សហជីព​សេរី​កម្មករ​គ្រោង​ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា​គម្រប់​ខួប​១៤​ឆ្នាំ​ដល់​លោក ជា វិជ្ជា

ដោយ អាស៊ីសេរី
2018-01-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​សំណាក​របស់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ជិត​វត្ត​លង្កា រូប​ថត​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
រូប​សំណាក​របស់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ជិត​វត្ត​លង្កា រូប​ថត​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

សហជីព​សេរី​កម្មករ គ្រោង​រៀបចំ​ពិធី​ជួបជុំ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព គម្រប់​ខួប​១៤​ឆ្នាំ។

លិខិត​របស់​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្នកស្រី ទូច សើ ជូន​ដំណឹង​ពី​ការ​ជួបជុំ​នេះ​ទៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៥ មករា ឲ្យ​ដឹងថា ពិធី​ជួបជុំ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ មករា ឆ្នាំនេះ គម្រោង​មាន​អ្នកចូលរួម​ប្រមាណ​១៥០​នាក់ ដែលជា​ក្រុមគ្រួសារ សាច់ញាតិ មិត្ត​ភ័ក្ដិ ថ្នាក់​ដឹកនាំ​សមាជិក​សហជីព​សេរី​កម្មករ នៅ​ទី​តម្កល់​រូបសំណាក​លោក ជា វិជ្ជា ខាងមុខ​វត្ត​លង្កា។

លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ល្បីឈ្មោះ​ខាង​ទាមទារ​ផលប្រយោជន៍​ជូន​កម្មករ ត្រូវបាន​ឃាតក​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤។

ជុំវិញ​សំណុំរឿង​បាញ់សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បីឈ្មោះ​នេះ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ឃាតកម្ម​លោក ជា វិជ្ជា និង​មេ​សហជីព​ពីររូប​ផ្សេងទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​នៅ​មិនទាន់មាន​ពន្លឺ​នៃ​ការស៊ើបអង្កេត​នៅឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​ថ្លែង​ថា ក្រសួង​នៅតែ​បន្ត​សំណុំ​រឿងនេះ​ជានិច្ច​ដរាបណា​មិនទាន់​ចាប់​ជនល្មើស​បាន

ភរិយា​លោក ជា វិជ្ជា គឺ​លោកស្រី ជា គឹមនី តែង​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការស៊ើបអង្កេត​រក​មុខ​ឃាតក និង​អ្នក​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​ស្វាមី​អ្នកស្រី ដែល​គិត​មកដល់​ឆ្នាំនេះ ១៤​ឆ្នាំ​ហើយ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល