កម្ពុជា​ស្នើ​សុំ​ជប៉ុន​ជួយ​ផ្ដល់​ម៉ាស៊ីន​ត្រួតពិនិត្យ​គ្រឿង​ញៀន​នៅ​ច្រក​ព្រំដែន​ជាប់​ប្រទេស​ឡាវ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​បាន​ស្នើ​សុំ​ភាគី​ជប៉ុន​ ឱ្យ​ផ្ដល់ ម៉ាស៊ីន​មួយ​គ្រឿង​សម្រាប់​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​នៅ​តាម​ច្រក​ព្រំដែន​ប្រទេស​ឡាវ​ ជាប់​នឹង​ខេត្ត​ស្ទឹង​ត្រែង​ដោយសារតែ​ គ្រឿង​ញៀន​កំពុង​ត្រូវ​បាន​ជនល្មើស​ ដឹក​ចូល​តាម​ច្រក​នេះ​​មក​ប្រទេស​កម្ពុជា​ ដើម្បី​នាំ​ទៅ​កាន់​ប្រទេស​ទី​បី។​

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​​ក្រសួង​មហាផ្ទៃ​លោក​ គៀត ច័ន្ទថារិទ្ធ​ ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃទី​៤​ វិច្ឆិកា​ ថា​ ប្រទេស​ជប៉ុន​គ្រោង​នឹង​ជួយ​ផ្ដល់​ម៉ាស៊ីន​ស្កេន​ចំនួន​ ៦​ដាក់​នៅ​តាម​តំបន់​ព្រំ​ដែន​គោក​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប នៅ​ពេល​ខាង​មុខ​នេះ​ ដោយ​សារ​តែ​ជប៉ុន​បាន​ទៅ​ពិនិត្យ​ព្រំ​ដែន​ សង្កេត​ឃើញ​ថា​ នៅ​តាម​ច្រក​ព្រំ​ដែន​មួយ​ចំនួន​មិន​មាន​ម៉ាស៊ីន​ស្កេន​​ សម្រាប់​អ្នក​ដំណើរ​ឆ្លង​ដែន​ និង​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ តាម​ព្រំ​ដែន​គោក​ក្នុង​ប្រទេស​កម្ពុជា​។​

លោក​ថា​ លោក​បាន​ស្នើ​សុំ​ដល់​ភាគី​ជប៉ុន​ឱ្យ​ផ្ដល់​ ម៉ាស៊ីន​ស្កេន​ ១​គ្រឿងផ្សេង​ទៀត​​ សម្រាប់​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ នៅ​ច្រក​ព្រំ​ដែន​ត្រពាំង​គ្រៀល​ មាន​ទី​តាំង​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ជាប់​នឹង​ប្រទេស​ឡាវ​ ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​ថ្នាំ​ ញៀន​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា៖​«​បាទ​យើង​ដឹង​ហើយ​ថា​​ ទិស​ហ្នឹង​យើង​ត្រូវ​តែ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ ជា​ពិសេស​ក្រសួង​មហាផ្ទៃ​ដឹក​នាំ​ដោយ​សម្ដេច​ស ខេង​ នៅ​ក្នុង​យុទ្ធនាការ​​គឺ​យើង​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​រឿង​ហ្នឹង»។

ការ​ស្នើ​សុំ​ម៉ាស៊ីន​ស្កេន​ សម្រាប់​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ ឆ្លង​ដែន​ នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​គ្នា​មួយ​រវាង​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​លោក​ គៀត ច័ន្ទថារិទ្ធ​ និង​លោក​ យូ ស៊ីគី យូកូយ៉ាម៉ា(Yoshiki Yokoyama) លេខាទី​១​ ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​នៃ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នៅ​ឯ​ក្រសួង​ការ​បរទេស​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​តុលា។​

លោក​ គៀត ច័ន្ទថារិទ្ធ​ បញ្ជាក់​ថា​ ភាគី​ជប៉ុន​ នឹង​ទទួល​យក​សំណើ​របស់​កម្ពុជា ដើម្បី​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​នឹង​សម្រេច​ ដោយ​សារ​តែ​ម៉ាស៊ីន​នេះ​ មាន​តម្លៃ​ថ្លៃ។​

