សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ៥នាក់ទៅសាលាដំបូងខេត្តព្រះវិហារដើម្បីចាត់វិធានការតាមច្បាប់បន្ទាប់ពីជនសង្ស័យទាំងនេះ បានរាវរកវត្ថុបុរាណក្នុងប្រាសាទខ្នារដែលឋិតនៅក្នុងភូមិ ក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បខេត្តព្រះវិហារបានឱ្យដឹងថា ជនល្មើសទាំង ៥នាក់នោះ មកពីខេត្តផ្សេងៗគ្នា រួមមាន ឈ្មោះ ហេង ប៊ុនសុផុន មកពីខេត្តសៀមរាបឈ្មោះ សៀត សុភ័ក្រ ឈ្មោះ ង៉ៅ តៃ និងឈ្មោះ ព្លាន ព្លឿង អ្នកទាំងបីមកពីខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ ប៊ុន សាន ជាប្រធាននគរបាលប៉ុស្ដិ៍ព្រីងធំ គឺជាអ្នកខេត្តព្រះវិហារ។
ជនសង្ស័យទាំង៥នាក់ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារចាប់ខ្លួនបាន កាលពីថ្ងៃទី៤ ខែមករា កន្លងទៅនៅពេលដែលពួកគេធ្វើសកម្មភាពរាវរកវត្ថុបុរាណ នៅតំបន់បរិវេណប្រាសាទខ្នារ ដែលជាតំបន់ហាមឃាត់។ សមត្ថកិច្ច ក៏ឃាត់បានវត្ថុតាងមួយចំនួនរួមមាន ម៉ាស៊ីនរាវរក ២គ្រឿង និងសម្ភារជីកគាស់មួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។