សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង​បន្ត​រត់​គេច​ខ្លួន ខណៈ​សមត្ថកិច្ច​មិន​ទាន់​ចាត់ការ​ពាក្យ​បណ្ដឹង

ដោយ ស្ងួន អមរា
2018-05-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក វ៉ែន អែត សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ជង​តំបន់​អារ៉ែង ឡើង​មក​ដាក់​ញត្តិ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពន្លឿន​ការ​ធ្វើ​ស្វ័យ​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​ជង នៅ​តំបន់​អារ៉ែង។ រូបថត​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ​២០១៨។
លោក វ៉ែន អែត សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ជង​តំបន់​អារ៉ែង ឡើង​មក​ដាក់​ញត្តិ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពន្លឿន​ការ​ធ្វើ​ស្វ័យ​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​ជង នៅ​តំបន់​អារ៉ែង។ រូបថត​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ​២០១៨។
​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង ដែល​រង​ការ​គំរាម​ដល់​អាយុជីវិត បន្ត​រត់គេច​ខ្លួន ខណៈ​សមត្ថកិច្ច​មិនទាន់​ចាត់ការ​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​ការពារ​រូបលោក​នោះ​នៅឡើយ។ សកម្មជន​រូប​នោះ​អះអាង​ថា គាត់​ត្រូវ​រត់​ភៀសខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។ មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​បណ្ដឹង​របស់​សកម្មជន​រូប​នោះ​ឱ្យ​បាន​ឆាប់ ដើម្បី​ឱ្យ​គាត់​អាច​ត្រឡប់​មក​ផ្ទះ​របស់​លោក នៅ​តំបន់​អារ៉ែង​វិញ។

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន អែត ថ្លែងប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ចន្ទ ទី​៣០ មេសា ថា លោក​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ជីវភាព និង​មិន​មាន​លុយ​សម្រាប់​ចំណាយ​ប្រចាំថ្ងៃ​បាន​យូរ​តទៅ​មុខ​ទៀត​ឡើយ ក្រោយពេល​រត់គេច​ខ្លួន​ចេញពី​ភូមិ​ដោយ​ភ័យខ្លាច​បាត់បង់​ជីវិត បន្ទាប់ពី​ជំទប់​ទី១ ឃុំ​ជំនាប់ លោក ទិល ចាន់ បាន​គំរាមកំហែង​លោក​ដល់​អាយុជីវិត កាលពី​ថ្ងៃ​ទី១៧ មេសា កន្លង​ទៅ។

លោក​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជំនាប់ ឱ្យ​ពន្លឿន​សំណុំរឿង​របស់​លោក ដើម្បី​លោក​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន៖ «ពេល​ខ្ញុំ​រត់​ចេញ​ពី​ផ្ទះ​មក កូន​ខ្ញុំ​អត់​បាន​រៀន ហើយ​ម្យ៉ាងទៀត​ពេល​ចេញ​មកនេះ លុយ​របស់ខ្ញុំ​ដែល​មាន​បន្តិចបន្តួច​នេះ ខ្ញុំ​បាន​ចាយវាយ​ប្រចាំថ្ងៃ ហើយ​ខ្ញុំ​អត់​បាន​រក​ប្រាក់​ចំណូល​អ្វី​បានទេ។ ម្យ៉ាងទៀត ខ្ញុំ​មក​ស្រុក​គេ ក៏​មិនសូវ​ស្គាល់​គេ​ទៀត វា​ពិបាក​សម្រាប់​ខ្ញុំ​ក្នុង​ការរស់នៅ​ណាស់។ វា​អត់​ដូច​នៅ​ស្រុក​ខ្ញុំ​ទេ។ ស្រុក​ខ្ញុំ ពេល​អត់​ម្ហូប យើង​អាច​ទៅ​រក​ស្ទូចត្រី​តាម​ស្ទឹង និង​បេះ​បន្លែ​តាម​ព្រៃ​បាន ប៉ុន្តែ​នៅ​ទីនេះ​មិន​បាន​ទេ គឺ​ទិញ​គេ​រហូត។ ខ្ញុំ​ជិត​អស់​លុយ​ហើយ ហើយ​ឥលូវ​កំពុងតែ​បារម្ភ​រក​ការងារ​ស៊ីឈ្នួល​គេ​ក៏​មិនបាន»

លោក​អះអាង​ថា មន្ត្រី​ប៉ូលិស​ឃុំ​ជំនាប់ លោក សុខ ណង បាន​ទាក់ទង​ទៅ​សួរនាំ​លោក​អំពី​ករណី​គំរាមកំហែង​នេះ នៅ​ថ្ងៃទី៣០ មេសា និង​បាន​សន្យា​ថា នឹង​ពិនិត្យមើល​រឿង​នេះ ក៏​ប៉ុន្តែ​មន្ត្រី​សមត្ថកិច្ច​រូប​នោះ​មិនបាន​ធានា​អះអាង​អំពី​សុវត្ថិភាព​របស់​លោក និង​ក្រុម​គ្រួសារ​ឡើយ ប្រសិនបើ​ពួក​លោក​វិលត្រឡប់​ទៅផ្ទះ​នៅ​ឯ​ភូមិ​ច្រកឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង​នោះ៖ «ដំណោះស្រាយ​យ៉ាងម៉េច​នោះ គាត់​អត់​មាន​ប្រាប់​ផង ហើយ​គាត់​ព្យាយាម​ឱ្យ​ខ្ញុំ​បញ្ជាក់​ប្រាប់​ថា កំពុង​រស់នៅ​កន្លែង​ណា នៅ​ស្រុក​ណា ភូមិ​ណា ប៉ុន្តែ​ខ្ញុំ​អត់​ប្រាប់​គាត់​ទេ តែ​គាត់​នៅតែ​ជជីក​សួរ​ឱ្យ​ខ្ញុំ​ប្រាប់។ បើ​ខ្ញុំ​ប្រាប់​ទៅ គេ​នឹង​អាច​តាម​រក​ខ្ញុំ​ឃើញ ដូច្នេះ​ខ្ញុំ​មិន​ព្រម​ប្រាប់​គាត់​ទេ។ ពេល​ជជែក​គ្នា​បាន​មួយ​សន្ទុះ ក៏​គាត់​ឈប់​និយាយ​ជាមួយ​ខ្ញុំ​តែម្ដង»

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ប៉ូលិស​ឃុំ​ជំនាប់ លោក សុខ ណង ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​អំពី​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី៣០ មេសា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

មន្ត្រី​ប្រឹក្សា​ច្បាប់​គម្រោង​ពន្ធនាគារ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន ដែល​បាន​ចុះ​អង្កេត​ករណី​នេះ ថ្លែង​ថា ជំទប់​ទី​១ ឃុំ​ជំនាប់ លោក ទិល ចាន់ ពិតជា​បាន​គំរាមកំហែង​លោក វ៉ែន អែត ដល់​អាយុជីវិត​ពិតមែន កាលពី​ថ្ងៃ​ទី​១៧ មេសា កន្លងទៅ ហើយ​ដោយសារតែ​សមត្ថកិច្ច​ព្រងើយកន្តើយ​ចំពោះ​ពាក្យ​បណ្ដឹង ទើប​ធ្វើ​ឱ្យ​លោក វ៉ែន អែត ត្រូវ​បង្ខំ​ចិត្ត​គេចខ្លួន​ចេញពី​ភូមិ​ទៅ​កន្លែង​ដទៃ​ទៀត ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ៖ «កំហុស​ដែល​ធ្ងន់ គឺ​ប៉ូលិស​រដ្ឋបាល​ឃុំ​ជំនាប់​ហ្នឹងហើយ។ ធម្មតា ករណី​គំរាម​សម្លាប់​ពេល​មាន​ពាក្យ​បណ្ដឹង​ចូល​ទៅ​ហើយ ប៉ូលិស​ត្រូវ​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​ហើយ។ ជា​គោលការណ៍​តាម​នីតិវិធី​ព្រហ្មទណ្ឌ គាត់​មិន​អាច​នៅ​ស្ងៀមស្ងាត់​ដោយ​គ្មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​បាន​ទេ ព្រោះ​នេះ​ជា​ករណី​គំរាម​សម្លាប់ ជា​បទល្មើស​មជ្ឈិម ដូច្នេះ​គាត់​គួរតែ​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​ណាមួយ​ឱ្យ​បាន​ជាក់លាក់ ដើម្បី​ឱ្យ​ជនរងគ្រោះ គឺ​លោក វ៉ែន អែត មាន​ទំនុក​ចិត្ត​លើ​អាជ្ញាធរ។ ដោយសារតែ​គ្មាន​ទំនុក​ចិត្ត​លើ​អាជ្ញាធរ​នេះ​ហើយ ទើប​បណ្ដាល​ឱ្យ​គាត់​ត្រូវ​រត់គេច​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​បែបនេះ»

លោក​រក​ឃើញ​ថា មូលហេតុ​សំខាន់ ៣ យ៉ាង ដែល​ធ្វើ​ឱ្យ​លោក វ៉ែន អែត ត្រូវ​រង​ការរើសអើង និង​គំរាមកំហែង​ដល់​អាយុជីវិត​បែបនេះ។ ទីមួយ​គឺ​ដោយសារ​លោក វ៉ែន អែត បាន​ឡើង​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​សុំ​អន្តរាគមន៍​ពន្លឿន​ការ​ធ្វើ​ស្វ័យ​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង។ ទីពីរ​លោក គឺជា​សកម្មជន​បរិស្ថាន​ម្នាក់​ដ៏​សកម្ម​ដែល​ធ្លាប់​តស៊ូ​មតិ​មិន​ឱ្យ​មានការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង និង​ទី​បី គឺ​លោក​ជា​អតីត​បេក្ខជន​សមាជិក​ក្រុម​ប្រឹក្សាឃុំ​ជំនាប់ និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ អំពាវនាវ​ដល់​អាជ្ញាធរ​ប៉ូលិស ឃុំ​ជំនាប់ ឱ្យ​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ករណី​គំរាមកំហែង​លោក វ៉ែន អែត នេះ ដើម្បី​ឱ្យ​រូប​គាត់​អាច​វិល​ត្រឡប់​មក​ផ្ទះ​វិញ និង​បន្ត​សកម្មភាព​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​នៅ​តំបន់​អារ៉ែង​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល