អាជ្ញាធរនឹងបញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ទៅតុលាការពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្ស២នាក់ នៅក្នុងបុរីប៉េងហួតបឹងស្នោ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា បានធ្វើសន្និសីទកាសែត បង្ហាញពីការប្ដេជ្ញាចិត្តទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន និងបានលើកឡើងពីដំណើរការឃាត់ខ្លួនខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្ស២នាក់ ដែលជាគូដណ្ដឹងនឹងគ្នា កាលពីថ្ងៃ១៧ ខែមិថុនា កន្លងទៅ នៅបុរីប៉េងហួតបឹងស្នោ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងប្រមូលភស្តុតាងរួមទាំងសាក្សីនៅទីតាំងកន្លែងកើតហេតុ នាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានសម្រេចចោទប្រកាន់ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន និងកំពុងរៀបចំបញ្ជូនខ្លួនពួកគេ ទៅកាន់តុលាការដើម្បីបន្តនីតិវិធី។ លោក ជួន ណារិន្ទ បញ្ជាក់ថា កាំភ្លើងដែលជនល្មើសប្រើប្រាស់ក្នុងបទល្មើសនេះ គឺគ្មានច្បាប់អនុញ្ញាតឡើយ។
លោក ជួន ណារិន្ទ៖«ខ្មាន់កាំភ្លើងតែម្នាក់ឯងទេ និយាយឲ្យចំទៅគឺតែម្នាក់ឯង សហចារីគឺអ្នកដឹកមក ទី២គឺដឹកយកទៅកន្លែងឡាន អីចឹងគឺការងារនេះ ភ្លាមៗក្នុងរង្វង់ប្រតិបត្តិការគឺត្រូវតែឃាត់សិន ហើយអ្វីដែលដាក់បន្ទុកគឺនៅលើការស្រាវជ្រាវ និងការប្រមូលវត្ថុតាង ដូច្នេះប្រហែលជាកិច្ចការងារនេះ យើងមានទិន្នន័យច្បាស់លាស់ហើយ ដើម្បីចោទប្រកាន់លើអ្នកសម្រួលមធ្យោបាយដល់ជនសង្ស័យដែលរត់គេចខ្លួន»។
កាលពីថ្ងៃទី ១៧ ខែមិថុនា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងបុរីប៉េងហួតបឹងស្នោ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សចំនួន២នាក់បាត់បង់ជីវិត និងមនុស្ស២នាក់ទៀតរងរបួស។
ជនរងគ្រោះ ដែលទទួលរងការបាញ់ប្រហាររហូតបាត់បង់ជីវិតមានឈ្មោះ ឡុង លីសុងអាយុ២៧ឆ្នាំ និងឈ្មោះ ឃីន កញ្ចនា អាយុ២៦ឆ្នាំ ដែលត្រូវជាគូដណ្ដឹងនឹងគ្នា.
តាមការសារភាពរបស់ជនដៃដល់ឈ្មោះ ស្រី ស៊ីណា និងសាក្សីនៅកន្លែងកើតហេតុ ឱ្យដឹងថា មូលហេតុនៃការបាញ់ប្រហារនេះ កើតឡើងដោយសារទំនាស់រវាងអ្នករស់នៅជិតខាង និងការប្រើប្រាស់ស្នួលហាលខោអាវឆ្លងចូលព្រំដីគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។