កម្មកររោងចក្រ សឺពីយ៉ា (SEPIA) ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិត ៤០០នាក់ ដែលតវ៉ា តាំងពីថ្ងៃទី២៦ កុម្ភៈ មក បាននាំគ្នាចូលធ្វើការវិញហើយ នៅព្រឹកថ្ងៃទី២៩ កុម្ភៈ។
កម្មករម្នាក់ លោក ហោ វាសនា ប្រាប់ថា ភាគីថៅកែ បានគំរាមថា បើកម្មករមិនព្រមចូលធ្វើការវិញទេ ថៅកែនឹងមិនបើកប្រាក់ឈ្នួលឱ្យរហូត។ លោកបន្តថា កម្មករបារម្ភបាត់បង់ការងារធ្វើ ទើបបបួលគ្នីចូលធ្វើការវិញ។ ទោះយ៉ាងណា ថៅកែប្រាប់ថា បើកប្រាក់ឈ្នួលឱ្យកម្មករនៅល្ងាចថ្ងៃទី២៩ កុម្ភៈ តែមិនបានបញ្ចូលប្រាក់អត្ថប្រយោជន៍ ដូចខែមុនៗ ឡើយ។
លោក ហោ វាសនា ឱ្យដឹងទៀតថា ប្រាក់ឈ្នួលដែលកម្មករម្នាក់ៗបើកបាន គឺប្រហែល ១០០ ដុល្លារ ជាប្រាក់ឈ្នួលកន្លះខែ សម្រាប់ខែកុម្ភៈ ហើយនៅសល់ប្រាក់អត្ថប្រយោជន៍ ថ្លៃបាយជាដើម មិនទាន់ទទួលបានទេ។
រោងចក្រ សឺពីយ៉ា មានកម្មករសរុបប្រហែលប្រាំមួយរយ (៦០០) នាក់។ កម្មករអះអាងថា មានកម្មករប្រហែលជិតបួនរយ (៤០០) នាក់ តវ៉ាមុខរោងចក្រ កាលពីថ្ងៃទី២៦ កុម្ភៈ ដោយសារតែថៅកែបើកប្រាក់ឈ្នួលយឺត ដោយមិនប្រាប់មូលហេតុ។ កម្មករបន្តអះអាងថា ក្នុងកិច្ចសន្យាការងារ ប្រាក់ឈ្នួលត្រូវបើកនៅថ្ងៃទី២៥ រាល់ខែ តែដល់ខែកុម្ភៈនេះ ផុតថ្ងៃទី២៥ ហើយ ថៅកែមិនទាន់បើកប្រាក់ឈ្នួលឱ្យ និងមិនជូនដំណឹងកម្មករ ទើបមានការតវ៉ា។
ថៅកែរោងចក្រ សឺពីយ៉ា ជាជនជាតិចិន។ កម្មករថា រោងចក្រនេះ កាត់ដេរខោអាវ ខូវប៊យ តែកម្មករ ប្រាប់ថា មិនស្គាល់ម៉ាកយីហោទេ។ រោងចក្រនេះ ដំណើរការច្រើនឆ្នាំមកហើយ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកគ្រប់គ្រងទូទៅនៅរោងចក្រ សឺពីយ៉ា លោក ណៃ ឌឿន បានទេ នៅថ្ងៃទី២៩ កុម្ភៈ ដោយសារទូរស័ព្ទមិនអាចទទួលការហៅចូលបាន។ តែយ៉ាងណា អ្នកគ្រប់គ្រងទូទៅនៅរោងចក្រ សឺពីយ៉ា រូបនេះ បានប្រាប់សារព័ត៌មានក្នុងស្រុក (VOD) ថា ប្រាក់ឈ្នួលខែកុម្ភៈ យឺតយ៉ាវ ព្រោះលុយ ដែលថៅកែផ្ញើនៅធនាគារក្នុងប្រទេសចិន មិនទាន់អាចបើកបានតាមកាលកំណត់។ លោកថា ខាងធនាគារនៅប្រទេសចិនមិនធ្វើការ ដោយសារបញ្ហាជំងឺកូវីដ-១៩ (Covid-19) ទើបមានការយឺតយ៉ាវ។
កម្មករលោក ហោ វាសនា ថ្លែងថា ក្រៅពីការបើកលុយឈ្នួលយឺត រោងចក្រនេះ មិនទាន់មានបញ្ហាបញ្ឈប់ ឬព្យួរការងារកម្មករ ដោយសារវិបត្តិខ្វះវត្ថុធាតុដើម ឱ្យកម្មករកាត់ដេរទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។