មន្ត្រីអង្គការសង្គមស៊ីវិលចូលជួបឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បង្ហាញកង្វល់ជុំវិញការវិវឌ្ឍថ្មីៗនៃស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងការចាប់ខ្លួនលោក រ៉ុង ឈុន នៅថ្ងៃទី២៥ សីហា នេះ។
នាយកប្រតិបត្តិនែមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា ក្រៅពីកង្វល់ដែលបានលើកឡើងទាំងនោះ សង្គមស៊ីវិលក៏សម្ដែងក្ដីបារម្ភចំពោះការប្រើប្រាស់កម្លាំងសន្តិសុខ ប្រជាការពារ ដែលមិនមែនជានគរបាលយុត្តិធម៌ដែលសុទ្ធតែជាកម្លាំងបុរសទៅបង្ក្រាបដោយហិង្សា និងប៉ះពាល់កេរ្តិ៍ខ្មាសអ្នកទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ដែលភាគច្រើនជាស្ត្រី និងយុវតី។ លោកថា ប្រទេសអូស្ត្រាលីក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏មានកង្វល់ដូចគ្នានឹងសង្គមស៊ីវិលដែរ និងគាំទ្ររាល់ការលើកកម្ពស់ និងការងារការពារសិទ្ធិមនុស្ស៖ « ហើយស្ថានទូតក៏គាត់បានចែករំលែកដែរ ថាគេមិនព្រងើយកន្ដើយទេពាក់ព័ន្ធសិទ្ធិមនុស្សគេព្យាយាមជជែកជាមួយខាងរដ្ឋាភិបាលជជែកក្នុងន័យស្ថាបនា។ អ្វីដែលសង្គមស៊ីវិលព្រួយបារម្ភហ្នឹងគេធ្លាប់បានលើកទៅខាងរដ្ឋាភិបាលដែរ ជាក់ស្ដែងខាងស្ថានទូតអូស្ត្រាលីក៏ធ្លាប់បានជួបជាមួយឯកឧត្ដម នេត សាវឿន និយាយអំពីរឿងកងប្រជាការពារជាបុរសៗ ទៅបង្ក្រាបលើស្ត្រីជាអ្នកតវ៉ាហ្នឹង។ »
មន្ត្រីអង្គការសង្គមស៊ីវិលដែលចូលជួបឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ប៉ាប្លូកង (Pablo Kang) រួមមាន មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការខុមហ្វ្រែល និងអង្គការសង់ត្រាល់។ លោក មឿន តុលា បន្តថា សង្គមស៊ីវិលចង់ឲ្យស្ថានភាពសិទ្ធិមនុស្ស សិទ្ធិការងារ និងប្រជាធិបតេយ្យនៅកម្ពុជាវិលទៅរកសភាពដើមវិញ ដើម្បីបញ្ចប់នូវជម្លោះនយោបាយ ការចាប់ចង់មនុស្សនៅពេលយប់ដែលមានករណីលោក រ៉ុង ឈុន ជាឧទាហរណ៍ស្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។