អ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព រីឯសម្ដេចក្រុមព្រះរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍
2018.06.17
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានធូរស្រាលវិញហើយ ក្រោយពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ខណៈអ្នកម្នាង អ៊ុក ផល្លា ទទួលអនិច្ចកម្ម នៅម៉ោង១២ថ្ងៃត្រង់ ក្រោយពីគ្រោះថ្នាក់ចរាចរនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៧ មិថុនា។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមរំលែកទុក្ខក្រៀមក្រំ ដល់អ្នកម្នាង អ៊ុក ផល្លា និងក្រុមគ្រួសារផង ដែលបានទទួលអនិច្ចកម្មដោយសារគ្រោះថ្នាក់ចរាចរនេះ។ ទោះជាយ៉ាងណាលោក ញ៉េប ប៊ុនជិន អះអាងថា ស្ថានភាពជំងឺរបស់សម្ដេចក្រុមព្រះ បានធូរស្រាលច្រើន គឺអាចនិយាយឆ្លងឆ្លើយគ្នាបានមិនមានបញ្ហាអ្វីធំដុំនោះទេ ដោយគ្រាន់តែព្រះអង្គនៅឈឺត្រង់ត្រចៀកបន្តិច ហើយត្រូវសម្រាកព្យាបាលមួយរយៈ និងបានធូរស្រាលហើយ៖ «គ្រោះថ្នាក់នឹងខ្ញុំសួរទៅថា លោកត្រូវធ្ងន់ ប៉ុន្តែលោកដឹងព្រះកាយហើយ លោកបានស្រួលហើយ ប៉ុន្តែនៅមានឈាមត្រចៀក និងច្រមុះ ហើយជើងលោកដើរមិនទាន់បានទេ។ ម្យ៉ាងខ្ញុំមិនទាន់ដឹងព្រះអង្គនឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរប៉ុនណានោះទេ»។
លោក ញ៉េប ប៊ុនជិន បន្ថែមទៀតថា សម្ដេចក្រុមព្រះ អ្នកម្នាង អ៊ុក ផល្លា និងក្រុមការងារគណបក្សហ៊្វុនស៊ិនប៉ិច ធ្វើដំណើរដើម្បីទៅជួបសំណេះសំណាលជាមួយសមាជិកគណបក្សជាង ៣ពាន់នៅខេត្តកំពត ហើយក៏ជួបគ្រោះនេះតែម្ដង។ លោក ញ៉េប ប៊ុនជិន ចាត់ទុកគ្រោះថ្នាក់ចរាចរនេះថា ជាទុក្ខក្រៀមក្រំធំបំផុតរបស់គណបក្ស ហើយថា គណបក្សមួយនេះនឹងចេញសេចក្ដីថ្លែងពីសោកនាដកម្មនេះនៅរសៀលថ្ងៃទី១៧ មិថុនា ដើម្បីផ្សព្វផ្សាយនិងជូនដំណឹងដល់សាធារណជនបានដឹងដើម្បីទៅចូលរួមរំលែកទុក្ខឲ្យបានច្រើនកុះករ៖ «នេះជាលើកទី២ហើយ គ្រោះថ្នាក់ចរាចរនឹង គ្រាន់តែកាលមុនឡានធំហើយលើកនេះ ប៉ុន្តែខ្ញុំមើលទៅឡានភាគីម្ខាងទៀតមិនគួរណាបើកលឿនដូច្នេះទេ ព្រោះនៅទីប្រជុំជន ហើយបានចូលមកកន្លងផ្លូវរថយន្តរបស់ព្រះអង្គ។ ចំណែកដែលបណ្ដាលឲ្យអ្នកម្នាងទទួលអនិច្ចកម្ម ប្រហែលដោយសារអ្នកម្នាងធ្លាប់រងរបួសម្ដងហើយ ម្ល៉ោះហើយខ្ញុំថារឿងនេះជាហេតុមួយមិនល្អរួចមកហើយ»។
គេហទំព័រអគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះដោយសារ អ្នកបើករថយន្តរត់ឈ្នួលម៉ាក ហាយឡិនឌឺ (HIGHLANDER) បើកក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ ហើយបានរ៉េចង្កូតមកខាងឆ្វេងដៃ ហើយក៏បានបុកជាមួយរថយន្តរបស់សម្ដេចក្រុមព្រះ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាតែម្ដង។
អគ្គស្នងការឲ្យដឹងទៀតថា គ្រោះថ្នាក់នេះបណ្ដាលឲ្យមនុស្សចំនួន ៧នាក់រងរបួសធ្ងន់ និងស្រាល ក្នុងនោះមានមនុស្សស្រី ២នាក់។ ចំណែកសម្ដេចក្រុមព្រះ រងរបួសធ្ងន់ ហើយបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅគ្លីនិកសេតេ នៅខេត្តព្រះសីហនុ ចំណែកអ្នករងរបួសផ្សេងទៀតក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក និងគ្លីនិកនៅខេត្តព្រះសីហនុ។ រីឯអ្នកបើករថយន្តឈ្នួលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន ។ អ្នកម្នាង អ៊ុក ផល្លា ទទួលអនិច្ចកម្មក្រោយពីក្រុមការងារគណបក្សមួយនេះបញ្ជូននៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៧ មិថុនា។
រថយន្តដឹកសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥កន្លងទៅ ធ្លាប់ជួបគ្រោះថ្នាក់ចរាចរ ដោយបុកជាមួយរថយន្តដឹកដីម្ដងរួចមកហើយ នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលពេលនោះក្បួនរថយន្តសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងត្រឡប់មកពីជួបអ្នកគាំទ្របក្សរបស់ខ្លួនវិញ។ កាលណោះ បណ្ដាលឲ្យមនុស្សមួយចំនួនរងរបួសធ្ងន់ និងស្រាល ក្នុងនោះអ្នកម្នាង អ៊ុក ផល្លា បានរងរបួសធ្ងន់ធ្ងរ រហូតត្រូវនាំយកទៅសម្រាកព្យាបាលព្រះរោគនៅប្រទេសថៃទៀតផង។
ចំណែកសាកសព អ្នកម្នាង អ៊ុក ផល្លា សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច នឹងតម្កល់ធ្វើបុណ្យនៅវត្តបទុមវតី នៅរាជធានីភ្នំពេញ៕