ក្រសួង​ការងារ​ស្នើ​ក្រុមហ៊ុន​ជប៉ុន​បង្កើន​ការ​ទទួល​ពលករ​ខ្មែរ​ផ្នែក​ថែទាំ​អគារ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ ស្នើ​ដល់​ក្រុមហ៊ុន​ជប៉ុន ឱ្យ​បង្កើន​ការ​ទទួល​ពលករ​ពី​កម្ពុជា​ឱ្យ​បាន ១០​ម៉ឺន​នាក់ នា​ពេល​ខាង​មុខ ខណៈ​ដែល​ប្រទេស​ជប៉ុន មាន​គម្រោង​ជ្រើសរើស​ពលករ​ជំនាញ​ផ្នែក​ថែទាំ​អគារ​សំណង់ ប្រមាណ ៣​ម៉ឺន​នាក់ ពី​ប្រទេស​កម្ពុជា។

គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា សំណើ​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ជាមួយ​គណៈប្រតិភូ​នៃ​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា (CIESF) និង​សមាគម​ថែទាំ​អគារ​ជប៉ុន កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ថា នៅ​ទីស្ដីការក្រសួង​ការងារ​។​

នាយក​គ្រប់គ្រង​សមាគម​ថែទាំ​អគារ​ជប៉ុន លោក ហ៊ីរ៉ូស្សី ហូរីហ្គូឈិ (Hiroshi Horiguchi) ឱ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ ប្រទេស​ជប៉ុន ត្រូវ​ការ​កម្លាំង​ពលករ​ជំនាញ​ផ្នែក​ថែទាំ​អគារ​សំណង់​ប្រមាណ ៩០ ម៉ឺន​នាក់ ក្នុង​នោះ នាំចូល​កម្លាំង​ពលករ​ពី​ក្រៅ​ប្រទេស​ប្រមាណ ៣​ម៉ឺន​នាក់​។ លោក ហ៊ីរ៉ូស្សី បន្ត​ថា កន្លង​ទៅ​សមាគម​លោក​បាន​ជ្រើស​ពលករ​ជំនាញ​ពី​ប្រទេស មីយាន់ម៉ា ឬ​ភូមា (Myanmar) និង​ប្រទេស​ហ្វីលីពីន (Philippines) ប៉ុន្តែ​គម្រោង​នៅ​ឆ្នាំ​បន្ទាប់​ទៅ​នេះ សមាគម​លោក មានបំណង​ជ្រើសរើស​ពលករ​ជំនាញ​ពី​ប្រទេស​កម្ពុជា​វិញ​។ លោក ហ៊ីរ៉ូស្សី បន្ថែម​ទៀត​ថា ការថែទាំ​អគារ​គឺជា​កិច្ច​ការ​ជំនាញ​ចាំបាច់​មួយ​នៅ​ប្រទេស​ជប៉ុន រួមមាន ការគ្រប់គ្រង​គុណភាព សុវត្ថិភាព សំណង់ ការថែទាំ​អនាម័យ​បរិស្ថាន ទាំង​ការ​សំអាត​ក្នុង​អគារ​និង​បរិវេណ​ជុំវិញ​អគារ​ជាដើម។

ក្នុង​ជំនួប​នេះ​ដែរ លោក អ៊ិត សំហេង ក៏បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ឱ្យ​បង្កើន​ការ​ទទួល​ពលករ​ពី​កម្ពុជា​ឱ្យ​បាន ១០ ម៉ឺន​នាក់ សម្រាប់​រយៈពេល​ខាងមុខ​បន្ត​ទៀត ពីព្រោះ​កម្ពុជា​មាន​សក្ដានុពល​ក្នុង​ការ​ជ្រើសរើស​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ ដែល​មាន​ស្រាប់​ក្នុង​ប្រទេស និង​អ្នក​ដែល​ត្រឡប់​ពី​ក្រៅ​ប្រទេស​។ លោក​ក៏បាន​ជំរុញ​ឱ្យ​មន្ត្រី​កម្ពុជា និង​សមាគម​ថែ​ទាំង​អគារ​ជប៉ុន​សហការ​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​បញ្ជូន​ពលករ​របស់​កម្ពុជា ដើម្បី​ប្រកាស​ជ្រើសរើស បណ្ដុះបណ្ដាល​ភាសា​ជប៉ុន និង​ជំនាញ​ធ្វើការ​ប្រឡង​តេស្ត ដើម្បី​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។

មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​កម្ពុជា ហៅ​កាត់ ថា សង់ត្រាល់ ប្រាប់​កាសែត​ក្នុងស្រុក​ថា កន្លងទៅ​ពលករ​កម្ពុជា កម្រ​ទទួល​បាន​ការងារ​ដែល​មាន​ជំនាញ​ច្បាស់លាស់ ព្រោះ​ភាគច្រើន កម្លាំង​ពលកម្ម​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គឺ​ធ្វើការ​ដោយ​ប្រើ​កម្លាំង ហើយ​ត្រូវ​ទទួលរង​នៃ​ការ​រំលោភបំពាន ថែម​ទៀត​ផង​។ លោក​បន្ត​ថា រដ្ឋាភិបាល គួរ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់ បង្កើន​សាលា​ជំនាញ ដល់​ប្រជាពលរដ្ឋ ឬ​សិស្ស​ណា ដែល​ចង់​រៀន​ជំនាញ​បច្ចេកទេស​ណាមួយ​។​

របាយការណ៍​របស់​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​និស្សិត និង​ពលករ​ជំនាញ ប្រមាណ​ជិត ១​ម៉ឺន ៥​ពាន់​នាក់ (១៥,០០០ ) ទៅ​រៀន​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ផ្នែក​វិស័យ​កសិកម្ម នេសាទ សំណង់ កែច្នៃ​ចំណី​អាហារ និង​វិស័យ​កាត់ដេរ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។