សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា ក្រោយពីគណៈកម្មការប្រឹក្សាការងារ បានចេញសេចក្តីសម្រេចស្ដីពីការដំឡើងប្រាក់ឈ្នួលអប្បបរមា មានសហជីពមួយចំនួនបានធ្វើសកម្មភាពញុះញង់ប្រឆាំងជំទាស់ ធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពការងារ និងជីវភាពរបស់កម្មករនៅតាមរោងចក្រមួយចំនួន និងបានបំភ្លៃទៅជាបញ្ហានយោបាយ បម្រើឲ្យសកម្មភាពរបស់គណបក្សនយោបាយ។
ប្រាក់ឈ្នួលអប្បបរមាដែលគណៈកម្មការប្រឹក្សាការងារសម្រេចនោះ គឺក្នុងឆ្នាំ២០១៤ ដំឡើង ១៥ដុល្លារ ធ្វើឲ្យប្រាក់ខែគោលកម្មករកាត់ដេរឡើងពី ៨០ដុល្លារ ទៅដល់ ៩៥ដុល្លារ។ ការដំឡើងនេះ ចាប់អនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ តទៅ។ តាមគម្រោង ការឡើងនេះអាចដល់ ១៦០ដុល្លារ នៅឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មាន បានប្រកាសថា អង្គការសហជីពដែលប្រឆាំងជំទាស់សេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ គឺចាត់ទុកថា ប្រឆាំងទៅនឹងច្បាប់ ប្រឆាំងគោលការណ៍ប្រជាធិបតេយ្យ ហើយសហជីពនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះមុខកម្មករ និយោជិត និងផលវិបាកទាំងឡាយដែលកើតឡើងដោយសារការបំផុសបាតុកម្មទាមទារតាមជំហរឯកតោភាគីរបស់ខ្លួន។
នៅថ្ងៃទី២៥ ធ្នូ នេះដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានថា សហភាពសហជីពកម្ពុជា ដែលមាន លោក រ៉ុង ឈុន ជាប្រធាននោះ ពុំមែនជាសហជីពស្របច្បាប់ដែលបានចុះបញ្ជិកានៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
