាយដល់ពេលបែកមកនៅថៃទៀតរឹតតែអត់និយាយទៀត ពេលមកដល់នេះ(អូស្ត្រាលី)ពិបាកអីដែរណា ប៉ុន្តែឥឡូវចេះតែខំប្រឹងណាដើម្បីឱ្យទាន់គេ មានតែជំរុញឱ្យកូនខំប្រឹងរៀនសូត្រព្រោះខ្ញុំអត់មានលទ្ធភាពទ្រព្យសម្បត្តិអីត្រូវចែកកូនទេ មានតែជំរុញឱ្យកូនខំរៀនសូត្រហ្នឹងឯង»។
ភរិយានិងកូនរបស់លោកបណ្ឌិត កែម ឡី បានទៅតាំងលំនៅនៅប្រទេសអូស្ត្រាលីកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។ មុនពេលបានទៅដល់ប្រទេសអូស្ត្រាលី អ្នកស្រីនិងកូនៗទាំង៥ បានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅរស់នៅបរទេសស្វែងរកសិទ្ធិជ្រកកោននយោបាយនៅប្រទេសទី៣ ទាំងកំពុងមានផ្ទៃពោះដោយសារតែពួកគេតក់ស្លុតនិងភ័យខ្លាចពីសុវត្ថិភាព។ ពួកគាត់រស់នៅជាជនភៀសខ្លួននៅក្រុងបាងកក ប្រទេសថៃ អស់រយៈពេលជិតពីរឆ្នាំទម្រាំអាចមកតាំងលំនៅនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីនេះ។
អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លីម ដែលជាអ្នកជាអ្នកខ្នះខ្នែងក្នុងការធានា អ្នកស្រី ប៊ូ រចនា មករស់នៅប្រទេសអូស្ត្រាលីនិយាយថា លោកសប្បាយចិត្តពេលឃើញអ្នកស្រី ប៊ូ រចនា និងកូនៗ អាចសម្របខ្លួនរស់នៅប្រទេសនេះបានយ៉ាងល្អបូករួមការប្រឹងប្រែងសិក្សារបស់កូនលោក កែម ឡី ផង។ លោក ហុង លីម សរសើរថា អ្នកស្រី ប៊ូ រចនា ជាម្ដាយដ៏ឆ្នើមបើទោះអ្នកស្រីមិនសូវចេះភាសាអង់គ្លេស ប៉ុន្តែអ្នកស្រីដើរតួជាឪពុកផង ជាម្ដាយផងក្នុងការចិញ្ចឹមកូនទាំងប្រាំនាក់បានយ៉ាងល្អ៖ «ទើបមកដល់បានពីរឆ្នាំ ប៉ុន្តែឃើញចៅៗខំប្រឹងប្រែងណាស់ ក្មួយ ប៊ូ រចនា សឹងតែអាចចាត់មាតាមួយដ៏ឆ្នើមព្រោះកូនៗទាំងអស់ក្នុងបន្ទុករបស់គាត់»។
រីឯ ចៅសង្កាត់ប្រចាំនៅតំបន់ស្ព្រីងវែល (Springwale) រដ្ឋវ៉ិកតូរីយ៉ា និងជាប្រធានសមាគមខ្មែរមួយ នៅអូស្ត្រាលី លោក ជា យូហន ឱ្យដឹងដែរថា កូនលោក កែម ឡី ពួកគេជាក្មេងល្អ និងឧស្សាហ៍ព្យាយាមចូលរួមក្នុងកិច្ចការសង្គមដែរ ដូចជាធ្វើអនាម័យនៅទីធ្លាសាធារណៈជាដើម។
