ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤ កក្កដា បានជូនដំណឹងដល់សាធារណជនថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysian Airlines) បានសម្រេចលុបជើងយន្តហោះពាណិជ្ជកម្មពិសេស ដែលគ្រោងនឹងហោះទៅកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី៦ កក្កដា ស្អែកនេះ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបញ្ជាក់លើហ្វេសប៊ុកថា មូលហេតុនៃការលុបចោលជើងហោះហើរនេះ ដោយសារមានការលុបចោលជើងហោះហើរតភ្ជាប់ពីទីក្រុងគែរ (Cairo) ប្រទេសអេហ្ស៊ីប របស់ក្រុមហ៊ុន ម៊ែឌីកម៊ែស៊ៀរ (MedicMesir) ដែលរៀបចំជើងយន្តហោះពិសេស (Charter Flight) ដឹកនិស្សិតកម្ពុជាចំនួន ៤៤នាក់ មកកាន់ទីក្រុងកូឡាឡាំពួរ រួចតភ្ជាប់ជាមួយជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysian Airlines) ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ ការលុបចោលជើងហោះហើរនេះ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មិនមានអ្នកដំណើរគ្រប់គ្រាន់សម្រាប់ការហោះហើរពីទីក្រុងកូឡាឡាំពួរឆ្ពោះទៅកាន់រាជធានីភ្នំពេញ តាមការគ្រោងទុក ដែលជាហេតុធ្វើឱ្យនិស្សិត ពលករ និងពលរដ្ឋខ្មែរមួយចំនួនជាប់គាំងនៅទីនោះ។
ស្ថានទូតបញ្ជាក់បន្ថែមថា ភ្នាក់ងារក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងទាក់ទងផ្ទាល់ទៅអ្នកដំណើរទាំងអស់ដែលបានទិញសំបុត្ររួចហើយសម្រាប់ជើងយន្តហោះ កូឡាឡាំពួរ-ភ្នំពេញ ដែលបានលុបចោលនេះ។
អាស៊ីសេរីមិនអាចទាក់ទងទៅមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដើម្បីសួរព័ត៌មានលំអិតបាននោះទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
កាលពីថ្ងៃទី៣ កក្កដា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងដល់ពលរដ្ឋដែលមានលិខិតឆ្លងដែនមានសុពលភាព និងលិខិតឆ្លងដែនដែលមានទិដ្ឋាការ (visa) ត្រឹមត្រូវ អាចទិញសំបុត្រយន្តហោះតាមជើងយន្តហោះពាណិជ្ជកម្ម Malaysian airlines ហោះទៅកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា តែពេលនេះជើងយន្តហោះនេះត្រូវលុបចោលវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។