មន្ត្រីសិទ្ធិមនុស្សសំដែងមន្ទិលសង្ស័យចំពោះអះអាងរបស់សមត្ថកិច្ចដែលថា ការបាញ់បណ្តាលប៉ូលិសខេត្តឧត្តរមានជ័យស្លាប់បីនាក់ ដោយសារជនសង្ស័យកើតជំងឺសរសៃប្រាសាទ។ សង្គមស៊ីវិលទាមទារអោយសមត្ថកិច្ច ស៊ើបអង្កេតដោយឯករាជ្យ មុននឹងសន្និដ្ឋានករណីនេះ។
ប្រតិកម្មនេះ ដោយសារតែកាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅនេះមន្ត្រីប៉ូលិសមួយរួប ឈ្មោះ អ៊ុ ឈយ អាយុ៤២ ឆ្នាំ នាយរងប៉ុស្តិ៍នគរបាលព្រំដែនគោកចុងព្រិច នៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ បានយកកាំភ្លើងអាការ ៤៧ មួយដើមមកបាញ់សម្លាប់មន្ត្រីប៉ូលិសពីរនាក់ផ្សេងទៀត ដែលធ្វើការនៅក្នុងស្ថាប័នជាមួយគ្នា។
ស្នងការប៉ូលិសខេត្តឧត្តរមានជ័យលោក ហួត សុធី មានប្រសាសន៍ប្រាប់អាស៊ីសេរីថា មុនបាញ់ សម្លាប់នេះកើតឡើង ជនដៃដល់ ទំនងជាខឹងជនរងគ្រោះ ដោយមិនដឹងមូលហេតុ រួចហើយបានយកកាំភ្លើងពីក្នុងអង្គភាព ទៅបាញ់ជនរងគ្រោះពីរនាក់ស្លាប់ បន្ទាប់មកជនដៃដល់ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ទាមទារឱ្យសមត្ថកិច្ច បើកការស៊ើបអង្កេតដោយឯករាជ្យចំពោះករណីបាញ់សម្លាប់នេះ។
លោកបញ្ជាក់ថា លោកមិនទាន់ជឿថា ជនដៃដល់មានជំងឺសរសៃប្រាសាទនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។