ពលរដ្ឋខ្មែររស់នៅអូស្ត្រាលី លោកស្រី ម៉ាលី ណា ដែលតែងតែទៅសួរសុខទុក្ខគ្រួសារអ្នកស្រី ប៊ូ រចនា ប្រាប់ថា រយៈពេលជាងពីរឆ្នាំនេះអ្នកស្រី ប៊ូ រចនា រៀនសូត្រពីរបៀបរស់នៅក្នុងប្រទេសអូស្ត្រាលី បានច្រើនដូចជាអាចទៅផ្សារ អាចបើកឡាន អាចទៅពេទ្យ និងបំពេញឯកសារនានាដោយខ្លួនឯងបាន។ លោកស្រីនិយាយដោយសើចកក្អឹកថា កាលពីមុនពេលលោកស្រី នឹកដល់កូនៗលោក កែម ឡី គឺលោកស្រីត្រូវបើកឡានទៅលេងផ្ទះអ្នកស្រី ប៊ូ រចនា ប៉ុន្តែពេល នេះគឺអ្នកស្រី ប៊ូ រចនា ជាអ្នកបើកឡានមកលេងផ្ទះលោកស្រីវិញម្ដង៖ «ជាទូទៅយើងនៅនេះប្រលែងគាត់ច្រើនមែនទែន តាំងពីបើកឡានស្គាល់ផ្សារស្គាល់អីចឹងទៅហើយ អ៊ីចឹងទៅយើងចាប់ផ្ដើមប្រលែងគាត់មិនមែនមានន័យថា បោះបង់ទេ យើងបានបង្រៀនគាត់អ៊ុំទាំងអស់ហ្នឹងក៏បង្រៀនកូនគាត់ឱ្យចេះធ្វើអ្វីជាឯកសារ»។
ជាងពីរឆ្នាំនៃការរស់នៅលើទឹកដីអូស្ត្រាលី គ្រួសារលោក កែម ឡី ទទួលបានការយកចិត្តទុកដាក់ពីសំណាក់សហគមន៍ខ្មែរនៅអូស្ត្រាលីយ៉ាងកក់ក្ដៅ។ អ្នកស្រី ប៊ូ រចនា មានផ្ទះរស់នៅបានសមរម្យ និងថវិកាសម្រាប់ចាយវាយប្រចាំថ្ងៃ ដែលជាការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី។
អ្នកស្រី ប៊ូ រចនា លើកឡើងថា ការរវល់រឿងចិញ្ចឹមកូនអាចធ្វើឲ្យរំសាយទុក្ខបានខ្លះពីការបាត់បង់ស្វាមី៖ «រាល់ថ្ងៃនេះរវល់ច្រើនអ៊ីចឹងការគិតរឿងពិបាកចិត្តយើងដកឃ្លាបានខ្លះដោយសារយើងពេលវេលាហ្នឹងមើលថែកូនអ៊ីចឹងណាជារឿងសំខាន់អ៊ីចឹងណា ជាពិសេសកូនទី៥ មានបញ្ហាទៀត អ៊ីចឹងយើងត្រូវផ្ដោតធំមែនទែន ព្រោះអីយើងចង់ឱ្យគាត់មកជាក្មេងធម្មតាដូចគេវិញណា»។
បណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់នៅក្នុងហាងលក់ទំនិញ ស្តារម៉ាត (Star Mart) នៃស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។ រយៈពេលបួនឆ្នាំមកនេះ អាជ្ញាធរ ឬតុលាការនៃរបបក្រុងភ្នំពេញរកឃើញតែមនុស្សម្នាក់គត់ គឺឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ក្នុងរឿងឃាតកម្មដ៏កក្រើកមួយនេះ។ ទោះជាយ៉ាងណា មហាជនទូទៅសង្ស័យថា ជួប សម្លាប់ គ្រាន់តែជាឃាតកសិប្បនិម្មិត ឬមិនអាចតែជាមនុស្សម្នាក់គត់ក្នុងការរៀបចំផែនការបាញ់សម្លាប់លោក កែម ឡី នោះទេ។
ភរិយាបណ្ឌិត កែម ឡី រួមទាំង សហព័ន្ធ និងសមាគមខ្មែរនៅអូស្ត្រាលីនឹងរៀបចំប្រារព្ធខួប៤ឆ្នាំនៃការបាញ់សម្លាប់ បណ្ឌិត កែម ឡី ថ្ងៃសៅរ៍ទី១១ ខែកក្កដា។ អ្នកស្រី ប៊ូ រចនា នៅតែសង្ឃឹមថា ថ្ងៃណាមួយអ្នកស្រីនឹងទទួលយុត្តិធម៌ ប៉ុន្តែអ្នកស្រីយល់ថា តុលាការក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន មិនអាចរកការពិត ឬឃាតកពិតឃើញនោះទេ បើប្រទេសកម្ពុជាមិនទាន់ផ្លាស់ប្ដូរមេដឹកនាំថ្មី៕