ក្រុមហ៊ុន​កាស៊ីណូ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ព្រម​ផ្តល់​សំណង​ដល់​បុគ្គលិក ក្រោយ​មាន​ការ​ប្តឹងផ្តល់

ដោយ មួង ណារ៉េត
2022-01-14
Share
ក្រុមហ៊ុន​កាស៊ីណូ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ព្រម​ផ្តល់​សំណង​ដល់​បុគ្គលិក ក្រោយ​មាន​ការ​ប្តឹងផ្តល់
Photo Provided

ក្រុមហ៊ុន​កាស៊ីណូ​ចិន ឌឹសិនជូរី (the Century) ព្រម​ផ្តល់​សំណង​ដល់​បុគ្គលិក ក្រោយ​មានការ​ប្តឹងផ្តល់​រឿង​មិន​ព្រម​ដោះស្រាយ​បញ្ហា​នេះ។ តំណាង​សហជីព​សាទរ​ចំពោះ​លទ្ធផល​នេះ ព្រោះ​បុគ្គលិក​ដែល​ក្រុមហ៊ុន​បញ្ឈប់ សុខចិត្ត​ទទួលយក​សំណង ស្រប​ពេល​ដែល​បុគ្គលិក​មួយចំនួន​ទៀត​យល់​ព្រម​ចូល​ធ្វើ​ការ​វិញ​។ ទោះបីយ៉ាង​ណា​សហជីព​ថា យន្តការ​ដោះស្រាយ​វិវាទ​ការងារ​នេះ នៅ​មាន​ភាព​ឆក​ល្វែង​ច្រើន​នៅ​ឡើយ។

មន្ត្រី​សហជីព​ឯករាជ្យ ថា ដំណោះស្រាយ​សំណង​ដល់​បុគ្គលិក ក្រុមហ៊ុន​កាស៊ីណូ​ចិន ឌឹសិនជូរី នៅ​ក្រុង​​ព្រះសីហនុ​នោះ សមរម្យ​ល្មម អាច​ទទួល​យក​បាន ដោយសារតែ​បុគ្គលិក ដែល​រង​​ផលប៉ះពាល់ ស្រុះស្រួល​គ្នា​ព្រម​ទទួលយក​សំណង​នោះ ដើម្បី​បញ្ចប់​រឿង។

ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា​លោក ម៉ម រិទ្ធី ដែល​បញ្ជូន​មន្ត្រី​ច្បាប់​មួយ​រូប ដើម្បី​អម​តំណាង​បុគ្គលិក នៅក្នុង​ការ​រក​ដំណោះស្រាយ​វិវាទ​ការងារ ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​យប់​ថ្ងៃទី​១៣ ខែ​មករា ថា​លោក​រីករាយ​ដែល​ភាគី​ថៅកែ​ក្រុមហ៊ុន តាមរយៈ​ការ​សម្របសម្រួល​របស់​មន្ទីរ​ការងារ​ខេត្ត យល់ព្រម​អនុវត្ត​ច្បាប់​ការងារ ដើម្បី​ទូទាត់​សំណង​ដល់​បុគ្គលិក​ទៅតាម​ទំហំ​នៃ​ការ​ខូចខាត៖ «បើ​យើង​និយាយ​ពី​ដំណោះស្រាយ វា​ល្អ​ចូល ៨០%​ហើយ ដោយសារតែ​កម្មករ​មួយចំនួន គាត់​ត្រូវ​បាន​ទទួល​ការងារ​ថៅកែ​ហៅ​ចូល​ធ្វើការ​វិញ។ អ្នក​មួយចំនួន​ទៀត គាត់​ត្រូវ​បាន​ទទួល​សំណង​ទៅតាម​ផ្លូវច្បាប់​។ យើង​ឃើញថា​ចំនួន​លុយ​ហ្នឹង បើ​ទូទាត់​តែ​ផ្លូវច្បាប់​នៅពេល​ជំនាន់​កូវីដ​នេះ យើង​ឃើញថា​ច្រើនជាង​កន្លែង​ដទៃ​។ កន្លែង​ដទៃទៀត អត់​គុណ​អត់​ទូទាត់​បែប​នេះ​ទេ។ នៅ​កន្លែង​នេះ​យើង​ប្តឹង​ទាមទារ​ទៅ​ថៅកែ​ហ្នឹង យើង​ទាមទារ​បាន​លុយ​ជូនដំណឹង លុយ​ជំងឺ​ចិត្ត​អី​ទាំងអស់​។ ដូច្នេះហើយ​លុយ​គាត់​កើន​ចំនួន​ច្រើន»

កម្មករនិយោជិត​ជាង ១០០​នាក់ ដែល​តំណាង​ដោយ​កញ្ញា ហ៊ឹម ហេង កញ្ញា ស្រ៊ី ស្រីលាង និង​លោក រី រ៉ែន បាន​ដាក់​ពាក្យ​ប្តឹង កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ ២០២១ សុំ​ឲ្យ​ក្រសួង​ការងារ ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ អនឡាញ ឌឹសិនជូរី ដោះស្រាយ​បញ្ហា​ការងារ​ជូន​បុគ្គលិក ព្រោះ​ជាង​បី​ខែ​មក​ហើយ គ្មាន​ដំណឹង​អ្វី​សោះ​ពី​ក្រុមហ៊ុន ថា​តើ​ក្រុមហ៊ុន​នេះ​បើក​ឬ​បិទ​ឲ្យ​ពិតប្រាកដ​។ ក្រុម​បុគ្គលិក​លើកឡើង​ក្នុង​បណ្តឹង​នោះ ថា​ភាព​មិន​ច្បាស់​លាស់ និង​គ្មាន​ដំណោះស្រាយ​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​របស់​កម្មករនិយោជិត​យ៉ាងធ្ងន់ធ្ងរ។

មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ បាន​ចាត់ការ​បណ្តឹង​នោះ កាលពី​ថ្ងៃទី១២ ខែ​មករា ហៅ​ភាគី​ក្រុមហ៊ុន​តំណាង​ដោយ​លោក​មេធាវី ថន យូសៀង និង​ខាង​កម្មករ​តំណាង​ដោយ​កញ្ញា ហ៊ឹម ហេង និង​កញ្ញា ស្រ៊ី ស្រីលាង ចូល​ជួប​ដោះស្រាយ។

ជា​លទ្ធផល​ភាគី​និយោជក និង​និយោជិត​ព្រមព្រៀង​ផ្តល់​សំណង​ពេញ ដល់​បុគ្គលិក​ដែល​ក្រុមហ៊ុន​បញ្ឈប់ ឬ​មិន​រើស​ឲ្យ​ចូល​ធ្វើ​ការ​វិញ​។ ដោយឡែក បុគ្គលិក​ដែល​ក្រុមហ៊ុន​រើស​ចូល​ធ្វើ​ការ​វិញ តែ​សម្រេច​មិន​ចូល​ធ្វើ​ការ ក្រុមហ៊ុន​ទុក​ពេល​ឲ្យ​ពួកគាត់ ១៤​ថ្ងៃ រហូតដល់​ថ្ងៃទី២៦ ខែ​មករា។ បើ​រហូត​ដល់​ថ្ងៃ​កំណត់​នោះ ពួកគាត់​នៅតែ​សម្រេច​មិន​ចូល​ធ្វើ​ការ​វិញ ក្រុមហ៊ុន​ចាត់ទុកថា​ពួកគាត់​បោះបង់​ចោល​ការងារ និង​មិន​បាន​ទទួល​ប្រាក់​សំណង ដូច​អ្នក​ដែល​ក្រុមហ៊ុន​បញ្ឈប់ ឬ​មិន​ហៅ​ឲ្យ​ចូល​ធ្វើការ​វិញ​នោះ​ឡើយ។

ក្រុមហ៊ុន​បន​ល្បែង​អនឡាញចិន ឌឹសិនជូរី ដែល​មាន​ទីតាំងនៅ​ក្រុងព្រះសីហនុ​នេះ មាន​បុគ្គលិក​សរុប ៤៣៧ នាក់​។ កាលពី​ចុងខែ​កញ្ញា ឆ្នាំ ២០២១ បុគ្គលិក​ទាំងអស់​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ស្លាប់​ម្នាក់​។ ទោះបី​បុគ្គលិក​កំពុង​ឆ្លង​ជំងឺ​ពេញ​កាស៊ីណូ​នៅ​ពេល​នោះ ក៏​ពួកគាត់​ត្រូវ​បង្ខំ​ឲ្យ​បន្ត​ធ្វើការ រហូត​អាជ្ញាធរ​ខេត្ត​នេះ បញ្ជា​ឲ្យ​បិទ​បណ្ដោះអាសន្ន ដើម្បី​ស៊ើបអង្កេត​។ បុគ្គលិក​ដែល​ឆ្លង​ជំងឺ​ត្រូវ​បន្ត​សម្រាក​ព្យាបាល​នៅ​ទីតាំង​កាស៊ីណូ។ បន្ទាប់មក​ក្រសួង​តម្រូវ​ឲ្យ​ពួកគាត់ ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត​តាម​ផ្ទះ​។ ប៉ុន្តែ មុន​ពេល​ទៅ​ធ្វើ​ចត្តាឡីស័ក​នោះ ក្រុមហ៊ុន​បាន​តម្រូវ​ឲ្យ​បុគ្គលិក​ដាក់ពាក្យ​លាឈប់​ពី​ការងារ។

