អាជ្ញាធរ​ខេត្ត​តាកែវ​រារាំង​ព្រះសង្ឃ​និង​យុវជន​ក្នុង​ការ​ផ្សព្វផ្សាយ​បុណ្យ​បណ្ឌិត កែម ឡី

ដោយ សុជីវី
2020.07.09
ឃាត់​តាកែវ កែម ឡី ៩២២ សកម្មភាព​សមត្ថកិច្ច​ខេត្ត​តាកែវ ​ព្យាយាម​រារាំង​ព្រះសង្ឃ និង​យុវជន​មិន​ឱ្យ​ផ្សព្វផ្សាយ​ពិធីបុណ្យ​រំលឹក​ខួប​៤​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០២០។
Photo courtesy

សមត្ថកិច្ច​ខេត្ត​តាកែវ បាន​ព្យាយាម រារាំង​ព្រះសង្ឃ និង​យុវជន​មិន​ឱ្យ​ផ្សព្វផ្សាយ​ពិធីបុណ្យ​រំលឹក​ខួប​៤​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដូចជា ការចែក​សៀវភៅ វត្ថុ​អនុស្សាវរីយ៍។ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​អ្នក​បើក​រ៉ឺម៉ក​ម្នាក់​ ជា​អ្នក​ដឹក​​អីវ៉ាន់​របស់​ក្រុម​យុវជន​ទៅ​សួរនាំ​ផង​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ករណី​នេះ ថា​សកម្មភាព​ក្រុម​អាជ្ញាធរ​ជា​ការ​រឹតត្បិត​សេរីភាព​សំដែង​មតិ​របស់​ពលរដ្ឋ។

ថ្ងៃ​ទី​២ នៃ​យុទ្ធនាការ​របស់​ព្រះសង្ឃ​និង​ក្រុមយុវជន​ដើម្បី​រម្លឹក​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី រង​ការ​រំខាន និង​ហាមឃាត់​ពី​ក្រុម​សមត្ថកិច្ច​ខេត្ត​តាកែវ ជាច្រើន​កន្លែង​។ ក្រុម​សមត្ថកិច្ច​បាន​ប្រើ​គ្រប់​រូបភាព​ដើម្បី​ហាមឃាត់​យុវជន និង​ព្រះសង្ឃ​ដោយ​ដាក់​បារ៉ាស និង​នាំគ្នា​រារាំង​ក្រុម​យុវជន​តាម​ផ្លូវ​សាធារណៈ ក្រៅពីនេះ ក៏​មាន​ក្រុម​សមត្ថកិច្ច​ខ្លះ​ជិះ​ឡាន​តាម​ឃ្លាំមើល​យុវជន​គ្រប់​ជំហាន​ផង​ដែរ។ ពេលខ្លះ​ស្ទើរ​មាន​ការ​ប៉ះ​ទង្គិច​គ្នា នៅ​ពេល​ក្រុម​យុវជន​នៅតែ​បន្ត​ដំណើរ​ទៅមុខ។ «»

យុវជន​ខ្មែរ​ថាវរៈ កញ្ញា ឈឿន ដារ៉ាវី ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​សមត្ថកិច្ច​បាន​រារាំង​ក្រុម​យុវជន និង​ព្រះសង្ឃ​នៅផ្ទះ​ម្ដាយ​បណ្ឌិត កែម ឡី តាំងពី​ពេលព្រឹក​ថ្ងៃ​ទី០៩ ខែ​កក្កដា​ម្ល៉េះ ប៉ុន្តែ​ក្រុម​យុវជន​ព្យាយាម​ពន្យល់​សមត្ថកិច្ច​ថា អ្វី​ដែល​យុវជន​ធ្វើ​មិនមែន​ជា​ទង្វើ​ខុសច្បាប់​ទេ​។ កញ្ញា​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​យុវជន​និង​ព្រះសង្ឃ​ធ្វើដំណើរ​តាម​ផ្លូវ​ដើម្បី​ចែក​សៀវភៅ​ដែល​ជា​ទស្សនៈ​របស់​បណ្ឌិត កែម ឡី អាវយឺត និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ទៀត​ដែល​មាន​រូប​បណ្ឌិត កែម ឡី ប៉ុន្តែ​ដោយ​ក្រុម​សមត្ថកិច្ច​តាម​ឃ្លាំមើល​បែបនេះ​ពលរដ្ឋ​មួយ​ចំនួន​មិនសូវ​ហ៊ាន​ទទួលយក​របស់​ទាំងនោះ​ទេ​។ ទោះយ៉ាងណា កញ្ញា​ថា នៅ​តែ​មាន​ពលរដ្ឋ​ភាគច្រើន​ហ៊ាន​ទទួលយក​របស់​ទាំងនោះ ហើយ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​ផ្ដល់​ជា​ទឹក​សុទ្ធ និង​លើកទឹកចិត្ត​ដល់​ក្រុម​យុវជន៖ «ចាស ពេល​ហ្នឹង គឺ​សប្បាយចិត្ត​ណាស់​នឹក​ឃើញ​ថា ប្រហែល​ប្រជាពលរដ្ឋ​គាត់​ខ្លាចរអា មិន​មក​ក្បែរ​ពួកយើង​ទេ ប៉ុន្តែ​ឆ្ងាយ​ពី​អាជ្ញាធរ​អីហ្នឹង ឃើញ​ពួកគាត់​មក​ចាំ​មក​យក​គាត់​សុំ​តែម្ដង ហើយ​មាន​ប្អូន​គាត់​សុំ​ហើយ​គាត់​និយាយ​ថា បង​បង​សុំ​តស៊ូ ស៊ូ​ស៊ូ»។

យុទ្ធនាការ​របស់​ព្រះសង្ឃ និង​ក្រុម​យុវជន​ដើម្បី​រម្លឹក​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ខេត្ត​តាកែវ ដែលជា​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​មាន​ព្រះសង្ឃ​ចំនួន​០៩​និង​យុវជន​ប្រមាណ​២០​នាក់​ចូលរួម ។ ពួកគេ​ជា យុវជន​ខ្មែរ​ថាវរៈ ក្រុម​បណ្ដាញ​យុវជន N1M (Not One More) យុវជន​ចលនា​មាតា​ធម្មជាតិ និង​ក្រុម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។

ព្រះតេជព្រះគុណ កើត សារ៉ាយ មាន​ថេរ​ដីកា​ថា ក្រុម​សមត្ថកិច្ច​និង​តំណាង​មន្ត្រី​សង្ឃ​បាន​មក​រារាំង​ព្រះ​តេជគុណ​និង​ព្រះសង្ឃ​ផ្សេងទៀត​ឱ្យ​បញ្ឈប់​សកម្មភាព និង​ត្រូវ​និមន្ត​ចូល​វត្ត​។ ព្រះ​តេជព្រះគុណ​សង្ស័យ​ថា ទង្វើ​របស់​សមត្ថកិច្ច​ថា​ហាក់​កំពុង​គាំទ្រ​ភាព​អយុត្តិធម៌​ដែល​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់សម្លាប់៖ «ព្យាយាម​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​គាត់​(​បណ្ឌិត កែម ឡី​) ហាក់បីដូចជា​បង្ហាញ​ការ​គាំទ្រ​ទៅលើ​អ្នក​បាញ់​សម្លាប់​អីចឹង​ទៅ​ហ្នឹង​គ្រាន់​ជា​ចំណុច​មួយ​ដែល​យើង​ឃើញ​ ហាក់បីដូចជា​មន្ត្រី​អាជ្ញាធរ​តែ​ធ្វើ​គួរតែ​សម្រួល​ចរាចរណ៍​អី​តែ​ប៉ុណ្ណឹង​ទេ»

ជុំវិញ​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​​តាកែវ​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បកស្រាយ​ពី​អភិបាលខេត្ត តាកែវ លោក អ៊ូច ភា និង​ស្នងការ​នគរបាល​ខេត្ត​តាកែវ លោក សុខ សំណាង នៅ​ថ្ងៃទី​០៩ ខែ​កក្កដា ប៉ុន្តែ​ពេល​ទូរស័ព្ទ​ហៅ​ចូល​ត្រូវ​លោក​ចុច​បិទ។

អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន ករុណា ដែល​តាម​ឃ្លាំមើល​សកម្មភាព​នេះ​ឱ្យ​អាស៊ីសេរី​ដឹង​ថា សមត្ថកិច្ច​ខេត្តតាកែវ​បាន​ព្យាយាម​រារាំង​និង​ហាមឃាត់​ក្រុម​ជា​យុវជន​និង​ព្រះសង្ឃ​ជា​ច្រើនដង​នៅ​ពេល​អ្នក​ទាំងនោះ​ព្យាយាម​ដើរ​ហែ​ក្បួន​ចូល​ទីប្រជុំជន​ក្នុង​ទី​រួម​ខេត្ត​តាកែវ​។ លោក​ឱ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​បើក​រ៉ឺម៉ក​ជា​អ្នក​ដឹក​អីវ៉ាន​ឱ្យ​ក្រុម​យុវជន​ទៅ​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​ជាង​មួយ​ម៉ោង​ទើប​ដោះលែង​អ្នក​បើក​បើក​រ៉ឺម៉ក​នោះ​វិញ​។ លោក​យល់ថា សកម្មភាព​ទាំង​របស់​ក្រុម​អាជ្ញាធរ​ជា​ការ​រឹតត្បិត​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​៖ «គិតថា​គោលបំណង​ទាំងអស់​នេះ​មិន​មាន​ធ្វើ​ឱ្យប៉ះពាល់​ទៅដល់​សណ្ដាប់​ធ្លាប់​សាធារណៈ ឬអី​ទេ ហើយ​អ៊ីចឹង​ការ​យក​ហេតុផល​ទាំងអស់​ដែល​អាជ្ញាធរ​ធ្វើការ​រារាំង​ខ្ញុំ​គិត​ថា អត់​សម​ទំនង​នឹង​រារាំង​ទេ​ផ្ទុយទៅវិញ​គួរ​មានការ​សម្របសម្រួល។ «»

ព្រះសង្ឃ និង​ក្រុម​យុវជន​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៨ កក្កដា និង​បាន​មកដល់ ស្រុកកំណើត​និង​ជា​កន្លែង​បញ្ចុះសព​លោក បណ្ឌិត កែម ឡី ដែល​ស្ថិត​ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ យប់​ថ្ងៃ​ទី​ថ្ងៃទី៨ ដដែល ។ ថ្ងៃ​នៅ​ទី​០៩ ខែ​កក្កដា យុវជន​និង​ព្រះសង្ឃ ធ្វើ​យាត្រា​ផ្សព្វផ្សាយ​ពិធីបុណ្យ​រំលឹក​ខួប​៤​ឆ្នាំ និង​ការចែក​សៀវភៅ​រួម​ទាំង​វត្ថុ​អនុស្សាវរីយ៍ ដែល​មាន​រូប​បណ្ឌិត កែម ឡី។ ថ្ងៃ​ទី​១០ កក្កដា ស្អែក នេះ​គឺជា​គម្រប់​បួន​ឆ្នាំ​នៃ​ការ​ស្លាប់​បណ្ឌិត កែម ឡី ពួកគេ​នឹង​ចូលរួម​ធ្វើ​ពិធីបុណ្យ​ជាមួយ​ក្រុមគ្រួសារ​បណ្ឌិត កែម ឡី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។