ធនាគារបដិសេធការមិនចាយក្រដាសប្រាក់ដុល្លារមួយចំនួន
2013.03.10

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACLEDA) លោក អ៊ិន ចាន់នី បញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ ខែមីនា ថា ប្រាក់ដុល្លារក្រដាស ៥០ និង ១០០ ផលិតនៅក្នុងឆ្នាំ២០០៩ នៅតែដំណើរការជាធម្មតានៅតាមទីផ្សារ និងធនាគារក្នុងស្រុក និងក្រៅស្រុក ហើយមិនមានការប្រកាសណាមួយជាផ្លូវការថា មិនចាយវាយក្រដាសប្រាក់ប្រភេទ ៥០ និង ១០០ដុល្លារ ដែលបោះពុម្ពឆ្នាំ២០០៩ នោះទេ។
លោក អ៊ិន ចាន់នី៖ «អត់មានអ៊ីចឹងទេ គេនៅចាយធម្មតាតើ! ចរាចរណ៍ដដែល ហើយខ្ញុំនៅបាងកកនេះ ខ្ញុំក៏នៅមានក្រដាសដូរបង់ (ធនាគារ) នៅថៃបាន ដោយសារខ្ញុំចេញមកក្រៅប្រទេស ៧ ទៅ ៨ថ្ងៃ ហើយខ្ញុំអត់ឮព័ត៌មានអ៊ីចឹងទេ។ មុនចេញមកក៏អត់ឮអ៊ីចឹងដែរ ហើយឥឡូវហ្នឹង ខ្ញុំកំពុងមានក្រដាស ១០០ដុល្លារ ហើយខ្ញុំដូរបានអ៊ីចឹងទៀត អត់មានព័ត៌មានអ៊ីចឹង»។
ប៉ុន្មានថ្ងៃនេះមានប្រជាពលរដ្ឋមួយចំនួនយកប្រាស់ដុល្លារសន្លឹក ៥០ និង ១០០ ផលិតនៅឆ្នាំ២០០៩ ទៅដូរនៅកន្លែងប្ដូរប្រាក់ ឬធ្វើចរាចរណ៍នៅតាមទីផ្សារ ប៉ុន្តែត្រូវបានបដិសេធមិនទទួល ដោយអ្នកខ្លះអះអាងថា លុយទាំងនោះគេមិនចាយ ហើយអ្នកខ្លះថា លុយនោះជាលុយរបស់ក្រុមចោរប្លន់នៅបរទេស ទើបក្លាយជាពាក្យចចាមអារ៉ាមពីមួយទៅមួយ។
ជុំវិញបញ្ហានេះ អគ្គនាយកធនាគារជាតិនៃកម្ពុជា លោកស្រី ងួន សុខា បញ្ជាក់ថា ធនាគារជាតិមិនទាន់មានសេចក្ដីថ្លែងការណ៍ណាមួយជុំវិញពាក្យចចាមអារ៉ាមនៅឡើយ។ ប៉ុន្តែធនាគារជាតិមិនមានឯករាជភាព ឬគ្របដណ្ដប់ទៅលើក្រដាសប្រាស់ដុល្លារ គឺអាចតែគ្របដណ្ដប់ក្រដាសប្រាក់រៀលប៉ុណ្ណោះ។
ទោះជាយ៉ាងណា ចរាចរណ៍សាច់ប្រាក់ដុល្លារនៅក្នុងស្រុកមានច្រើន ដូច្នេះលោកស្រី ងួន សុខា ថា ករណីនេះអាចនឹងមានការត្រួតពិនិត្យ ឬចាត់វិធានការយ៉ាងណានោះទៅតាមទំហំជាក់ស្ដែង។ ប៉ុន្តែដោយសារមន្ត្រីរាជការឋិតក្នុងថ្ងៃសម្រាកនៅឡើយ ម្យ៉ាងមិនទាន់មានសេចក្ដីណែនាំពីមន្ត្រីដឹកនាំជាន់ខ្ពស់ដូច្នេះអ្វីៗឋិតនៅជាស្ងប់ស្ងាត់សិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។