យូណេស្កូ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​រើសអើង​និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ

ដោយ ម៉ៅ សុធានី
2020-11-18
Share

អង្គការ​យូណេស្កូ (UNESCO) ប្រកាស​យុទ្ធនាការ​ស្ដីពី​ប្រធានបទ «​ការ​បើក​បេះដូង​អ្នក​» ដើម្បី​ប្រឆាំង​ការរើសអើង​ជនបរទេស ការ​មាក់ងាយ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ជុំវិញ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​ជា​សិល្បៈ​គូស​ជា​គំនូរ​បង្កប់​នូវ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ជា​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​រូប​សញ្ញា​ផ្សេងៗ។ អង្គការ​យូណេស្កូ​ឲ្យ​ដឹង​ថា ពាក្យពេចន៍​ដែល​ប្រើ​នេះ​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​បង្ហាញ​ពី​ការ​ប្រឈម ក្នុង​អំឡុង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ពាក្យពេចន៍​វិជ្ជមាន ព្រមទាំង​ការ​លើកទឹកចិត្ត​និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ខ្មែរ ជាមួយ​ជនបរទេស ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

មន្ត្រី​កម្មវិធី​ផ្នែក​សារ​គមនាគមន៍ និង​ព័ត៌មាន​នៃ​អង្គការ​យូណេស្កូ កញ្ញា វន មករា បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា គោលបំណង​សំខាន់​នៃ​យុទ្ធនាការ​នេះ គឺ​លើកកម្ពស់​ការយោគយល់​គ្នា​ទៅវិញទៅមក ដើម្បី​ទប់ស្កាត់​និង​ប្រឆាំង​ការរើសអើង ដល់​ជនបរទេស ដែល​ខ្លាច​ថា​មាន​ជំងឺ​កូ​វីដ ១៩ ព្រមទាំង​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​ការ​រីក​រាលដាល​ជំងឺ​នេះ​ទូទាំង​សកលលោក និង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

កញ្ញា​បន្ត​ថា អង្គការ​យូណេស្កូ បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​សាកល្បង​បែប​សិល្បៈ​នេះ អស់​រយៈពេល ២ ខែ​មក​ហើយ ដោយ​សង្កេត​ឃើញ​ថា មាន​ក្រុម​មនុស្ស អង្គការ ស្ថាប័ន​មួយ​ចំនួន​បាន​ស្ម័គ្រចិត្ត ចូលរួម​សហការ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការសន្ទនា​បែប​អន្តរ​វប្បធម៌ ការយោគយល់ និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​នេះ។

ចាប់​តាំង​ពី​យុទ្ធនាការ​បាន​សាកល្បង​២​ខែ​មក​ហើយ​នេះ គឺ​មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាង ៦​សែន ២​ម៉ឺន​នាក់ (៦២៦ ៧២៨) បាន​ដឹង​ពី​របៀប​ស្វែងរក និង​ទទួល​ព័ត៌មាន ពី​ប្រភព​ដែល​អាច​ជឿ​ទុកចិត្ត​បាន​នៅ​លើ​ប្រព័ន្ធ​អនឡាញ និង​ចែករំលែក​ព័ត៌មាន​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​។ គំនិត​ផ្ដួចផ្ដើម​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម របស់​អង្គការ​យូណេស្កូ ដើម្បី​ពង្រឹង​សេរីភាព​បញ្ចេញមតិ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល