អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀនលោក ម៉ក់ ជីតូ ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២១ វិច្ឆិកាថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការពីបទជួញដូរថ្នាំញៀនជិត៥០គីឡូក្រាម ប៉ុន្តែដោយសារតែសំណុំរឿងនេះមានលក្ខណៈស្មុគស្មាញពេក តុលាការបានបញ្ជាឱ្យនាំខ្លួនជនសង្ស័យមកឃុំខ្លួនបន្តនៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធីរបស់ខ្លួនទៀត។
លោកបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ឈ្មោះ ប៉ាន់ ប៉េរ៉ា អាយុ ៣៥ ឆ្នាំកាលពីថ្ងៃទី១៨ វិច្ឆិកា នៅខណ្ឌសែនសុខ ក្រុងភ្នំពេញខណៈជនសង្ស័យ បាននាំយកថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទឹកកកចំនួនជិត៥០ គីឡូក្រាមពីប្រទេសឡាវ មកលក់ដូរក្នុងប្រទេសកម្ពុជា។លោកបន្តថា នៅមានជនសង្ស័យផ្សេងទៀតសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន។
សំឡេង«គ្រឿងញៀនហ្នឹងមានមេខ្លោងនៅឡាវ បញ្ជូនចេញមកវេចខ្ចប់សម្រាប់លក់ចេញទៅក្រៅនឹងមួយចំនួនទៀតលក់ក្នុងប្រទេស»។
នគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃបានបង្ហាញរូបភាពជនសង្ស័យ និងភស្តុតាងថ្នាំញៀនជិត៥០ គីឡូក្រាម ដែលជនសង្ស័យវេចខ្ចប់ ដាក់ថង់ ប្លាស្ទិក នឹងបែងចែកជាកញ្ចប់តូចៗ ជាច្រើនកញ្ចប់ ក្នុងគោលបំណងចែកចាយ និងនាំចេញទៅក្រៅប្រទេស។
ទាក់ទិននឹងបញ្ហាគ្រឿងញៀននេះ អនុប្រធានផ្នែកអង្គការលីកាដូទទួលបន្ទុកសិទ្ធិមនុស្សលោក អំ សំអាត ធ្លាប់ប្រាប់អាស៊ីសេរីថា លោកសារទរចំពោះចំណាត់ការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។លោកថា បញ្ហាគ្រឿងញៀននេះបានបង្កគ្រោះថ្នាក់ដល់សង្គមជាតិប្រសិនបើមិនបានបង្ក្រាបឱ្យបានដិតដល់នោះទេ។
សំឡេង«អញ្ចឹងបញ្ហាដែលទាក់ទងនឹងការព្រួយបារម្ភដែលទាក់ទងនឹងគ្រឿងញៀននេះ នឹងវាយលុកសម្រាប់ប្រជាពលរដ្ឋជាពិសេសស្រទាប់យុវជន ដែលធ្វើឱ្យសង្គមជាតិយើងហ្នឹងទៅជា សង្គមមួយដែលពោរពេញ ទៅដោយបញ្ហាភ័យខ្លាច រឿងគ្រឿងញៀន ហើយជាបញ្ហាដែលធ្វើឱ្យប៉ះពាល់ ធនធានមនុស្សជាពិសេសគឺ យុវជនដែលជាអនាគតក្នុងការដឹកនាំ ឬក៏អភិវឌ្ឍន៍ប្រទេសទៅថ្ងៃក្រោយទៀត។»
សមត្ថកិច្ចបានឱ្យដឹងក្នុងរយៈពេល២១ ថ្ងៃក្នុងខែវិច្ឆិកានេះ បានចាប់ខ្លួនអ្នកជួញដូរថ្នាំញៀនជាបន្តបន្ទាប់ មានពេលខ្លះមួយថ្ងៃចាប់ខ្លួនមនុស្សរហូតដល់ជាង៧០ នាក់ និងដកហូតថ្នាំញៀនគ្រប់ប្រទេសជាងច្រើន។
ជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀននេះ រួមមាន ជនជាតិខ្មែរ និងជនបរទេស ដូចជា ជនជាតិឡាវ និងជនជាតិចិន…ផងដែរ។
ទាក់ទងបញ្ហាគ្រឿញៀននេះដែរ តុលាការក្រុងភ្នំពេញកំពុងសាកសួរជនជាតិចិនពីរនាក់ ក្រោយពីសមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅនៅខណ្ឌចំការមន ក្រុងភ្នំពេញ ពីបទជួញដូរថ្នាំ ញៀនចំនួន១គីឡូក្រាម។
គេហទំព័រ របស់អគ្គស្នងការ នគរបាលជាតិ ឱ្យដឹងថា ជនជាតិចិនទាំងពីរនាក់នោះត្រូវមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃចាប់ខ្លួន បានភ្លាមៗ បន្ទាប់ពីជនសង្ស័យបានយកថ្នាំញៀនចំនួន ជាង១ គីឡូក្រាម(១,០៦៦គក្រ) ប្រភេទមេតំហ្វេតាមីន ដាក់នៅក្នុងថង់ប្លាស្ទិក មួយ យកមកលក់នៅក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ៥ពាន់ករណី (៥៤៦៣ករណី) គឺកើនឡើងចំនួនជាង ១ពាន់ករណី (១២៨៨ករណី) ស្មើនឹងជាង ៣០ភាគរយ (៣០,៨ភាគរយ) បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។