បុគ្គលិក​ដែល​គ្មាន​តំណាង​សហជីព ដែល​ស្មានថា​ការ​ដាក់​ពាក្យ​លាឈប់​នោះ ជា​នីតិវិធី​ធ្វើ​ចត្តាឡីស័ក ក្រោយ​មក​កើត​ការ​សង្ស័យ ថា​ចាញ់បោក​ក្រុមហ៊ុន ក៏​ទៅ​សុំ​ដក​ពាក្យ​នេះ​វិញ​។ ប៉ុន្តែ តំណាង​ក្រុមហ៊ុន​ថា បាត់​ក្រដាស​នេះ​អស់ហើយ​។ ជាច្រើន​ខែ​មក​ទៀត ពួកគាត់​នៅ​បន្ត​អត់​ការងារ​ធ្វើ និង​គ្មាន​ការ​ជូនដំណឹង​អ្វី​សោះ​ពី​ក្រុមហ៊ុន​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​នេះ​បាន​លួច​បើក​ដំណើរការ​ឡើងវិញ ដោយ​ហៅ​បុគ្គលិក​ចាស់ៗ និង​ថ្មី​ខ្លះ​ចូល​ធ្វើ​ការ​ស្ងាត់ៗ ដោយ​ផាត់​ចោល​បុគ្គលិក​ជាច្រើន​ទៀត​។ ដោយ​យល់​ឃើញ​ថា ក្រុមហ៊ុន​គេចវេស មិន​ចង់​ដោះស្រាយ​បញ្ហា​កម្មករ ពួក​កម្មករ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួង​ការងារ កាលពី​ចុង​ខែ​ធ្នូ​នោះ។

ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី ដែល​តាមដាន​រឿង​នេះ​យ៉ាង​ដិតដល់ នៅតែ​ហួសចិត្ត​នឹង​របៀប​ធ្វើការ​របស់​ក្រសួង​ការងារ ដែល​មិន​ចាត់​ការ​ធ្វើ​អធិការកិច្ច និង​ដោះស្រាយ​បញ្ហា​ជូន​កម្មករ ដែល​គ្មាន​សហជីព​តំណាង ឲ្យ​បាន​សមស្រប និង​ទាន់​ពេល​វេលា គឺ​ចាំ​ទាល់តែ​ពួកគាត់​ដាក់ពាក្យ​ប្តឹង ទើប​ចាត់ការ បើទោះ​បី​ជា​ដឹង​ថា​បញ្ហា​នេះ កើតមាន​តាំងពី​ថ្ងៃ​ដំបូង ពេល​ផ្ទុះ​ករណី​កូវីដ​នៅ​ក្រុមហ៊ុន​នេះ​មក​ម្ល៉េះ៖ «រឿង​ទាំង​អស់​វា​គួរតែ​ក្រសួង​ឬ​មន្ទីរ ត្រូវ​ចុះ​អធិការកិច្ច ដើម្បី​ជួយ​ទៅដល់​កម្មករ វា​មិន​ចាំបាច់​ត្រូវ​មាន​បណ្តឹង ឬមួយ​មាន​អ្នក​សហជីព​ដូចជា​ពួក​ខ្ញុំ​អី ដើម្បី​ទៅ​ជួយ​កម្មករ​ទេ​។ វា​ត្រូវតែ​ក្រសួង​ដែល​ជា​អាណាព្យាបាល​ហ្នឹង ព្យាយាម​ជួយ​កម្មករ​ជំនួស​អ្នក​សហជីព​។ បើ​មិន​ដូច្នេះ​ទេ វា​បាត់​កាតព្វកិច្ច​ជា​អ្នក​ដែល​ការពារ​ប្រជាជន ការពារ​កម្មករ​ហើយ​។ យើង​ឃើញថា​ករណីនេះ ទាល់​រហូត​មាន​ពាក្យ​បណ្តឹង​មានអី បាន​មាន​ការ​គិត​តាម​ប្រព័ន្ធ​ផ្លូវច្បាប់​ហ្នឹង​ឡើងវិញ ខ្ញុំ​គិតថា​វា​មិនមែន​ជា​គំរូ​ល្អ​ទេ»

ឥឡូវ​ទោះជា​មាន​ដំណោះស្រាយ​ខ្លះ ជុំវិញ​បញ្ហា​ការងារ​នេះ​ក្ដី ក៏​អាជ្ញាធរ​ក្រុងព្រះសីហនុ នៅ​មិន​ទាន់​បញ្ចេញ​របាយការណ៍​នៃ​លទ្ធផល​នៃ​ការស៊ើបអង្កេត ទៅលើ​ការ​បើក​បន​ល្បែង​កាស៊ីណូ​អនឡាញ ឌឹសិនជូរី នេះ​នៅឡើយ​។ បុគ្គលិក​ដែល​បាន​ចូល​ធ្វើការ​វិញ​នៅ​ទីនោះ ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ថា កាស៊ីណូ​នេះ នៅតែ​បើក​ដំណើរការ​បន​ល្បែង​អនឡាញ​។ ល្បែង​អនឡាញ​នេះ រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា​ល្បែង​ខុសច្បាប់ និង​ហាមឃាត់​តាំងពី​ឆ្នាំ​២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល