សមត្ថកិច្ច​ខេត្ត​តាកែវ​ ស្ទាក់​ដំណើរ​ក្រុម​​លោក​ វន់​ ពៅ​​ ជាង​​ ១០០​នាក់ មិន​ឱ្យ​ទៅ​ចូល​រួម​​​​បុណ្យ​ខួប ៤ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

ដោយ អាស៊ីសេរី
2020.07.10
វន់ ពៅ សមត្ថកិច្ច​ខេត្ត​តាកែវ​ហាមឃាត់ និង​ត្រូវ​ពិនិត្យ​ក្រុម​អ្នក​បើក​រ៉ឺម៉ក​របស់​ក្រុម លោក វន់ ពៅ ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០២០។
រូប៖ លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម អាដហុក

សមត្ថកិច្ច​ខេត្ត​តាកែវ បាន​ស្ទាក់​ដំណើរ​ក្រុម​អ្នក​បើក​រ៉ឺម៉ក​​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង និង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ ជាង ​១០០នាក់ មិន​ឱ្យ​ទៅ​ចូល​រួម​ខួប​៤ ឆ្នាំនៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ឯ​ស្រុក​កំណើត​របស់​លោក​ក្នុង​ភូមិ​អង្គ​តា​កុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ​ឡើយ។ ការ​ឃាត់​ដំណើរ​នេះ ធ្វើ​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ នៅ​ម្ដុំ​​​​ផ្សារ​អង្គតាសោម ដែល​មាន​ចម្ងាយ​ជាង៨ គីឡូម៉ែត្រ ពី​ផ្ទះ​ម្តាយ​បណ្ឌិត កែម ឡី ដែល​ជា​ទីតាំង​ប្រារព្ធ​ពិធី​បុណ្យ។

ប្រធានសមាគមប្រជាធិបតេយ្យ​ឯកជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​បាន​ឃាត់​ដំណើរ​ពួក​លោក​ ក្រោម​ហេតុ​ផល​ពិនិត្យ​សុខភាព និង​សួរ​រក​ប័ណ្ណ​បើកបរ។ លោក​ឱ្យ​ដឹង​ទៀត​ថា ទោះជា​សមត្ថកិច្ច​ពិនិត្យ​សុខភាព​រក​មិន​ឃើញ​ថា​ពួក​លោក​មាន​ជំងឺ​កូវីដ-១៩ ក៏ដោយ​ ក៏​អាជ្ញាធរ​មិន​ឱ្យ​ក្រុម​លោក​អាច​បន្ត​ដំណើរ​បាន​ដែរ ហើយ​បាន​ហៅ​ពួក​លោក​ទៅ​សាក​សួរ​បន្ត​នៅ​ទីស្នាក់ការ​មួយ​កន្លែង​​ទៀត​​ដើម្បី​ពិនិត្យ​ឯកសារ​ប័ណ្ណ​បើកបរ​។​ ​​​​​លោក​យល់ថា វិធាន​ការ​របស់​សមត្ថកិច្ច​នេះ​រឿង​ចម្លែក។

ចំណែក អ្នក​នាំ​ពាក្យ​សមាគម​ អាដហុក លោក ស៊ឹង សែនករុណា ​ដែល​តាម​ឃ្លាំ​មើល​ការរារាំង​នេះ​​ យល់​ថា ទង្វើ​របស់​សមត្ថកិច្ច​ដែល​ត្រួត​ពិនិត្យ​ប័ណ្ណ​បើក​បរ ខណៈ​ពួក​គេ​មិន​បាន​ប្រព្រឹត្តិ​ល្មើស​​បែបនេះ គឺ​ផ្ទុយ​ទៅ​​នឹង​បទបញ្ជា​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ លោក​ នេត​ សាវឿន​ ។​ លោក​​ថា ​អ្វី​ដែល​សមត្ថកិច្ច​ធ្វើ​នៅ​ពេល​នេះ​ គឺ​ជា​ការ​បំបិទសិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ចូល​រួម​ពិធី​បុណ្យ​ បណ្ឌិត​ កែម ឡី។

ទាក់ទង​ករណី​នេះ អាស៊ីសេរីមិន​ទាន់​អាច​សុំ​​ការ​បំភ្លឺ​ពី​ស្នងការ​នគរបាល​​​​ខេត្ត​ តាកែវ​ លោក សុខ សំណាង​ បាន​នៅ​ឡើយ​ទេ ដោយ​ពេល​ទូរស័ព្ទ​ចូល​ត្រូវ​លោក​ចុច​បិទ​។

សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់​ព័ត៌មាន​នេះ​លម្អិត​ក្នុង​ការផ្សាយ​របស់​យើង​ខ្ញុំ​នៅ​យប់​នេះ!...

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។