តុលាការ​បាត់ដំបង​កោះ​ហៅ​ជនរងគ្រោះ​២​នាក់​រឿង​លោក សេរី កុសល បាញ់​បោះ​បង្ក​របួស​ស្នាម

ដោយ មាន ឫទ្ធិ
2019-06-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សេរី កុសល តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា មណ្ឌល​បន្ទាយមានជ័យ។
លោក សេរី កុសល តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា មណ្ឌល​បន្ទាយមានជ័យ។
រូប​គេហទំព័រ​រដ្ឋសភាកម្ពុជា

សាលាដំបូង​ខេត្ត​បាត់ដំបង កោះ​ហៅ​ជនរងគ្រោះ ២​នាក់​នៅ​ស្រុក​សំឡូត ទៅ​សាកសួរ​នៅ​ថ្ងៃ​ទី​១០​ខែ​មិថុនា។ ការ​កោះហៅ​នេះ បន្ទាប់​ពី​ពួកគេ​បាន​ប្ដឹង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ លោក សេរី កុសល ដែល​បាន​បាញ់​បោះ​បង្ក​របួស​ស្នាម ខណៈ​ដែល​ពួកគេ​កំពុង​ដើរ​រើស​ផ្លែ​សំរ៉ង កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា កន្លង​ទៅ។ មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស​នៅ​ខេត្ត​បាត់ដំបង លើកឡើង​ថា សំណុំ​រឿង​នេះ ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ ពី​អ្នក​មានអំណាច​ដែល​តុលាការ​គួរ​ចាត់ការ​ឱ្យ​បាន​ឆាប់។

អាណាព្យាបាល​ជនរងគ្រោះ​នៅ​ស្រុក​សំឡូត ទទូច​ឱ្យ​មន្ត្រី​តុលាការ​ខេត្ត​បាត់ដំបង រក​យុត្តិធម៌​ដល់​ពួកគេ និង​ចាប់​ជនល្មើស​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​កុំ​ឱ្យ​ទៅ​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃ​បន្ត​ទៀត។

ឪពុក​ដើមបណ្ដឹង​នៅ​ស្រុក​សំឡូត លោក ហ៊ិន សុផុន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៧​មិថុនា ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ របប​ឯកបក្ស លោក សេរី កុសល អាង​ខ្លួន​មានអំណាច​បាន​យក​កាំភ្លើង​អាការ​៤៧ បាញ់​ភ្ជង់​ដី​មួយ​គ្រាប់ បណ្ដាល​ឱ្យ​កម្ទេច​ថ្ម​ខ្ទាត​ត្រូវ​ជើង​កូន​របស់​លោក​ដែល​កំពុង​ដើរ​រើស​ផ្លែ​សំរ៉ង​នៅ​ភូមិ ឆក​រកា ឃុំ​សំឡូត កាលពី​ថ្ងៃទី​​២០​មេសា​កន្លង​ទៅ។ លោក​បន្ត​ថា នៅ​ថ្ងៃ​កើត​ហេតុ​កូន​របស់​លោក​រួម​នឹង​អ្នកស្រុក​ក្បែរ​ខាង​ផង​មាន​គ្នា​ចំនួន​៤​នាក់​បាន​ដើរ​រើស​ផ្លែ​សំរ៉ង​នៅ​លើ​ដី​របស់​លោក​ដែល​ធ្លាប់​កាន់កាប់ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ក្រោយមក​ស្រាប់តែ​លោក សេរី កុសល ស្រែក​ជេរ​ហើយ​បណ្ដេញ​ពួកគាត់​ចេញពី​ដី រួច​ក៏​យក​កាំភ្លើង​បាញ់​បណ្ដាល​ឱ្យ​របួស​ស្នាម​តែម្ដង៖ «ខ្ញុំ​មិនមែន​ទៅ​កាប់​ព្រៃ​ទេ គឺ​ខ្ញុំ​រើស​សំរ៉ង​ទេ ហើយ​តា​ឯង​មក​ចោទ​ខ្ញុំ​ថា​កាប់​ព្រៃ តែ​នេះ​ជា​របស់ខ្ញុំ​យូរ​ឆ្នាំ​ហើយ ស្រាប់តែ​គាត់​ទាញ​កាំភ្លើង​បាញ់​អត់​មាន​សួរ​មួយ​មាត់​មកដល់​បាញ់​យក​តែ​ម្ដង។ រួច​បាន​កូន​ខ្ញុំ​វា​ទាញ​ទូរស័ព្ទ​ថត ហើយ​តា​សេរី កុសល​ថា ឆាប់​លុប​រូប​ចេញ​វិញ បើ​មិន​លុប​អញ​បាញ់​ងាប់​ហាលងៀត​ឥឡូវ​ហើយ។ ខ្ញុំ​ប្ដឹង​ដោយសារ​ថា​គាត់​មើល​មក​កូន​ខ្ញុំ​បីដូច​ជា​សត្វ គាត់​ដេក​លើ​ច្បាស់​ហើយ មិន​គោរព​ច្បាប់ គាត់​យក​ច្បាប់​មក​ជាន់​ឈ្លី អាង​អំណាច​របស់​គាត់​ធំ»

លោក​បន្ត​ថា កូនៗ​របស់​លោក​២​នាក់​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន កាលពី​ថ្ងៃ​ទី​២១​មេសា ដើម្បី​ឱ្យ​ចាប់​លោក​ជនល្មើស​ផ្ដន្ទាទោស​តាមច្បាប់ ប៉ុន្តែ​រហូត​មក​ទល់​ម៉ោង​ផ្សាយ​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​របប​ឯកបក្ស លោក សេរី កុសល ប្រាប់​អាស៊ីសេរី​ថា លោក​មិន​បាន​បាញ់​ពលរដ្ឋ​ទាំង​២​នាក់​ដូច​ការចោទប្រកាន់​នោះ​ទេ ដោយ​គ្រាន់តែ​ទៅ​ហាមឃាត់​ពលរដ្ឋ​ទាំងនោះ​មិន​ឱ្យ​ទន្ទ្រានព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​ប៉ុណ្ណោះ​។ អតីត​ទេសរដ្ឋមន្ត្រី​រូប​នេះ បន្ថែម​ទៀត​ថា មូលហេតុ​ដែល​ធ្វើ​បែប​នេះ ដោយសារ​ឃើញ​ព្រៃឈើ​នៅ​តំបន់​ព្រំដែន​ស្រុក​សំឡូត ត្រូវ​បាន​គេ​លូច​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់ ហើយ​លោក​ចង់​ការពារ​ព្រៃឈើ​ទាំងនោះ​ឱ្យ​បាន​គង់វង្ស​នៅ​តាម​ព្រំដែន ដោយ​ពុំ​មែន​ទៅ​គំរាមកំហែង​ពលរដ្ឋ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ​ឡើយ៖ «អញ្ជើញ​ប្ដឹង​ចុះ​ពីព្រោះ​សមត្ថកិច្ច​គេ​មាន​ភស្តុតាង​ជា​លាយលក្ខណ៍អក្សរ​អស់ហើយ គេ​ថែមទាំង​ថត​សាមីខ្លួន​កាប់​ព្រៃ​ទៀត​ផង យើង​តាម​នឹង​ទៅ ខ្ញុំ​ខ្លួនឯង​ទេ ដែល​ពិចារណា​ថា​ខ្ញុំ​គួរតែ​ចាត់ការ​រឿង​នេះ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នឹង​ឬក៏​របៀប​យ៉ាងម៉េច គឺ​ពិចារណា​ដែរ»

