សង្គមស៊ីវិលសម្ដែងការគាំទ្រចំពោះរដ្ឋាភិបាល ដែលដាក់មន្ត្រីគ្រប់អាយុឲ្យចូលនិវត្តន៍ស្របតាមច្បាប់។ ការសាទរនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅព្រះមហាក្សត្រដាក់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្រសួងមហាផ្ទៃ ចំនួន ៤៩រូបឲ្យចូលនិវត្តន៍។
សង្គមស៊ីវិលលើកឡើងថា ការដាក់មន្ត្រីធំៗគ្រប់អាយុដែលបម្រើការក្នុងជួររដ្ឋាភិបាលចូលនិវត្តន៍ គឺជាការបើកផ្លូវឲ្យយុវជនជំនាន់ក្រោយ មានឱកាសចូលកាន់ការសំខាន់ៗបម្រើប្រទេសជាតិ។
ប្រធានអង្គការគណនេយ្យភាពកម្ពុជា លោក គុយ មាសសំណាង កត់សម្គាល់ថា តាមច្បាប់ មន្ត្រីគ្រប់អាយុត្រូវតែចូលនិវត្តន៍ មិនអាចនៅត្រាំត្រែងដើម្បីរក្សាមុខតំណែង និងតួនាទីរបស់ខ្លួនឡើយ បើទោះជាតួនាទីនោះធំប៉ុណ្ណាក៏ដោយ៖ « វាជាគំរូមួយ រដ្ឋាភិបាលក៏ព្យាយាមធ្វើកំណែទម្រង់ដែរតាមយើងមើលទៅ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ព្រោះកន្លងមក ប្រជាពលរដ្ឋចេះតែរិះគន់អ្នកដែលដល់អាយុចូលនិវត្តន៍ ហើយនៅតែមិនព្រមចូល ដោយសារប្រយោជន៍ផ្សេងៗដែលគាត់ទទួលបាន »។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានស្នើទៅព្រះមហាក្សត្រដាក់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍នៃក្រសួងមហាផ្ទៃ ចំនួន ៤៩រូបឲ្យចូលនិវត្តន៍។ នាយឧត្តមសេនីយ៍ទាំងអស់នោះ មានឋានន្តរសក្តិចាប់ពីផ្កាយ១ ដល់ផ្កាយ៣ និងមានតួនាទីចាប់ពីអនុប្រធានមន្ទីរ អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋាន ដល់ប្រធាននាយកដ្ឋាន។ ក្រៅពីនោះ នាយឧត្តមសេនីយ៍មួយចំនួន មានតួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទាំងនោះ សុទ្ធតែមានអាយុ ៦០ឆ្នាំ ដែលច្បាប់តម្រូវឲ្យពួកគេត្រូវតែចូលនិវត្តន៍។ លោកថា សម្រាប់មន្ត្រីនគរបាលដែលមានឋានន្តរសក្តិចាប់ពីថ្នាក់វរសេនីយ៍ឯក ឬសក្តិ៥ ចុះក្រោម ពួកគេត្រូវចូលនិវត្តន៍នៅពេលមានអាយុ ៥៥ឆ្នាំ។
លោក ខៀវ សុភ័គ បញ្ជាក់ថា ការដាក់មន្ត្រីគ្រប់អាយុឲ្យចូលនិវត្តន៍ពេលនេះ មិនមានន័យថា ក្រសួងត្រូវតែងតាំង ឬដំឡើងឋានន្តរសក្តិមន្ត្រីផ្សេង ទៅបំពេញកន្លែងការងាររបស់ពួកគេនោះឡើយ៖ « នេះវាដូចជាស្លឹកឈើជ្រុះទៅ ស្លឹកឈើថ្មីលាស់មកវិញ ប៉ុន្តែវាមិនមែនលាស់ទាំង ៤៩ ទេ វាអាចមិនដល់ ៤៩ ឬច្រើនជាង វាមិនគិតថាចូលនិវត្តន៍ប៉ុណ្ណេះ ហើយដំឡើងប៉ុណ្ណោះនោះទេ ប៉ុន្តែចំពោះការជ្រើសរើសកម្លាំង គឺអាចអ៊ីចឹង»។
កម្ពុជា មានមន្ត្រីនគរបាលសរុបប្រមាណ ៥ម៉ឺននាក់។ ក្រសួងមហាផ្ទៃ កាលពីដើមខែកុម្ភៈ ក៏បានជ្រើសរើសមន្ត្រីនគរបាលថ្មីប្រមាណ ៤.៥០០នាក់ ចូលបម្រើការងារបន្ថែមទៀត។ ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការជ្រើសរើសមន្ត្រីនគរបាលបន្ថែមនេះ គឺដើម្បីបំពេញជំនួសបរិមាណក្របខ័ណ្ឌនគរបាលជាតិ ដែលបានថយចុះជាង ៤.៥០០នាក់ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។
ការថយចុះនៃចំនួននគរបាលជាង ៤.៥០០នាក់នេះ គឺដោយសារមន្ត្រីខ្លះបានបាត់បង់ជីវិតក្នុងពេលបំពេញបេសកកម្ម ចូលនិវត្តន៍ ទទួលមរណភាព បណ្ដេញចេញពីក្របខ័ណ្ឌ លាឈប់ពីការងារ ផ្ទេរទៅបម្រើការនៅក្រសួង ឬស្ថាប័នផ្សេង ប្រព្រឹត្តបទល្មើស និងត្រូវបញ្ជូនទៅតុលាការវិនិច្ឆ័យទោស បាត់បង់សមត្ថភាពពលកម្ម និងពិការភាព ជាដើម។
ដោយឡែកកាលពីថ្ងៃទី១៩ ខែកុម្ភៈ មន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចំនួន ៦រូប ត្រូវបានរដ្ឋាភិបាលប្រកាសដំឡើងឋានន្តរសក្ដិពីថ្នាក់នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ទៅជានាយឧត្ដមសេនីយ៍។ មន្ត្រីនគរបាលទាំង ៦រូបនេះ រួមមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ អគ្គស្នងការរងនគរបាលជាតិ លោក សួស អង្គារ៍ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ លោក ថោង លឹម និងអគ្គស្នងការរងនគរបាលជាតិ លោក ឆៃ ស៊ីណារិទ្ធ។
ទោះជាយ៉ាងណា ការដំឡើងឋានន្តរសក្តិមន្ត្រីមួយចំនួននេះ ត្រូវបានមន្ត្រីការពារសិទ្ធិមនុស្សរិះគន់ ដោយហេតុថា ក្នុងចំណោមមន្ត្រីទាំងនោះ ជាពិសេសគឺស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ មានជាប់ពាក់ព័ន្ធនឹងការបញ្ជាបង្ក្រាបដោយហិង្សាលើក្រុមបាតុករនៅលើផ្លូវវ៉េងស្រេង ស្ពានអាកាសក្បាលថ្នល់ ស្ពានស្ទឹងមានជ័យ និងមុខសាលារាជធានីភ្នំពេញ ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។