របប​ក្រុងភ្នំពេញ​សន្យា​​រក​មូលហេតុ​ពិត​នៃ​ការ​បាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ហេង រស្មី
2019-06-24
Share
ហ៊ុន សែន យន្ត មីន ៦២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ (ឆ្វេង) ពេល​ចុះ​ពិនិត្យ​មើល​ការ​រុករក​ជន​រងគ្រោះ​រលំ​បាក់​អគារ នា​ខេត្ត​ព្រះសីហនុ កាល​ពី​យប់​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

របប​ក្រុងភ្នំពេញ​សន្យា ថា​នឹង​រក​ឱ្យ​ឃើញ​នូវ​មូលហេតុ​ពិតប្រាកដ នៃ​ការ​បាក់​រលំ​អាគារ​កម្ពស់​៧​ជាន់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​កើន​ឡើង​ដល់ ២២​នាក់ គិត​ត្រឹម ម៉ោង ១១​យប់ ថ្ងៃ ទី​២៣ មិថុនា និង​២៤ នាក់​ផ្សេងទៀត​រង​របួស។ មេដឹកនាំ របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ធ្វើ​ទៅដល់​កន្លែង​កើត​ហេតុ​ទាំង​យប់ ថ្ងៃទី២៣ មិថុនា ក្នុង​ឯកសណ្ឋាន​ជា​យោធា ដើម្បី​ដឹកនាំ​កម្លាំង​រុករក និង​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

ជាមួយ​គ្នា​នេះ​ដែរ ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា ក៏​អះអាង​ដែរ​ថា ភាគី​ចិន​គាំទ្រ​កម្ពុជា​ក្នុង​ការ​ស៊ើបអង្កេត ដើម្បី​នាំ​អ្នក​ដែល​ពាក់ព័ន្ធ​បង្ក​ឱ្យ​មាន​ហេតុការណ៍​បាក់​រលំ​អាគារ សាងសង់​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស និង​គ្មាន​ច្បាប់​អនុញ្ញាត​នោះ ទៅ​ផ្ដន្ទាទោស​តាមច្បាប់។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​ចូលរួម​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រុករក និង​ជួយសង្គ្រោះ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជា​ជំនាញ​ជាច្រើន​ដែល​កំពុង​ធ្វើការ​នៅ​តំបន់​អាគារ​បាក់​ស្រុត​ទាំង​ថ្ងៃ​ទាំង​យប់។

មន្ត្រី​សម្របសម្រួល​សមាគម​ អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ​អ្នកស្រី ជៀប សុធារី ដែល​ចុះទៅ​ឃ្លាំមើល​ករណី​នេះ កាលពី​ថ្ងៃ​ទី២៣ មិថុនា បាន​ប្រាប់​អាស៊ីសេរី​ថា ប្រតិបត្តិការ​ជួយសង្គ្រោះ​នោះ​គឺ​មាន​កម្លាំង​ច្រើន ប៉ុន្តែ​មិនសូវ​មាន​បច្ចេកទេស​​នោះ​ទេ។ អ្នកស្រី​ថា អ្នក​ស្លាប់​អាច​នឹង​កើន​ឡើងជា​បន្តបន្ទាប់​ទៀត ដោយសារ​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ​ហាក់​ដូចជា​យឺតយ៉ាវ ព្រោះ​គំនរ​សំណង់​បាក់បែក​នៅសល់​ប្រមាណ​ ៤០​ភាគរយ​ទៀត​ ដែល​មិនទាន់​កាយ​ចេញ​។ អ្នកស្រី​បន្ត​ថា ក្នុង​គំនរ​បាក់បែក​នោះ​ចាប់ផ្ដើម​មាន​ក្លិនស្អុយ​កាន់តែ​ខ្លាំង​ហើយ​សាច់ញាតិ​ជនរងគ្រោះ​មួយ​ចំនួន​ថា នៅ​មាន​កម្មករ​សំណង់​បាត់​ខ្លួន​ជាច្រើន​នាក់​ទៀត៖ «មាន​ក្លិនស្អុយ​ខ្លាំង​ណាស់​ដែរ​អ៊ីចឹង​បាន​សេចក្ដី​ក្នុង​នោះ នៅ​មាន​សាកសព​ទៀត ប៉ុន្តែ​គេ​បាញ់ថ្នាំ​បំបាត់​ក្លិន​និង​មេរោគ​ដែរ។ ខាង​អង្គការ​ CPU​ បាន​យក​ឆ្កែ​ដែល​បង្វឹក​សម្រាប់​រុករក​សាកសព​ទៅ​ដែរ ប៉ុន្តែ​មិន​អាច​រក​ឃើញ​ទេ ព្រោះ​គំនរ​ថ្ម​និង​កម្ទេច​ដេក​នៅ​ច្រងេងច្រងាង​ច្រើន​ដែល​មិន​អាច​ត្បុល​ចូល​ទៅ​បាន។ កម្មករ​ដែល​នៅ​មាន​ជីវិត​ប្រាប់​ថា អាគារ​នេះ បាន​ឱ្យ​សំឡេង​នៃ​ភាព​មិន​ប្រក្រតី​ពីរ​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មិនបាន​ចាប់​អារម្មណ៍»

តាម​សេចក្ដី​រាយការណ៍​ផ្សេងៗ តាម​បណ្ដាញ​សង្គម ឱ្យ​​ដឹង​ថា ក្នុងអំឡុងពេល​កម្លាំង​​ប្រតិបត្តិការ​​ជួយ​សង្គ្រោះ​​នោះ យូរ​ៗ ម្ដង គេ​បាន​ឮ​សំឡេង​​ជន​រង​គ្រោះ​​ស្រែក​​ចេញ​ពី​ក្រោម​​អាគារ​​ដែល​​រលំ​​បាក់​​នោះ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ ប្រាប់​អាស៊ីសេរី ថា​គិត​មកដល់​យប់​ថ្ងៃ​ទី ២៣ មិថុនា សមត្ថកិច្ច ក្រុម​ជួយសង្គ្រោះ​បាន​កាយ​គំនរ​ឥដ្ឋ ដើម្បី​រុករក​អ្នក​បាត់​ខ្លួន បាន​ប្រមាណ ៦០%​ហើយ៖ «បី​ជាន់​ទៀត​វា​នៅ​រាង​ស្មុគស្មាញ​ដោយសារតែ​កម្ទេចកំទី​ហ្នឹង​វា​ហាប់​ចូលគ្នា»

លោក ឃាង ភារម្យ ប្រាប់​អាស៊ីសេរី​ទៀត​ថា មាន​មនុស្ស​មួយ​ចំនួន​ទៀត កប់​នៅ​ក្នុង​គំនរ​ឥដ្ឋ​នៃ​អគារ​បាក់បែក​នោះ ខណៈ​ដែល​ក្រុម​ជួយសង្គ្រោះ​ប្រមាណ ១​ពាន់​នាក់​កំពុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដើម្បី​រក​អ្នក​នៅ​រស់រាន​មាន​ជីវិត៖ «ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​​មកដល់​ម៉ោង​នេះ ​យើង​នៅតែ​មិនទាន់​អាច​និយាយ​បាន​ទេ។ តែ​អ្វី​ដែល​ខ្ញុំ​អាច​ជម្រាប​ជូន​បាន​គឺ​ចំពោះ​មុខ​រដ្ឋបាល​ខេត្ត​ទីមួយ​អាទិភាព​ចម្បង​គឺ​សង្គ្រោះ​សិន។ ទី​២​ការងារ​ដែល​ថា​អ្នកណា​ដែល​ទទួលខុស​ត្រូវជា​រឿង​បន្ត​»

សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា រហូតមកដល់ ម៉ោង ៤ ទាប​ភ្លឺ ថ្ងៃ​ទី​២៤ មិថុនា ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​២២ នាក់ និង​រង​របួស​ចំនួន​២៤ នាក់ ហើយ​នៅ​ក្នុង​ចំណោម​ជនរងគ្រោះ​ក៏​មាន​ជនជាតិ​ចិន​មួយ​ចំនួន​ផង​ដែរ។

ស្រប​ពេល​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ចេញ​លិខិត​ជាបន្ទាន់​មួយ​កាលពី​ថ្ងៃ​ទី​២២ មិថុនា​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន ប្រមូល​ផ្ដុំ​កម្លាំង និង​មធ្យោបាយ​ដើម្បី​ពន្លឿន​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​អ្នក​ដែល​បាន​បាត់​ខ្លួន។

លោក ស ខេង បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ដដែល​នោះ​ថា ក្រសួង​មហាផ្ទៃ​នឹង​ចាត់វិធានការ​ចំពោះ​មុខ​ជំរុញ​ការស្រាវជ្រាវ និង​ស្វែងរក​ឱ្យ​ឃើញ​នូវ​ដើមហេតុ ដែល​នាំ​ឱ្យ​កើតមាន​សោកនាដកម្ម ព្រមទាំង​ចាត់វិធានការ​លើ​បុគ្គល​ពាក់ព័ន្ធ ដើម្បី​ឱ្យ​មក​ទទួលខុសត្រូវ​តាមច្បាប់។

