ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ឃែនធើរេន រិះគន់​ថា ក្រសួង​ការងារ​មិន​អើពើ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់

0:00 / 0:00

កម្មករ កម្មការីនី​រោង​ចក្រ​កាត់ដេរ​សំលៀក​បំពាក់ ឈ្មោះ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ជាង ៣០០នាក់ នៅ​រាជធានី​ភ្នំពេញ បន្ត​ប្ដូរ​វេន​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ដេក​យាម​សម្ភារៈ​នៅ​ខាង​មុខ​រោងចក្រ​អស់​រយៈ​ពេល ១ខែ​មក​ហើយ ដោយសារ​តែ​ថៅកែ​រោងចក្រ​មួយ​នេះ បាន​រត់​ចោល​កម្មករ ទាំង​មិន​បាន​ដោះ​ស្រាយ​ប្រាក់​ឈ្នួល​ជូន​ពួក​គាត់។

ក្រុម​កម្មករ ក៏​បាន​បន្ត​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី៣១ ឧសភា នេះ​ទៀត សុំ​ពន្លឿន​នីតិវិធី​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ឆាប់។ ពួក​គាត់​រិះគន់​ថា ក្រសួង​ការងារ​ហាក់​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​រក​យុត្តិធម៌​ជូន​ពួក​គាត់​នោះ​ទេ ដែល​ធ្វើ​ឱ្យ​កម្មករ​រាប់​រយ​នាក់​ប្រឈម​នឹង​បញ្ហា​ជីវភាព​គ្រួសារ និង​បញ្ហា​ជំពាក់​បំណុល​ធនាគារ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សាកសួរ​បន្ថែម​ពី​ការ​ដាក់​ញត្តិ​របស់​ក្រុម​កម្មករ​ទាំង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣១ ឧសភា។

កម្មការី​ម្នាក់​លោកស្រី ហឿន អៀម ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ចាប់​តាំង​ពី​ក្រុម​ថៅកែ​រោងចក្រ ឃែនធើរេន អឹភែរឹល ខេមបូឌា បាន​លា​ឈប់​ពី​ការងារ​កាល​ពី​ចុង​ខែមេសា ក្រុម​កម្មករ​បាន​នាំ​គ្នា​ដើរ​ថ្មើរ​ជើង​ពី​ផ្លូវ វេង ស្រេង ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​ការងារ​ចំនួន ៣ដងហើយ។ ប៉ុន្តែ មក​ដល់​ពេល​នេះ លោកស្រី​ថា ក្រសួង​ការងារ ហាក់​មិន​បាន​ខ្វាយខ្វល់ ក្នុង​ការ​ជំរុញ​ឱ្យ​ក្រុម​ថៅកែ​ទាំង​នេះ ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​នោះ​ទេ។

លោកស្រី​បារម្ភ​ថា បើ​វិវាទ​ការងារ​នេះ បន្ត​អូស​បន្លាយ​ពេល​ទៀត ក្រុម​កម្មករ​នឹង​មិន​អាច​ទៅ​រក​ការងារ​ថ្មី​បាន​នៅ​កន្លែង​បាន​ឡើយ។ លោកស្រី បញ្ជាក់ កម្មករ​មួយ​ចំនួន​ទៀត ក៏​គ្មាន​ប្រាក់​សម្រាប់​បង់​ធនាគារ​ប្រចាំ​ខែ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ពី​សំណាក់​ម្ចាស់​បំណុល៖ «»។

លោកស្រី ហឿន អៀម បន្ថែម​ថា ភាគី​ថៅកែ​មិន​ចរចា ជាមួយ​កម្មករ​នោះ​ទេ ហើយ​ក្រសួង​ការងារ ក៏​បាន​ជំរុញ​ថៅកែ​ទាំង​នោះ​ឱ្យ​មក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដែរ។ លោកស្រី​ឱ្យ​ដឹង​ថា បើ​ភាគី​ថៅកែ​គ្មាន​ទទួល​ខុស​ត្រូវ​បែប​នេះ ក្រសួង​ការងារ​បាន​ជំរុញ​ឱ្យ​កម្មករ បន្ត​នីតិវិធី​តាម​ផ្លូវ​តុលាការ​វិញ។

ក្រុម​កម្មករ​ថា ក្រោយ​ពី​ក្រុម​និយោជក​បាន​ដាក់​ពាក្យ​លា​ឈប់​ពី​ការងារ​នៅ​រោងចក្រ ឃែនធើរេន អឹភែរឹល ខេមបូឌា ក្រុម​ថៅកែ​ទាំង​នោះ បាន​ចូល​បម្រើ​ការងារ​នៅ​សាខា​ថ្មី​ស្ថិត​នៅ​សង្កាត់​ទួលពង្រ គឺ ក្រុមហ៊ុន ខ្វលីធីត្សេកស្ទីល (Quality Textiles Co.,LTD) ដោយ​មិន​ខ្វល់​ពី​ការ​ដោះ​ស្រាយ​ប្រាក់​ឈ្នួល​កម្មករ​ឡើយ។ ក្រុម​កម្មករ​ថា កន្លងមក ក្រុមហ៊ុន​មួយ​នេះ បាន​រំលោភ សិទ្ធិ​កម្មករ​ជា​ច្រើន ក្នុង​នោះ​ថៅកែ បាន​បង្ខំ​ឱ្យ​កម្មករ​ធ្វើ​ច្រើន​ម៉ោង​ទាំង​មិន​បាន​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ។ មក​ដល់​ពេល​នេះ ប្រាក់​អតីតភាព​ការងារ ប្រាក់​ប្រចាំ​ខែឧសភា និង​ប្រាក់​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ ក្រុមហ៊ុន​មួយ​នេះ នៅ​ទាន់​ទទួល​ខុស​ត្រូវ​លើ​កម្មករ ដែល​នៅ​សល់​ជាង ៣០០នាក់​នោះ​ដែរ៕