ក្រសួង​បញ្ជា​ឱ្យ​ចៅហ្វាយខេត្ត​ចាត់ការ​សំណង់​ខុសច្បាប់​ក្រោយ​ការ​បាក់​រលំ​អគារ​

ដោយ អាស៊ីសេរី
2019-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​គម្រោង​អភិវឌ្ឍន៍​អគារ​ស ប៊ូឌីង នា​ទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​គម្រោង​អភិវឌ្ឍន៍​អគារ​ស ប៊ូឌីង នា​ទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo: RFA

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ក្រុង មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​សាងសង់ និង​ម្ចាស់​សំណង់​ដែល​មិន​អនុវត្ត​តាមច្បាប់ និង​លក្ខណៈ​បច្ចេកទេស​។ សង្គម​​​ស៊ីវិល​យល់ថា សេចក្ដី​ណែនាំ​នេះ​ទំនងជា​គ្មាន​ប្រសិទ្ធភាព​ឡើយ ដោយសារតែ​អំពើពុករលួយ​នៅតែ​ចាក់ស្រេះ​ក្នុង​សង្គម​ខ្មែរ។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា ស្នើ​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ចាត់ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​សាងសង់​ណា​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង និង​ចំពោះ​ម្ចាស់​សំណង់​ទាំងឡាយ​ណា ដែល​ដំណើរការ​ការដ្ឋាន​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក ជា សុផារ៉ា បញ្ជាក់​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៣ កក្កដា​ថា ចំណាត់ការ​នេះ​គឺ​ដើម្បី​ធានា​ការងារ​សំណង់ ធានា​គុណភាព និង​សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នកប្រើប្រាស់ និង​សាធារណជន ព្រមទាំង​ធានា​គណនេយ្យភាព និង​ប្រសិទ្ធភាព​នៃ​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់។

ក្រសួង​រៀបចំ​ដែនដី​ដាក់​ចេញ​នូវ​បញ្ជា​នេះ​រយៈពេល ១​ខែ ក្រោយ​មាន​ហេតុការណ៍​បាក់​រលំ​អគារ​ដែល​សាងសង់​ខុសច្បាប់​នៅ​ខេត្ត​ព្រះសីហនុ បណ្តាល​ឱ្យ​កម្មករ​ខ្មែរ​ចំនួន ​២៨នាក់​​បាត់​បង់ជីវិត និង​ ២៦នាក់​​ផ្សេងទៀត​រង​របួស។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា វិធានការ​របស់​ក្រសួង​នេះ ហាក់​យឺត​ពេល​បន្តិច​ទៅ​ហើយ ពីព្រោះ​សំណង់​ខុសច្បាប់​បាន​កើត​ឡើង​ស្ទើរ​គ្រប់​ទី​កន្លែង ហើយ​ពលរដ្ឋ​រាប់​សិប​នាក់ ក៏បាន​ស្លាប់ និង​រងរបួស ដោយសារតែ​ប្រភេទ​សំណង់​ខុសច្បាប់​នេះ​ដែរ​។ លោក​យល់ថា បទបញ្ជា​របស់​ក្រសួង​នៅ​ពេល​នេះ ទំនងជា​ដើម្បី​ស្រោចស្រង់​មុខ​មាត់​​របស់​មន្ត្រី​ជំនាញ ដែល​អសកម្ម​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​សំណង់​ខុសច្បាប់​នា​ពេល​កន្លង​មក៖ «ទីមួយ​ដោយសារតែ​មន្ត្រី​គាត់​ខ្លាច​អំណាច​របស់​អ្នក​សាងសង់ ឬក៏​ក្រុមហ៊ុន​សាងសង់​។ ទី​ពីរ ក៏​អាច​ថា ជា​ការ​ទទួល​បាន​ផលប្រយោជន៍​ណាមួយ បិទ​ភ្នែក បិទមាត់​ទៅ មិន​និយាយ​ស្តី។ វា​ជា​ទម្រង់​មួយ​នៃ​អំពើពុករលួយ ឬក៏​គេ​ហៅថា​ជា​ប្រភេទ​បទល្មើស​វីតិក្រម​។ អ៊ីចឹង​នេះ​គឺជា​ទម្រង់​ដែល​នាំ​ឱ្យ​មាន​។សំណង់​ខុសច្បាប់​ដែរ»

កាល​ពី​ដើម​ខែ​កក្កដា កន្លង​ទៅ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ផ្អាក​សំណង់​អាគារ​ចំនួន​៣ ក្នុងចំណោម ​៥អាគារ ដែល​ត្រូវ​បាន​រក​ឃើញ គ្មាន​ច្បាប់​អនុញ្ញាត និង​សាងសង់​ខុស​បច្ចេកទេស​។ អគារ​​ទាំងនោះ​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ទី​ដែល​មាន​ហេតុការណ៍​បាក់​រលំ​អាគារ​ក្រុមហ៊ុន​ចិន កាលពី​ចុងខែ​មិថុនា​កន្លងទៅ​។ ទោះជា​យ៉ាងណា សង្គម​ស៊ីវិល​ជឿជាក់​ថា មាន​សំណង់​អគារ​​ជា​ច្រើន​ផ្សេងទៀត​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ហើយ​ដែល​ក្រសួង​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព​គ្នា។

អ្នកនាំពាក្យ​សមាគម ​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា សម្ដែង​ការ​សោកស្ដាយ​ដែល​កម្ពុជា​មាន​ច្បាប់​គ្រប់គ្រង​ការសាងសង់ ក៏ប៉ុន្តែ​មិន​ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​ទៅ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ដោយសារតែ​អំពើពុករលួយ។ លោក​បន្ត​ថា លោក​មិន​សូវ​មាន​ជំនឿ​លើ​បទបញ្ជា​របស់​ក្រសួង​ដែនដី​នេះ​ឡើយ ពីព្រោះ​កន្លងមក​អាជ្ញាធរ​រដ្ឋាភិបាល​ធ្លាប់​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​តឹងរ៉ឹង​ជាច្រើន​ដើម្បី​ទប់ស្កាត់​ទង្វើ​ល្មើសច្បាប់ ក៏ប៉ុន្តែ​បទបញ្ជា​ទាំងនោះ​មានតែ​នៅ​លើ​ក្រដាស ខ្វះ​ការអនុវត្ត​ជាក់ស្ដែង។ លោក​បន្ថែម​ថា បើ​ក្នុង​ករណី​ក្រសួង​រក​ឃើញ​សំណង់​ខុសច្បាប់​នៅ​តាំង​ណាមួយ ក្រសួង​ក៏​ត្រូវ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​ដែល​ទទួលខុសត្រូវ​នៅ​ទីនោះ​ផង​ដែរ ព្រោះ​បើ​គ្មាន​ការ​បើកដៃ​ពី​មន្ត្រី​ទាំង​នោះ​ទេ សំណង់​អាគារ​ខុសច្បាប់​ប្រាកដជា​មិន​អាច​កើតមានឡើង​នោះ​ឡើយ៖ «ខ្ញុំ​ពិបាក​នឹង​ជឿ​ដែរ នៅ​ពេល​ដែល​យើង​គ្រាន់តែ​ចេញ​នូវ​ឯកសារ ឬក៏​លិខិត​ដែល​យើង​ធ្លាប់​ឃើញ​កន្លងមក​នោះ គឺ​លិខិត​មួយ​ចំនួន​មានតែ​នៅ​លើ​ក្រដាស ហើយ​ការអនុវត្ត​ហ្នឹង​អត់​មាន​ប្រសិទ្ធភាព​។ អ៊ីចឹង ខ្ញុំ​ក៏​អត់​ទាន់​ហ៊ាន​ថា តើ​រឿង​ហ្នឹង​វា​ទៅជា​យ៉ាងម៉េច​ដែរ​។ យើង​នឹង​បន្ត​ការ​តាមដាន​អំពី​ការអនុវត្ត​ទៀត ហើយ​យើង​សង្ឃឹមថា ការអនុវត្ត​ហ្នឹង​នឹង​អាច​ធ្វើ​ទៅ​បាន​ល្អ​ប្រសើរ។ ចៀសវាង យើង​កុំ​បណ្ដែតបណ្ដោយ​រហូតដល់​មានការ​បាត់បង់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​យើង​បន្ត​ទៀត»

ទន្ទឹម​នឹង​ការ​ស្នើ​ឱ្យ​ក្រសួង​ពង្រឹង​ការអនុវត្ត​ច្បាប់ ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី ពិនិត្យមើល​ឡើងវិញ​ចំពោះ​នីតិវិធី​សុំច្បាប់​សាងសង់ ហើយ​បើ​រក​ឃើញ​ថា នីតិវិធី​នោះ​មាន​​ភាព​ស្មុគស្មាញ ក្រសួង​គួរតែ​កែ​លម្អ​ចំណុច​ទាំងនោះ​វិញ។ លើស​ពី​នេះ​ទៅ​ទៀត សង្គម​ស៊ីវិល​ក៏​ស្នើ​ឱ្យ​ក្រសួង​ធ្វើ​យ៉ាងណា​ធានា​ថា មន្ត្រី​របស់​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​វិស័យ​​សំណង់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល