ក្រុមអតិថិជនបុរីពិភព ថ្មីនាំគ្នាដាក់ពាក្យប្ដឹង ទៅស្នងការនគរបាលរាជធានីភ្នំពេញពាក់ព័ន្ធករណីអ្នក បើកឡានឱ្យក្រុមហ៊ុនបុរីពិភពថ្មីមានចេតនាបើកបុកពួកគាត់ដែលកំពុងតវ៉ានៅ ខាងមុខក្រុមហ៊ុនបុរីពិភពថ្មីសាខាកួរស្រូវ២។ ការដាក់ពាក្យប្ដឹងនេះគឺដោយសារក្រុមហ៊ុនបុរីពិភពថ្មីការពារជនបង្កដែលបើកឡានបុកអតិថិជន និងអាជ្ញាធរខណ្ឌដង្កោនៅតែគ្មានចំណាត់លើជនបង្ក។
ក្រុមអតិថិជនបុរីពិភពថ្មីនៅក្នុងខណ្ឌដង្កោ និងខណ្ឌកំបូលប្រមាណ៧០ នាក់ នៅថ្ងៃទី០៧ ខែមេសា ជួបជុំគ្នានៅខាងមុខស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដាក់ពាក្យបណ្ដឹងប្រឆាំងអ្នកបើកឡានដឹកទឹកឱ្យក្រុមហ៊ុនបុរីពិភពថ្មីដែលពួកគាត់អះអាងថាមានចេតនាបើកឡានបុកពលរដ្ឋ។
ពួកគាត់បាននាំគ្នាឈរនៅខាងមុខស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំស្ដាប់លទ្ធផល និងការស៊ើបសួរជនបង្ក ដោយសារពួកគាត់មិនទុកចិត្តលើអាជ្ញាធរពីព្រោះកាលពីយប់ថ្ងៃទី៦ មេសា អាជ្ញាធរខណ្ឌដង្កោមិនអើពើជាមួយពលរដ្ឋបើទោះបីជាពួកគាត់មានភស្តុតាងដាក់បន្ទុកលើជនបង្កយ៉ាងណាក៏ដោយ។
អតិថិជនបុរីពិភពថ្មីសាខាកួរស្រូវ២ លោកស្រី កៅ សុធារី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ មេសា ថា លោកស្រីមកដាក់ពាក្យបណ្ដឹងនេះគឺដោយសារលោកស្រីហួសចិត្តនឹងម្ចាស់បុរីពិភពថ្មីមិនដោះស្រាយបញ្ហាឱ្យពួកគាត់ហើយ បែរជាឱ្យតៃកុងឡានបើកឡានទឹកបុកពួកគាត់ថែមទៀត។
លោកស្រី កៅ សុធារី៖ «និយាយទៅខ្ញុំមើលរូបភាពហ្នឹងខ្ញុំមានអារម្មណ៍ថា ខាងក្រុមហ៊ុនគឺព្រៃផ្សៃហ្មងបុកអតិថិជនខ្លួនឯងទាំងបំពានហ្មង។ និយាយទៅបំពានធម្មតាគ្មានអ្នកជនរងគ្រោះណាគេមកសុខៗគេមករករឿងអ៊ីចឹងទេ វាមានហេតុទើបវាមានផល»។
កាលពីថ្ងៃទី៦ ខែមេសា អតិថិជនបុរីពិភពថ្មីនៅខណ្ឌដង្កោចំនួន ២០នាក់នាំគ្នាតវ៉ានៅខាងក្រុមហ៊ុនបុរីពិភពថ្មីសាខាកួរស្រូវ២ ជំរុញឱ្យថៅកែជួសជុលទ្វារផ្ទះ និងផ្ទះដែលម្ចាស់បុរីបានស្វានដែកបិទទ្វារនោះឱ្យពួកគាត់វិញ។ បន្ទាប់ពីគ្មានដោះស្រាយពួកគាត់ក៏ផ្ទុះកំហឹងនាំគ្នាដុតកង់ឡាននៅខាងមុខក្រុមហ៊ុនបង្កឱ្យមានជម្លោះជាមួយក្រុមសន្តិសុខរបស់ក្រុមហ៊ុន។ ក្រោយពួកគាត់នាំគ្នាដុតកង់ឡានភាគីខាងបុរីក៏ឱ្យឡានទឹកមកពន្លត់ភ្លើង និងបើកហួសទៅបុកពលរដ្ឋដែលកំពុងឈរតវ៉ា ប៉ុន្តែមិនរងរបួសធ្ងន់ធ្ងរឡើយ។
អតិថិជនបុរីពិភពថ្មីនៅខណ្ឌកំបូល លោក ហេង ដារ៉ា ថ្លែងថា លោកសោកស្ដាយដែលអាជ្ញាធរមិនអើពើពីទុក្ខលំបាករបស់ពលរដ្ឋដោយបណ្ដោយឱ្យម្ចាស់បុរីធ្វើអ្វីតាមតែអំពើចិត្ត។
លោក ហេង ដារ៉ា៖ «ជូនទៅថ្នាក់ដឹកនាំសូមលោកជួយអន្តរាគមន៍លើកិច្ចការងារនេះប្រជាពលរដ្ឋ តែទឹកប្រាក់របស់លោកដែលគាត់ជាញើសជាឈាមរបស់លោកដែលបុរីបំពានកិច្ចសន្យាគោលការណ៍ដែលគាត់សន្យាជាមួយប្រជាពលរដ្ឋដែលគាត់ទិញចូល៥០ភាគរយហើយមួយទៀតគាត់បំពានចំណាត់ការដោះស្រាយរបស់ក្រសួងដែនដី»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុនបុរីពិភពថ្មីសាខាកួរស្រូវ២ និងស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ដើម្បីសុំការស្រាយបំភ្លឺជុំវិញបញ្ហានេះបានទេនៅថ្ងៃទី០៧ ខែមេសា។
ជុំវិញបញ្ហានេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរនៅតែគ្មានកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាឱ្យអតិថិជនបុរីពិភពថ្មីទេ នោះបញ្ហានេះនឹងកាន់រីកធំឡើងដែលបង្កឱ្យមានវិបត្តិសង្គម។
លោក នី សុខា៖ «អាជ្ញាធរគួរតែចូលខ្លួនដើម្បីទទួលយកករណីទាំងអស់ហ្នឹងទៅដោះស្រាយ និងឈរទៅលើគោលការណ៍ច្បាប់ និងឈរទៅលើគោលការណ៍ឈ្នះៗទាំងសងខាងដើម្បីឱ្យមានការទទួលខុសត្រូវទាំងសងខាងជាជាងកុំឱ្យមានព្រឹត្តិការណ៍ឬក៏អ្វីមួយកើតឡើងបន្តទៅមុខទៀតគឺថា អាជ្ញាធរត្រូវតែដោះស្រាយបញ្ហាហ្នឹងឱ្យបានឆាប់ និងឱ្យមានប្រសិទ្ធភាពដោយឈរលើគោលការណ៍ច្បាប់ និងឈរលើភាគីទាំងសងខាង»។
អតិថិជនបុរីពិភពថ្មីអះអាងថា បញ្ហារបស់ពួកគាត់កំពុងស្ថិតនៅក្នុងការដោះស្រាយជាស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងដែនដីប៉ុន្តែក្រុមហ៊ុនបុរីពិភពថ្មី នៅតែបន្តរឹបអូសផ្ទះពីអតិថិជន ដែលអស់លទ្ធភាពបង់បន្តទៅឱ្យក្រុមហ៊ុនក្នុងនោះ មានផ្ទះរបស់អតិថិជនមួយចំនួន ត្រូវបានក្រុមហ៊ុនផ្សារដែកបិត ឬចាក់សោពីខាងក្រៅ និងដាក់ស្លាកថា ផ្ទះរបស់ក្រុមហ៊ុនអនុវត្តតាមកិច្ចសន្យា។ វិធាននេះ បានធ្វើឱ្យអតិថិជនមួយចំនួន ដែលម្ចាស់បុរីពិភពថ្មីរឹបអូសផ្ទះ ធ្លាក់ខ្លួនក្រីក្រ បាត់បង់ទីជម្រក និងជំពាក់បំណុលធនាគារ។ ទោះជាយ៉ាងណាពួកគាត់នៅតែប្រកាន់គោលជំហរ ក្រាញននៀលទាមទារឱ្យថៅកែគោរពតាមកិច្ចសន្យា និងទទួលទិញផ្ទះត្រឡប់ទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។