ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (អេ.ឌី.ប៊ី = ADB) នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៩ ខែ​មេសា បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា នៅ​រក្សា​ភាព​រឹងមាំ​នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ នៅ​គ្រា​ដែល​ទីផ្សារ​ធំ​របស់​កម្ពុជា នៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក កំពុង​តែ​ល្អ​ប្រសើរ​ឡើង ប៉ុន្តែ​អត្រា​កុមារ​ខ្វះ​ជីវជាតិ នៅ​តែ​ជា​ការ​គំរាម​សំខាន់​ក្នុង​រយៈពេល​វែង ដែល​ត្រូវ​ការ​អភិវឌ្ឍ​បន្ថែម។
ដោយ សុខ សេរី
2013.04.09
Share on WhatsApp
Share on WhatsApp
ភិធឺ ប្រីមប៊ូល (Peter Brimble) ៣០៥ អនុប្រធាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (អេ.ឌី.ប៊ី = ADB) នៅ​កម្ពុជា លោក ភិធឺ ប្រីមប៊ូល (Peter Brimble) ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Sok Serey

ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​យូ.អិន.ឌី.ភី (UNDP) កន្លង​មក បាន​រក​ឃើញ​ថា កុមារ​កម្ពុជា មួយ​ចំនួន​នៅ​តាម​ជនបទ ខ្វះ​ជីវជាតិ​មិន​អាច​ធំធាត់​បាន​ឡើយ។

មន្ត្រី​ជំនាញ​សេដ្ឋកិច្ច​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ប្រទេស​កម្ពុជា បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​កើន​ដល់​ចំនួន ៧,២% នៅ​ឆ្នាំ​២០១៣ និង​កើន​ដល់​ចំនួន ៧,៥% នៅ​ឆ្នាំ​២០១៤។

មូលហេតុ​មួយ​ចំនួន​ដែល​ញ៉ាំង​ឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា បន្ត​រឹងមាំ និង​ស្វាហាប់​នោះ គឺ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា។ វិស័យ​នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​រីក​ធំធាត់​ចំនួន ១០,៥% នៅ​ឆ្នាំ​២០១៣ នៅ​ខណៈ​ដែល​សហភាព​អឺរ៉ុប ត្រូវ​ការ​ផលិតផល​របស់​កម្ពុជា កើន​ឡើង​ក្នុង​ល្បឿន​ថេរ។ ចំណែក​ឯ​ការ​ដឹក​ជញ្ជូន​សម្លៀកបំពាក់ និង​ខោអាវ​កីឡា​ទៅ​សហរដ្ឋ​អាមេរិក ទំនង​ជា​ថយ​ចុះ នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​វា​នឹង​ហក់​ឡើង​ខ្ពស់​ក្រោយ​ពី​នេះ។

មូលហេតុ​មួយ​ទៀត​នោះ គឺ​ថា​លំហូរ​នៃ​វិនិយោគទុន​បរទេស​ដោយ​ផ្ទាល់​មក​ប្រទេស​កម្ពុជា បាន​កើន​ដល់​ចំនួន ៧៥% ស្មើ​នឹង ១,៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។

អនុប្រធាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ប្រទេស​កម្ពុជា លោក ភិធឺ ប្រីមប៊ូល (Peter Brimble) បាន​មាន​ប្រសាសន៍​ថា នា​ពេល​អនាគត​ឆាប់ៗ​នេះ កម្ពុជា នឹង​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​ចំណូល​មធ្យម មិន​មែន​ចំណូល​ទាប​ដូច​ពេល​មុន​ឡើយ នៅ​ក្នុង​រយៈពេល ២ ឬ ៣​ឆ្នាំ​ទៀត​នេះ៖ «ការ​លូតលាស់​សេដ្ឋកិច្ច ការ​ប្រឈម​មុខ​នានា នៅ​តែ​មាន​នៅ​ឡើយ ដូច​ជា តម្លៃ​ចរន្ត​អគ្គិសនី​ខ្ពស់ អំពើ​ពុក​រលួយ និង​តម្លៃ​ដឹក​ជញ្ជួន​ខ្ពស់ និង​ការិយាធិបតេយ្យ​ជាដើម»

ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ចំនួន ៧,២% នៅ​ឆ្នាំ​២០១៣ គឺ​ខុស​គ្នា​បន្តិចបន្តួច​ពី​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​មីនា កន្លង​ទៅ​នេះ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៣ គឺ​ចំនួន ៧,៣%។

ទាក់ទង​នឹង​ការ​ព្យាករ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នេះ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ហង់ ជួនណារ៉ុន បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​យក​ការ​ព្យាករ​នេះ​ថា ជា​ការ​ព្យាករ​សមរម្យ​ខុស​គ្នា​បន្តិចបន្តួច​ពី​តួលេខ​របស់​រដ្ឋាភិបាល៖ «ធម្មតា ជា​ការ​ព្យាករ ឬ​ជា​ការ​គណនា​តែង​តែ​មាន​អីចឹង​ហើយ សូម្បី​នៅ​ក្នុង​កិច្ច​ប្រជុំ​ធំៗ​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ធនាគារ​ពិភពលោក ឬ​មួយ​ក៏​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) គឺ​ធ្វើ​ការ​វាយ​តម្លៃ​សេដ្ឋកិច្ច​ពិភពលោក​ខុសៗ​គ្នា​អីចឹង​ដែរ»

ទាក់ទង​នឹង​ស្ថានភាព​ក្រីក្រ​នៅ​កម្ពុជា ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ចុះ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១០ កន្លង​ទៅ​នេះ​ថា ភាព​ក្រីក្រ​នៅ​កម្ពុជា គឺ​ចំនួន ៤៧% នៅ​ឆ្នាំ​១៩៩៣ បាន​ធ្លាក់​ចុះ​មក​ចំនួន ៣០% នៅ​ឆ្នាំ​២០០៧។

ភាព​ក្រីក្រ​នៅ​កម្ពុជា នៅ​ឆ្នាំ​២០០៩ គឺ​ចំនួន ២៧,៤% បាន​ធ្លាក់​ចុះ​មក​ចំនួន ២៦% នៅ​ឆ្នាំ​២០១០ ហើយ​រដ្ឋាភិបាល​មាន​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ​មក​ចំនួន ១៩, ៥% នៅ​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។