គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃនឹងបើកកិច្ចប្រជុំរយៈពេល៤ថ្ងៃនៅទីក្រុងបាងកក
2016.03.20

គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ហៅកាត់ជាភាសាអង់គ្លេសថា ជី.ប៊ី.ស៊ី (GBC) គ្រោងនឹងបើកសម័យប្រជុំលើកទី១១ របស់ខ្លួនរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមីនា នៅទីក្រុងបាងកក ប្រទេសថៃ។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានយោធសេវានៃក្រសួងការពារជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី១៩ មីនា បានឲ្យដឹងថា គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូថៃ ដឹកនាំដោយ លោក ប្រាវិត វង្សសាវ៉ាន់ (Bravith Vongsavann) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នឹងចូលរួមក្នុងកិច្ចប្រជុំនោះ។
សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា កិច្ចប្រជុំនោះផ្ដោតលើគោលការណ៍សំខាន់ ៣ចំណុច គឺការងារសន្តិសុខ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាង និងអភិវឌ្ឍន៍នៅតាមបណ្ដោយព្រំដែនប្រទេសជិតខាងទាំងពីរ។
កិច្ចប្រជុំចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ប្រជុំថ្នាក់ក្រុមការងារ និងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ប្រជុំពេញអង្គ។ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ រៀបចំកិច្ចប្រជុំប្ដូរវេនរបស់ខ្លួនមួយឆ្នាំម្ដង។ កិច្ចប្រជុំលើកនេះ ប្រទេសថៃ ទទួលធ្វើជាម្ចាស់ផ្ទះ៕