សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន៤ នាក់ ពីបទមានចេតនាទុច្ចរិត
2020.11.27

ស្នងការប៉ូលិសខេត្តព្រះសីហនុលោក ជួន ណារិន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៧ វិច្ឆិកា ថា សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន៤ នាក់ ពីបទ មានចេតនាទុច្ចរិតប្រព្រឹត្តិបទល្មើសខុសច្បាប់។
លោកបញ្ជាក់ទៀតថា មូលហេតុដែលនាំទៅរកការចាប់ខ្លួននេះ គឺដោយសារតែនៅពេលដែលក្រុមសមត្ថកិច្ច ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឃាត់រថយន្តមួយគ្រឿងក៏ឃើញជនសង្ស័យ ជនជាតិចិនចំនួនបួននាក់។
លោក ថាក្រោយពីឆែកឆេរក្នុងរថយន្ត សមត្ថកិច្ចបានរកឃើញ មានខ្នោះដៃ ដំបងឆក់ ខ្សែលួស ១ ដុំ ស្រោមដៃ និងសម្ភារៈមួយចំនួនទៀតដែលសង្ស័យថា ជនជាតិចិនទាំងបួននាក់មានបំណងធ្វើសកម្មភាពខុសច្បាប់អ្វីមួយ ទើបឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៖« ទោះជាមិនទាន់មានការប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែយើង ពិនិត្យទៅលើបទល្មើសកាន់កាប់វត្ថុតាងមួយចំនួន ស្លាកលេខ ក្លែងបន្លំបិទស្លាកលេខចឹង មានចេតនាទុច្ចរិតហើយ។អញ្ចឹងទេ យើងកំពុងតែដឹកនាំសុំពីព្រះរាជអាជ្ញាដើម្បីរៀបចំនីតិវិធី បញ្ជូនទៅតុលាការ។នៅព្រឹកស្អែកនេះយើងបញ្ជូនហើយ។»
ជនជាតិចិនដែលសមត្ថកិច្ចចាប់ខ្លួននោះ មានអាយុចាប់ពីពី៣៥ឆ្នាំ រហូតដល់ ៥០ ឆ្នាំ។ បើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា សម្ភារៈដែលសមត្ថកិច្ចចាប់បាន គឺជាឧបករណ៍ដែលជនសង្ស័យ ប្រើប្រាស់ក្នុងការចាប់ជំរិត តែមិនទាន់ធ្វើសកម្មភាពនៅឡើយ។
សមត្ថកិច្ចឲ្យដឹងថាក្នុងរយៈពេលជាង ១១ ខែ ឆ្នាំ២០២០ មានជនជាតិចិនជិត ៣០០នាក់ ត្រូវចាប់ខ្លួននៅក្នុងខេត្តព្រះសីហនុ ក្នុងសំណុំរឿងផ្សេងៗគ្នា ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនខុសច្បាប់ ចាប់ជំរិត ចោរកម្ម និងការប្រើប្រាស់អំពើហិង្សា ទៅលើជនជាតិចិនដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។