សមត្ថកិច្ចចាប់ខ្លួនមនុស្សចំនួនជាង៥០នាក់ក្នុងមួយថ្ងៃក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។មន្ត្រីសង្គមស៊ីវិលថាបញ្ហាគ្រឿងញៀនបានបង្កផលលំបាកដល់សង្គមខ្មែរ ជាពិសេសយុវជនដែលជាធនធានដ៏សំខាន់សម្រាប់ប្រទេស នឹងត្រូវបំផ្លាញ បើរដ្ឋាភិបាលមិនបានទប់ស្កាត់អោយមានប្រសិទ្ធភាព។
មន្ត្រីសង្គមស៊ីវិលបានសំដែងការភ្ញាក់ផ្អើលនៅពេលដែលឃើញរបាយការណ៍ពីចំនួនមនុស្ស ជាច្រើននាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនក្នុងប្រទេសកម្ពុជា ក្នុងមួយថ្ងៃ។
អនុប្រធានផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំ សំអាត មានប្រសាសន៍ថា បញ្ហាគ្រឿងញៀន នៅតែជាក្តីកង្វល់ខ្ពស់ដដែល នៅក្នុងប្រទេសកម្ពុជា បើទោះបីជាអាជ្ញាធរ មានការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ក៏បញ្ហានេះនៅតែកើតមានឡើងដដែល។
លោកថា បញ្ហាគ្រឿងញៀននេះបានវាយលុកស្ទើរតែគ្រប់ទីកន្លែង មិនថាទីក្រុង ឬជនបទទេ ហើយវាបានបង្កផលលំបាកដល់សង្គមខ្មែរ ជាពិសេសយុវជនដែលជាធនធានដ៏សំខាន់សម្រាប់ប្រទេស នឹងត្រូវបំផ្លាញ បើរដ្ឋាភិបាលមិនបានទប់ស្កាត់អោយមានប្រសិទ្ធភាពនោះទេ។៖« ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះវាទាមទារឱ្យមានការ តាំងចិត្តខ្ពស់ក្នុងការបង្ក្រាបនឹងការទប់ស្កាត់ ដោយមិនមានការយោគយល់ទេ ទោះបីជាអ្នក ជួញដូរគ្រឿងញៀនហ្នឹងមានឋានន្តរសក្ដិប៉ុណ្ណាក៏ដោយ ក៏ត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់នឹងបង្ក្រាបចាប់ខ្លួនទៅផ្ដន្ទាទោសទៅតាមផ្លូវច្បាប់»។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានផ្សាយថា កាលពីថ្ងៃទី២៤ តុលា ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន៥៣នាក់។ក្នុងនោះមានស្ត្រី៣នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ ករណីនៅទូទាំងប្រទេសកម្ពុជា។
ក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនទាំងនោះ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២៩នាក់ និងអ្នកប្រើប្រាស់ចំនួន២៤ នាក់។ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននៅតាមបណ្តាខេត្តផ្សេងៗ ដែលរួមមាន៖ខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ កណ្ដាល ស្វាយរៀង និងខេត្តសៀមរាប។
អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកគ្រឿងញៀន លោក ម៉ក់ ជីតូ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា បញ្ហាជួញដូរគ្រឿងញៀននៅទូទាំងសកលលោក ទាំងការដឹកជញ្ជូន ការជួញដូរ និងការកែច្នៃ មិនមានការថយចុះទេ។
លោកថា ការកើនឡើងនៃការជួញដូរគ្រឿងញៀននេះ ដោយសារតែស្ថានភាពបញ្ហាកូវីដ នៅតាមព្រំដែនត្រូវបានបិទ ហើយការដឹកជញ្ជូនតាមជើងយន្តហោះមិនអាចកើតមានឡើងទេ ហេតុដូច្នេះហើយបានជាធ្វើអោយឧក្រិដ្ឋជនបានបង្វែរមកដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និងតាមកញ្ចប់ប្រៃសណីយ៍ ម្តងវិញ។លោកបន្ថែមថា ឧក្រិដ្ឋជនបាននាំយកគ្រឿងញៀន ពីប្រទេសភូមា និងប្រទេសឡាវ ដោយឆ្លងកាត់ប្រទេសកម្ពុជា ក្នុងបំណងនាំទៅកាន់ប្រទេសទី៣។៖«ចឹងពេលដែលពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ផលិតទៅពិបាកបញ្ចេញ វាសល់ច្រើន ។ដល់សល់ច្រើនវារកកន្លែងសម្រុកចេញ ចឹងបានថា វាចេញម្តងច្រើនរយគីឡូក្រាមតែម្តង ហើយសារវាច្រើនអញ្ចឹងតម្លៃផលិតដើមរបស់វានឹងគឺថោក។ប៉ុន្តែតម្រូវទីផ្សារនៅតាមបណ្តាប្រទេសធំៗដូចជានៅអាមេរិក អូស្ត្រាលី កោះតៃវ៉ាន់ គឺថា វានៅតែធំ អញ្ចឹងបានជាពួកគេខឹតខំ។នៅយើងនេះលក់ថោក ហើយរុញទៅទីនោះវាថ្លៃ ចឹងហើយបានប្រឹងប្រែងណាស់»។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ សមត្ថកិច្ចឲ្យដឹងថាក្នុងរយៈពេលជាង៩ខែឆ្នាំ២០២០ មានជនជាតិចិនជាង២០០នាក់ ត្រូវចាប់ខ្លួននៅក្នុងខេត្តព្រះសីហនុ ក្នុងសំណុំរឿងផ្សេងៗគ្នា ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនខុសច្បាប់ ចាប់ជំរិត ចោរកម្ម និងការប្រើប្រាស់អំពើហិង្សា ទៅលើជនជាតិចិនដូចគ្នា។
នាយកដ្ឋានប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៥ តុលា បានផ្សាយនៅក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ និងខេត្តព្រះវិហារ បានចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ចំនួន ៤នាក់នៅក្នុងទីតាំងផ្សេងៗ គ្នា។ក្រោយពីបាននាំយកគ្រឿងញៀនពីប្រទេសឡាវ ឆ្លងចូលមកប្រទេសកម្ពុជា តាមព្រំដែនខេត្តព្រះវិហារ។
បុរសជនជាតិចិនទាំង ៤នាក់នោះមានបំណងនាំយកគ្រឿងញៀនទាំងនោះមកលក់ដូរនៅក្នុងទៅក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។
ក្នុងចំណោមគ្រឿងញៀនដែលសមត្ថកិច្ចចាប់បាននោះ មានប្រភេទ ហេរ៉ូអ៊ីន (Heroin) ប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ប្រភេទអ៊ិចស្តាស៊ី និងញៀនកេតាមីន (Ketamine) ក្រៅពីនោះសារធាតុផ្សំ អេតាណុល ចំនួន ៣៧ប៊ីដុង មានទម្ងន់ ៧០៣គីឡូក្រាម។
តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង៥ពាន់ករណី (៥.៤៦៣ករណី) គឺបានកើនឡើងចំនួនជាង ១ពាន់ករណី (១.២៨៨ករណី) ស្មើនឹងជាង ៣០ភាគរយ (៣០.៨ភាគរយ) បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
