ក្រសួង​អប់រំ​ពន្យារ​ពេល​ប្រឡង​ធំៗ​ចំនួន​២ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩

សមាគម​គ្រូបង្រៀន គាំទ្រ​ចំណាត់​ការ​ក្រសួង​អប់រំ ដែល​ពន្យារពេល​ប្រឡង​ធំៗ​ចំនួន​២ គឺ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ និង​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ឆ្នាំ​២០២០​នេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា អ្នកស្រី​ស្វាគមន៍​ដែល​ក្រសួង​សម្រេច​ពន្យារពេល​ប្រឡង​ឆ្នាំ​នេះ ក្នុង​គ្រា​ដែរ​ពិភពលោក​ក៏ដូចជា​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩៖ «នៅ​ពេល​ដែល​ធូរស្បើយ​ទៅ​បច្ចេកទេស​ក្នុង​ការ​ប្រឡង​វា​ងាយ​ទេ សិស្សានុសិស្ស​ហ្នឹង ព្រោះ​អី​សព្វថ្ងៃ​នេះ​រៀន​តាម​បច្ចេកវិទ្យា​ថ្មី​គឺ​តាម​ប្រព័ន្ធ​អនឡាញ សិស្សានុសិស្ស​គាត់​ត្រៀម​រួចស្រេច​ហើយ​ក្នុង​ការ​ប្រឡង​ហ្នឹង​។ យើង​ត្រូវ​រៀបចំ​តាម​វិធី​ណា​ប្រឡង​ងាយៗ​ដល់​សិស្សានុសិស្ស​ដូចជា​ឱ្យ​សិស្ស​រៀន ឬក៏​ដាក់​លំ​ហាត់​ជាច្រើន​ហើយ​ច្បិច​យ​ក​សំណួរ​ណាមួយ​មក​ប្រឡង​កុំ​ឱ្យ​ហួស​សមត្ថភាព​សិស្ស»។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីណែនាំ​នៅ​ថ្ងៃ​ទី​៨ មេសា ថា សម្រាប់​ឆ្នាំ​សិក្សា​២០១៩ ឆ្នាំ​២០២០ នេះ ក្រសួង​ពន្យារពេល​រៀបចំ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១០ ខែ​សីហា និង​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ សីហា ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា។ ក្រសួង​បញ្ជាក់​ថា រីឯ​ការ​កំណត់ពេល​ប្រឡង​ជាថ្មី​នោះ ក្រសួង​នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ។

រីឯ​កាលបរិច្ឆេទ​នៃ​ការ​ទទួល​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង និង​ការ​ផ្ដល់​សំណុំ​លិខិត​ចុះឈ្មោះ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​បេក្ខជន​គ្រប់​ប្រភេទ ត្រូវ​បញ្ជូន​មក​ក្រសួង គឺ​នាយកដ្ឋាន​កិច្ចការ​ប្រឡង តាម​កាលកំណត់​ដើម្បី​រៀបចំ​ការ​ប្រឡង​នៅ​ពេល​ក្រោយ។

ក្រសួង​បាន​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់ បន្ត​ធ្វើ​ស្វ័យ​សិក្សា​នៅ​តាម​ផ្ទះ ដោយ​ប្រើប្រាស់​សៀវភៅ​សិក្សា​គោល និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក អ៊ីលើននីង (E-Learning) ដែល​មាន​នៅ​ក្នុង​គេហទំព័រ​​របស់​ក្រសួង​អប់រំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។