ចំណែក​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ មិថុនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ចាត់ទុកថា ភាគី​ចិន​គាំទ្រ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​បើក​ការស៊ើបអង្កេត​តាម​ផ្លូវ​ច្បាប់ និង​គាំទ្រ​ទាំងស្រុង​ចំពោះ​ភាគី​កម្ពុជា ដើម្បី​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ទៅលើ​ជនល្មើស​ទាំងឡាយ ដែល​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ដួល​រលំ​អាគារ​នេះ។

របប​ក្រុងភ្នំពេញ​បានសម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សំណង់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​មាន​សមាសភាព​ចំនួន ១៥​រូប ដោយមាន​ការចូលរួម​ពី​ក្រសួង​ដែនដី ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​បរិស្ថាន និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ផង​ដែរ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បានទេ នៅ​ថ្ងៃ​ទី​២៤ មិថុនា​នេះ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ក្នុង​ពេល​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​២៣ មិថុនា​ថា ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ទៅ​បាន​ទាល់តែ​គណៈកម្មការ​ដែល​បង្កើត​ឡើង​មាន​ឆន្ទៈ​ពិតប្រាកដ ហើយ​ស៊ើបអង្កេត​ដោយ​តម្លាភាព ដោយ​យុត្តិធម៌​ក្នុង​ការ​ស្វែងរក​ការពិត​ពីព្រោះ​រឿង​នេះ ជា​រឿង​ធំ​ណាស់​ដែល​បាន​សម្លាប់​មនុស្ស​នៅ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា៖ «រដ្ឋាភិបាល​ត្រូវ​មាន​ការទទួលខុសត្រូវ​បន្ត​ទៅ​ទៀត​នៅ​ក្នុង​រឿង​នេះ ទាក់ទង​ទៅ​នឹង​អ្នក​ដែល​សាងសង់​ដោយ​ខុសច្បាប់ ហើយ​នឹង​អ្នក​ដែល​ពាក់ព័ន្ធ ហើយ​ជាពិសេស​គឺជា​មួយ​ហ្នឹង​អាជ្ញាធរ​ដែនដី​ហ្នឹង​តែម្ដង។ អ៊ីចឹង​រដ្ឋាភិបាល​ត្រូវតែ​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ស៊ើបអង្កេត​ទៅលើ​រឿង​នេះ​ជា​គំរូ​ដើម្បី​កុំ​ឱ្យ​មាន​ករណី​ស្រដៀង ឬ ដូចគ្នា​កើត​ឡើងជា​បន្ត​ទៀត»

ករណី​បាក់​រលំ​អាគារ​នេះ សាកសព​ខ្លះ​ត្រូវ​ក្រុម​អ្នក​ជួយសង្គ្រោះ​រក​ឃើញ​ថា បាន​ដេក​ស្លាប់​ក្នុង​ម៉ុង ក្រោម​ផ្ទាំង​បេតុង​អគារ​បាក់​សង្កត់​លើ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​ក្រសួង​រៀបចំ​ដែនដី បាន​អះអាង​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​ដូចគ្នា​ថា មូលហេតុ​នៃ​ការ​បាក់​រលំ​អាគារ​កម្ពស់​៧​ជាន់​នេះ គឺ​ដោយសារតែ​សាងសង់​ខុស​បច្ចេកទេស ហើយ​ការសាងសង់​នេះ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​នោះ​ទេ​។ អាជ្ញាធរ​ជំនាញ​បាន​ហាមឃាត់​មិន​ឱ្យ​សាងសង់​ចំនួន ២​ដង​រួចហើយ​ដែរ ប៉ុន្តែ​ម្ចាស់​សំណង់​ជា​ជនជាតិ​ចិន​មិន​ចូលរួម​សហការ។ អគារ​កម្ពស់​៧​ជាន់​នោះ មាន​ទំហំ​ទទឹង ១៥​ម៉ែត្រ និង​បណ្ដោយ​៣០​ម៉ែត្រ បាន​ដំណើរការ​សាងសង់ ក្នុង​រយៈពេល ៦ ទៅ ខែ ៧ ខែ កន្លង​មក​នេះ ព្រមទាំង​សម្រេច​លទ្ធផល​បាន​ប្រមាណ​៧០ ភាគរយ​។​

មេដឹកនាំ​របប​ក្រុងភ្នំពេញ​ក៏បាន​ចេញ​សារ​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ កាលពី​ថ្ងៃ​ទី​២២ មិថុនា។ ក្នុង​រយៈពេល​ប្រមាណ​មួយ​ម៉ោង​ក្រោយពី​ការ​អំពាវនាវ មាន​សប្បុរសជន​ចូលរួម​ផ្ដល់​ជា​ថវិកា​បាន​ចំនួន​ជាង ១លាន​​ដុល្លារ​។ ភាគច្រើន​នៃ​អ្នក​ដែល​ចូលរួម​ថវិកា គឺជា​ក្រុម​ឧកញ៉ា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល