ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ធ្វើ​ធម្មយាត្រា​ទាមទារ​រក្សា​ទុក​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ

0:00 / 0:00

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ បាន​ធ្វើ​ធម្មយាត្រា​ពី​មុខ​ព្រះបរមរាជវាំង ឆ្ពោះ​ទៅ​មុខ​មន្ទីរ​រដ្ឋសភា និង​ដាក់​ញត្តិ​តវ៉ា​ទៅ​ស្ថាប័ន​ទាំង​ពីរ​នេះ។ ការ​តវ៉ា​នេះ មាន​បំណង​ស្នើសុំ​អន្តរាគមន៍​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍ ដែល​ធ្វើ​អោយ​ប៉ះពាល់​ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ និង​ត្រូវ​រក្សា​ទុក​ជា​កន្លែង​ផ្តល់​ចំណេះ​ដឹង និង​ផ្ទុក​ឯកសារ​មាន​តម្លៃ។

មន្ត្រី​ស្ថាប័ន​កំពូល​ទាំង​ពីរ បាន​ចេញ​មក​ទទួល​ញត្តិ ដោយ​បាន​ផ្តល់​ត្រឹម​ការ​សន្យា។

ក្នុង​ពេល​ហែ​ក្បួន​ធម្មយាត្រា​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​តុលា ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០០​អង្គ​និង​នាក់ មក​ពី​បណ្ដា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ បាន​កាន់​ទង់ជាតិ​កម្ពុជា ទង់ជាតិ​សាសនា និង​បដា​នានា ដែល​មាន​អត្ថន័យ​ស្នើ​មិន​អោយ​មាន​ការ​ជួល​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ទំហំ ៣០​ម៉ែត្រ គុណ ១០០​ម៉ែត្រ ទៅ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើល (Nagaworld)។

នៅ​ពេល​ដែល​ក្រុម​អ្នក​ទាមទារ​ឈរ​ត្រៀបត្រា​នៅ​មុខ​ព្រះបរមរាជវាំង មន្ត្រី​ព្រះបរមរាជវាំង លោក ឡាំង ចំណាប់ អម​ដំណើរ​ដោយ​អភិបាល​ខណ្ឌ​ដូនពេញ លោក គួច ចំរើន បាន​ចេញ​មក​ទទួល​ញត្តិ។ លោក ឡាំង ចំណាប់ និយាយ​យ៉ាង​ខ្លី​ទៅ​កាន់​ក្រុម​អ្នក​ព័ត៌មាន​ថា លោក​នឹង​យក​ញត្តិ​នេះ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ៖ «អឺ! មិន​អី​ទេ! ចាំ​ខ្ញុំ​ទទួល​យក​ទៅ​ដាក់​ថ្វាយ​ព្រះករុណា»

ខ្លឹមសារ​ញត្តិ​របស់​អ្នក​ទាមទារ​មាន​ប្រាំ​ចំណុច ក្នុង​នោះ​ទូល​ថ្វាយ​សុំ​ឲ្យ​ព្រះមហាក្សត្រ ព្រះរាជ​អន្តរាគមន៍​ឲ្យ​ក្រសួង​ធម្មការ កសាង​របង និង​ខ្លោងទ្វារ​ពុទ្ធសាសនបណ្ឌិត្យ រុះរើ​អគារ​ដែក​ចេញ និង​ការ​បញ្ជាក់​ជា​លាយលក្ខណ៍​អក្សរ​ថា មិន​ឲ្យ​បាត់​បង់​ដី​ពុទ្ធសាសនបណ្ឌិត្យ ជាដើម។ ក្រោយ​ពី​មន្ត្រី​ព្រះរាជវាំង​បាន​ទទួល​ញត្តិ​រួច​ហើយ ក្រុម​អ្នក​ទាមទារ បាន​បន្ត​ក្បួន​ឆ្ពោះ​ទៅ​កាន់​មុខ​មន្ទីរ​រដ្ឋសភា ដោយ​គ្មាន​ការ​រំខាន​ពី​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ។

ប្រធាន​គណៈកម្មាធិការ​ទី​៧​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បាន​ចេញ​មក​ទទួល​ញត្តិ​តាម​សំណើ និង​បាន​អញ្ជើញ​តំណាង​ព្រះសង្ឃ​ចំនួន​ប្រាំ​អង្គ ដើម្បី​ប្រគល់​ញត្តិ​នៅ​ក្នុង​មន្ទីរ​រដ្ឋសភា។ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្នុង​នាម​ជា​តំណាង​រាស្ត្រ លោក​បាន​តាម​ដាន​រាល់​ដំណើរ​ការ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ទាក់ទង​ការ​ព្រួយ​បារម្ភ​របស់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ លោក យ៉ែម បុញ្ញឫទ្ធិ ថា សភា​បាន​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា មក​ឆ្លើយ​បំភ្លឺ​នៅ​មន្ទីរ​សភា​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ខាង​មុខ ហើយ​លោក​រដ្ឋមន្ត្រី ក៏​យល់​ព្រម​ចូល​បំភ្លឺ​ដែរ៖ «ខ្ញុំ​បាន​សរសេរ​លិខិត​ក្នុង​នាម​គណៈកម្មាធិការ​ទី​៧ ទៅ​រដ្ឋមន្ត្រី​ឯកឧត្តម មិន ឃិន ហើយ​គាត់​ត្រូវ​អញ្ជើញ​មក​នៅ​ថ្ងៃ​ទី​៩ ម៉ោង​២ ដើម្បី​មក​បំភ្លឺ​ពាក់ព័ន្ធ​រឿង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ហើយ​និង​ពាក់ព័ន្ធ​ពី​រឿង​ពុទ្ធិកសិក្សា។ គាត់​មក​បំភ្លឺ​ដូច​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដែរ​បាទ»

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម រៀប​ចំ​ក្បួន​ដើម្បី​នាំ​គ្នា​តវ៉ា​នៅ​មុខ​រដ្ឋសភា ដើម្បី​បញ្ឈប់​ការ​ផ្លាស់ប្ដូរ​អាគារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​ព្រឹក​ថ្ងៃ​ទី ០៣ តុលា ២០១៤។
បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម រៀប​ចំ​ក្បួន​ដើម្បី​នាំ​គ្នា​តវ៉ា​នៅ​មុខ​រដ្ឋសភា ដើម្បី​បញ្ឈប់​ការ​ផ្លាស់ប្ដូរ​អាគារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​ព្រឹក​ថ្ងៃ​ទី ០៣ តុលា ២០១៤។ (RFA/Rann Samnang)

វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៣០ ដោយ​ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ បាន​មាន​ថេរ​ដីកា​ក្រោយ​ពី​បាន​ដាក់​ញត្តិ​ថា ប្រសិន​ការ​ឆ្លើយ​បំភ្លឺ​នៅ​មន្ទីរ​រដ្ឋសភា​របស់​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ មិន​បាន​ការពារ​ទីតាំង​ពុទ្ធសាសនបណ្ឌិត្យ គឺ​បណ្ដាញ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ នឹង​ថ្កោលទោស​ទាំង លោក មិន ឃិន លោក យ៉ែម បុញ្ញឫទ្ធិ និង​ជាពិសេស គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ការ​ធ្វើ​ធម្មយាត្រា​តវ៉ា​ជា​បន្តបន្ទាប់៖ «ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ឆ្លើយ​ប្រគេន​មក​ខាង​ព្រះសង្ឃ​ជា​តំណាង​ដែល​ជា​ព្រះសង្ឃ​ខ្មែរ​ថា សភា​ជា​អ្នក​ធ្វើ​ការ​ត្រួត​ពិនិត្យ​រឿង​ការ​សម្រេច​ចិត្ត​យ៉ាង​ណា ចាំ​ហៅ​រដ្ឋមន្ត្រី​មក​សួរ ទើប​មាន​ចម្លើយ។ ប្រសិន​រដ្ឋមន្ត្រី​ចូល​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​៩ នៅ​វិមាន​រដ្ឋសភា មិន​ការពារ​ពុទ្ធសាសនបណ្ឌិត្យ មហា​បាតុកម្ម​នឹង​កើត​ឡើង​សាជាថ្មី​ម្តង​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី លោក សេង សុមុនី អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​អ្នក​នាំ​ពាក្យ​ផ្នែក​ព្រះពុទ្ធ​សាសនា ចំពោះ​ការ​ទាមទារ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​តុលា។

យោង​តាម​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤ ឆ្លើយ​បំភ្លឺ​សាធារណជន ក្រសួង​ធម្មការ និង​សាសនា ថា គោលការណ៍​ចំពោះ​មុខ និង​ទៅ​ថ្ងៃ​អនាគត វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​តែ​រក្សា​ទុក​សម្រាប់​ដំណើរ​ការងារ​របស់​ខ្លួន និង​ពុំ​មាន​គំនិត​គិតគូរ​ដល់​ការ​វិនិយោគ ឬ​លក់​ដូរ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។