សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​​ករណី​បំផ្ទុះ​គ្រាប់បែក​៥​កន្លែង​នៅ​ទីក្រុង​បាងកក

សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ សាកសួរ​អំពី​ការ​ដាក់​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក​នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា។ ប៉ុន្តែ​អ្នក​ទាំង​២ ថ្លែង​ថា​ពួកគេ​មិន​បាន​ដាក់​បំផ្ទុះ​គ្រាប់បែក​ដូច​ចោទប្រកាន់​នោះ​ទេ។

នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ធ្វើ​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃ​ទី​២ សីហា​ថា ជនល្មើស​បំផ្ទុះ​គ្រាប់បែក​ចំនួន ៩​ដង នៅ​៥​ទីតាំង​ខុសគ្នា​នៅ​ក្រុង​បាងកក ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​គ្រោះ​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ។ លោក​បន្ត​ថា សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​លើ​ជនសង្ស័យ​ទាំងនោះ ដើម្បី​ឱ្យ​ពួកគេ​ទទួលទោស​តាម​ច្បាប់​បាន។ ចំណែក​ទីតាំង​បំផ្ទុះ​គ្រាប់បែក​ទាំងនោះ​រួមមាន មជ្ឈមណ្ឌល​រាជការ​ចែង​វឌ្ឍនៈ ទី​២ នៅ​ក្រោម​ស្ថានីយ​រថភ្លើង​អាកាស​ឆុងនុនស៊ី (Chungnonsi) ទី​៣ នៅ​ផ្លូវ​ព្រះរ៉ាម​ទី​៩ នៅ​ច្រក​ចូល​ផ្លូវ​លេខ​៥៧ បណ្ដាល​ឱ្យ​មនុស្ស ៣​នាក់​រង​របួល​ស្រាល។ ទីតាំង​ទី​៤ នៅ​បរិវេណ​ស្រះ​ទឹក​មុខ​ទីបញ្ជាការ​កងទ័ព​ថៃ និង ទី​៥ បំផ្ទុះ​គ្រាប់បែក នៅមុខ​ទីស្ដីការ​អគ្គនាយកដ្ឋាន​ក្រសួង​ការពារ​ជាតិ។

ក្រៅពីនោះ​ជនល្មើស​យក​ស្បោង​គ្រាប់បែក​ផ្លុង​ចោល​នៅ​ស្ថានីយ​រថភ្លើង​លើ​អាកាស សាលាដែង​(Saladaeng) ស្ថានីយ​រថភ្លើង​លើ​អាកាស ហួម៉ាក (Haumark) និង​នៅ​កំពង់ដ យ៉ត​វិមាន (Viman) នៅ​មាត់ទន្លេ​ចៅ​ផាក់យ៉ា (Chao praya) និង​ដុត​ឆេះ​ផ្សារ​ប្រ៉ាក់ទូណាម (Phraktounam) ជា​តំបន់​ពាណិជ្ជកម្ម​ក្នុង​ទី​ក្រង​បាងកក បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក​ទៅ​ព្យាបាល​ជំងឺ​ស្នាក់នៅ​ក្នុង​ផ្ទះ​សំណាក់ ឌី.ឌី.ហៅ (DD House) ប្រមាណ ១​ពាន់​នាក់ នាំគ្នា​រត់​ចេញពី​បន្ទប់​ផ្ទះសំណាក់​ទាំង​ព្រលឹម​ស្រាងៗ។ ក្រៅ​ពី​នេះ​នៅ​ទីក្រុង​បាងកក​ក៏​មាន​ពលករ​ខ្មែរ​ស្នាក់នៅ​ធ្វើការ​រាប់​ម៉ឺន​នាក់​ដែរ។

​សមត្ថកិច្ច​ថៃ​សន្និដ្ឋាន​ថា ការ​បំផ្ទុះ​គ្រាប់បែក​នេះ ជនល្មើស​ធ្វើឡើង​ក្នុង​បំណង​បង្កើត​ឱ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។