ទាក់​ទិន​ និង​បញ្ហា​គ្រឿង​ញៀន​នេះ​ អគ្គ​ស្នងការ​រង​ទទួល​បន្ទុក​គ្រឿង​ញៀន​ លោក​ ម៉ក់ ជីតូ​ មាន​ប្រសាសន៍​ថា​ គ្រឿង​ញៀន​ ត្រូវ​បាន​ឈ្មួញ​ជួញដូរ​ យក​ពី​តំបន់​ត្រី​កោណ​មាស​ ដោយ​ឆ្លង​កាត់​ប្រទេស​ឡាវ​ និង​​ដឹក​​ចូល​មក​ប្រទេស​កម្ពុជា​តាម​ព្រំ​ដែន​គោក​។​

លោក​ថា​ ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០២០​ សមត្ថកិច្ច​ចាប់​បាន​ឈ្មួញ​ជួញ​ដូរ​ថ្នាំ​ញៀន​ ចំនួន​២២​នាក់ និង​គ្រឿង​ញៀន​ជិត​៣​តោន​។​​ភាគ​ច្រើន​ឈ្មួញ​ជួញ​ដូរ​ថ្នាំ​ញៀន​គឺ​ជា​ជនជាតិ​ចិន​តៃវ៉ាន់​ ដែល​បាន​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​ពី​ប្រទេស​ឡាវ​ ឆ្លង​កាត់​កម្ពុជា​ រួច​បន្ត​ដំណើរ​ទៅ​ប្រទេស​តៃវ៉ាន់៖«​ ៨០​ ទៅ​៩០ % ​ គឺ​មក​តាម​ផ្លូវ​គោក​ កាត់​តាម​ភូមា​ មក​ឡាវ​ និង​មក​កម្ពុជា។​អញ្ចឹង​ពេល​ដែល​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ ផលិត​ទៅ​វា​ពិបាក​បញ្ចេញ​គ្រឿង​ញៀន​ហ្នឹង​វា​សល់​ច្រើន។​ដល់​សល់​ច្រើន​វា​រក​កន្លែង​សម្រុក​ចេញ​ ចឹង​បាន​ថា​ ចេញ​ម្ដង​ច្រើន​រយ​គីឡូក្រាម​ ហើយ​ដោយ​សារ​តែ​តម្លៃ​ផលិត​របស់​វា​ហ្នឹង​ តម្លៃ​ដើម​វា​រាង​ថោក​បន្តិច​។ប៉ុន្តែ​តម្រូវ​ទី​ផ្សារ​នៅ​បណ្ដា​ប្រទេស​ធំៗ​ដូច​ជា​នៅ​អាមេរិក​ អូស្ត្រាលី​ តៃវ៉ាន់​ គឺ​ថា​ វា​នៅ​តែ​ធំ»។

សមត្ថកិច្ច​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី ​២៩​ ខែ​តុលា​កន្លង​ទៅ​ បាន​ចាប់​ខ្លួន​មនុស្ស​ប្រមាណ​ជាង ​៣៧​ នាក់​​ក្នុង​មួយ​ថ្ងៃ​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ចំនួន​ ​១៦​ករណី​នៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ក្នុង​ចំណោម​នោះ​មាន​ជន​សង្ស័យ​ ៣៣​ នាក់​ត្រូវ​ឃាត់​ខ្លួន​ ក្នុង​បទ​ល្មើស​គ្រឿង​ញៀន។​​

​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បាន​ឲ្យ​ដឹងថា​ នៅក្នុង​ឆមាសទី១ ​ឆ្នាំ​២០២០ ​នេះ​ សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​​ចំនួន​ជាង​៥​ពាន់​ករណី (​៥.៤៦៣​ករណី)​ គឺ​បាន​កើន​ឡើង​​ចំនួន​ជាង​ ១​ពាន់​ករណី (១.២៨៨​ករណី)​ ស្មើ​នឹង​ជាង​ ៣០​ភាគរយ ​(៣០.៨ភាគរយ)​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។