ប៉ុន្តែ លោក ហ៊ិន សុផុន អះអាង​ថា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បាន​កាន់កាប់​ដី​ព្រៃ​នៅ​តំបន់​ដែល​បាញ់​បោះ​នោះ ប្រមាណ​១៥០​ហិកតារ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ខណៈ​ដែល​ឃើញ​កូន​របស់​លោក​ដើរ​រើស​ផ្លែ​សំរ៉ង​ក៏​បាញ់​គំរាម​ដោយសារ​លោក​សេរី កុសល ខ្លាច​ពួកគេ​ដណ្ដើម​ដី​នោះ​ធ្វើជា​កម្មសិទ្ធិ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េង​លី ដែល​បាន​ចុះទៅ​អង្កេត​លើ​សំណុំ​រឿង​នេះ លើកឡើង​ថា ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​អះអាង​ថា ឃើញ​លោក សេរី កុសល កាន់​កាំភ្លើង​អាការ​៤៧ មួយ​ដើម​ចូល​ទៅ​គំរាម​ពលរដ្ឋ និង​បាន​បាញ់​មួយ​គ្រាប់​ភ្ជង់​ដី។ លោក​បន្ត​ថា លោក សេរី កុសល យក​កាំភ្លើង​ទៅ​បាញ់​គំរាម​ពលរដ្ឋ គឺជា​រឿង​ខុសច្បាប់​ធ្ងន់ធ្ងរ ព្រោះ​លោក​ជា​តំណាងរាស្ត្រ យល់ដឹង​ច្បាប់​ទម្លាប់ ទៅ​គំរាមកំហែង​ពលរដ្ឋ​ទន់ខ្សោយ៖ «យើង​យក​អាវុធ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ទៅ​ប្រើ​ប្រាស់ ដើម្បី​ការពារ​ផលប្រយោជន៍​បុគ្គល​នេះ​គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ណាស់ រឿង​នេះ​កំពុងតែ​ដំណើរ​តាម​ផ្លូវ​ច្បាប់​ហើយ។ ហើយ​បញ្ហា​នេះ​ខ្ញុំ​នៅតែ​អះអាង​ថា វា​បង្កឡើង​ដោយសារ​រឿង​ដីធ្លី ហើយ​បើសិនជា​ពលរដ្ឋ​គាត់​មាន​កាំបិត​មាន​ពូថៅ ក៏​មិន​បំផ្លាញ​ព្រៃឈើ​ប៉ុន្មាន​ដែរ អ្នក​ដែល​បំផ្លាញ​ព្រៃឈើ​គឺ​អ្នកមាន​គ្រឿងចក្រ គឺ​មាន​អំណាច​មាន​លុយ​ទេ​ដែល​ទៅ​បំផ្លាញ​ព្រៃឈើ ខ្ញុំ​ចង់​ឱ្យ​មាន​ការស៊ើបអង្កេត​ឡើងវិញ ទាក់ទង​នឹង​មន្ត្រី​ទាំងឡាយ ជាពិសេស​លោក សេរី កុសល ដែល​ពាក់ព័ន្ធ​រឿង​ព្រៃឈើ​នេះ»

តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង លោក គឺ ប៊ុណ្ណារ៉ា ​បាន​កោះហៅ លោក ផុន វីរៈ អាយុ ១៧ ឆ្នាំ និង​លោក ហ៊ិន ដានី អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ឆក​រកា ឃុំ សំ​ឡូង ឱ្យ​ចូល​បំភ្លឺ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ដើម្បី​សាកសួរ​អំពី​ដំណើររឿង​ដែល​អ្នក​ទាំង​២​បាន​ប្ដឹង លោក សេរី កុសល ពី​ការ​គំរាមកំហែង និង​កាន់​អាវុធ​ខុសច្បាប់។ ឪពុក​ជនរងគ្រោះ អះអាង​ថា ពួកគេ​នឹង​ចូល​បំភ្លឺ​តុលាការ​តាម​ដីកាកោះ​នេះ ដោយ​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​កូន​របស់​ខ្លួន​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល