ក្រសួងអប់រំប្រកាសលើកពេលវេលាប្រឡងបាក់ឌុបរបស់សាលាឯកជន ទៅថ្ងៃផ្សេងវិញ។
សេចក្ដីណែនាំបន្ថែមរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ថា ក្រសួងបានកែប្រែសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមសាលាឯកជន ដោយពីដំបូងក្រសួងបានកំណត់យកថ្ងៃទី១៨ ខែសីហា ហើយបានផ្លាស់ប្ដូរទៅថ្ងៃទី២៧ ខែសីហាវិញ។
ក្រសួងថា មូលហេតុនៃការផ្លាស់ប្ដូរថ្ងៃប្រឡងនេះ ក្រសួងសំអាងទៅលើការប្រកាសរបស់រដ្ឋាភិបាល ស្ដីពីការអនុញ្ញាតឱ្យមន្ដ្រីរាជការ និយោជិក កម្មករឈប់សម្រាក នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា។
ក្រសួងតម្រូវឱ្យតែគ្រឹះស្ថានសិក្សាឯកជនតែប៉ុណ្ណោះ ចំពោះសាលារដ្ឋវិញ ក្រសួងមិនទាន់បានបញ្ចេញព័ត៌មានទាក់ទងនឹងពេលវេលាប្រឡងបាក់ឌុបនៅឡើយទេ។ មន្ដ្រីសង្គមស៊ីវិល និងពលរដ្ឋ រិះគន់ចំណាត់ការរបស់ក្រសួងអប់រំ យុវជន និងកីឡា ថាធ្វើឡើងដោយមានភាពលម្អៀង។ ទោះបីជាយ៉ាងណាក្រសួង អះអាងថា ការអនុញ្ញាតនេះ ដោយសារតែសាលាឯកជនអាចសម្រេច ការណែនាំរបស់សុខាភិបាល ដើម្បីបង្ការកុំឱ្យមានការឆ្លងជំងឺ covid-19បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។