បុគ្គលិកប្រចាំការពេលយប់ នៅទូតខ្មែរនៃប្រទេសកូរ៉េខាងត្បូង ថាទូរស័ព្ទ Hotline ២៤ម៉ោង បង្កើតសម្រាប់ដោះស្រាយកង្វល់ពលករខ្មែរ ជាពិសេសករណីជំងឺកូវីដ-១៩ (Covid-19) ថា លោកមិនលើកទូរស័ព្ទ ដោយសារតែ ទូរស័ព្ទនោះ ហៅចូលពីក្រៅប្រទេស។ ប៉ុន្តែកាលពីយប់ថ្ងៃទី៧ កុម្ភៈលោកបានលើកទូរស័ព្ទ របស់អ្នកយកព័ត៌មាន ដែលអាស៊ីសេរី ហៅទៅក្រៅប្រទេស៖ «លេខនេះខ្ញុំកាន់តែម្នាក់ទេ ! បាទ ! មុនហ្នឹងខ្ញុំគិតថាលេខក្រៅប្រទេស ខ្ញុំអត់លើកទេ ដោយសារលេខនេះសម្រាប់បម្រើតែប្រជាពលរដ្ឋនៅកូរ៉េបាទ !»។
កាលពីថ្ងៃទី៦ ខែមីនា អាស៊ីសេរី បានព្យាយាមទូរស័ព្ទទៅលេខ Hotline ដែលតំណាងទូតខ្មែរប្រចាំ នៅប្រទេសកូរ៉េខាងត្បូង អះអាងថា មានមន្ត្រីឆ្លើយតប ២៤ម៉ោង លើ២៤ម៉ោងនោះ ជាច្រើនដង តែគ្មានអ្នកទទួល។
លេខទូរស័ព្ទ Hotline 010-4888-7848 នេះ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោក ឡុង ឌីម៉ង់ អះអាងថា ក្រុមការងារពិសេស និងចំពោះកិច្ចរបស់ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង បង្កើតឡើងដើម្បីទទួលរាល់សំណួរ សំណូមពរ ក្តីកង្វល់របស់ពលករខ្មែរនៅប្រទេសកូរ៉េ ជុំវិញបញ្ហាមេរោគកូរ៉ូណាថ្មី ឬជំងឺកូវីដ-១៩។
ក្រោយការផ្សាយរបស់អាស៊ីសេរីនោះ ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េ មិនបដិសេធអំពីការហៅចូលលេខទូរស័ព្ទ Hotline បម្រើសេវា ២៤ម៉ោងលើ២៤ម៉ោង តែគ្មានអ្នកទទួលនោះទេ ប៉ុន្តែទូតបានបំភ្លឺតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៧ ខែ មីនា ថាការមិនបានលើកទូរស័ព្ទនោះ គឺអាចមកពីការហៅចូលជាន់ត្រួតគ្នា ឬអ្នកលើកទូរស័ព្ទអាល័យតែចូលបន្ទប់ទឹក ឬអ្នកទទួលទូរស័ព្ទរវល់ប្រជុំសំខាន់ ឬទូរស័ព្ទចូលនៅពេលយប់ជ្រៅ។
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ជាច្រើនធ្លាប់រអ៊ូរទាំ និងរិះគន់មន្ត្រីទូតខ្មែរស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ថាស្ពឹកស្រពន់ និងមិនសូវយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់ពលករខ្មែរនៅទីនោះទេ ព្រោះទូរស័ព្ទ ជួនកាលទូរស័ព្ទចូលមួយថ្ងៃវាល់ល្ងាច ក៏គ្មានអ្នកលើកដែរ។
ជាងនេះទៅទៀត ពលករខ្មែរនៅកូរ៉េ ក៏បានរិះគន់មន្ត្រីទូតខ្មែរនៅទីនោះដែរថា គ្មានរៀបចំផែនការបុរេសកម្ម ឬផែនការបង្ការទុកមុន ឬចំណាត់ការបន្ទាន់ណាមួយ ដើម្បីជួយពលករខ្មែរនៅប្រទេសកូរ៉េ ពេលផ្ទុះជំងឺកូវីដ-១៩នេះ នៅទឹកដីកូរ៉េនោះទេ គឺទាល់តែមានប្រតិកម្ម និងការរិះគន់ខ្លាំងពីសាធារណជន ទើបចាប់ផ្ដើមធ្វើសកម្មភាពខ្លះ។
ពលរដ្ឋខ្មែរម្នាក់នៅប្រទេសកូរ៉េ គឺលោក យឹម ស៊ីណន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៧ ខែមីនា ថា មន្ត្រីលោក ហ៊ុន សែន លុះត្រាតែពលរដ្ឋដាស់ បានងើបឡើងធ្វើការ។ លោកថា ឥឡូវនេះ ឃើញបុគ្គលិកទូតខ្មែរ កំពុងញាប់ដៃញាប់ជើង រៀបចំយកម៉ាស់ទៅចែកបងប្អូនខ្មែរនៅទីក្រុងថេហ្គូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។