បក្សប្រឆាំង និងអ្នកវិភាគ បារម្ភពីចិនប្រើប្រាស់ឥទ្ធិពលក្នុងក្រសួងអប់រំតាមរយៈការបង្កើតបណ្ណាល័យឌីជីថលប្រឆាំងគ្រឿងញៀន

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង និងអ្នកវិភាគសង្គមបារម្ភពីប្រទេសចិន កំពុងតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន នៅក្នុងក្រសួងអប់រំ និងក្រសួងមហាផ្ទៃ តាមរយៈបង្កើតបណ្ណាល័យឌីជីថល (Digital) ប្រឆាំងគ្រឿងញៀន។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថា ការបង្កើតបណ្ណាល័យនេះ គឺដើម្បីពង្រីកការផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន ឲ្យកាន់តែទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ប្រទេសចិនមួយរយៈចុងក្រោយនេះ មិនត្រឹមតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនចូលជ្រៀតជ្រែកក្នុងរឿងនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនតាមរយៈ ការផ្ដល់ជំនួយ ដើម្បីបង្កើតបណ្ណាល័យឌីជីថល (Digital) នៅកម្ពុជាថែមទៀតផង។លោកថា ជំនួយរបស់ប្រទេសចិនកន្លងមក នឹងបង្កឲ្យមានការព្រួយបារម្ភខ្លាំងអំពីអព្យាក្រឹតភាពរបស់កម្ពុជា៖ «យើងមានការព្រួយបារម្ភ ចំពោះជំនួយទាំងឡាយរបស់ចិន ពីព្រោះវាខ្លាចជំនួយនេះ វាក្លាយទៅជាចំណងសម្រាប់ឲ្យកម្ពុជាប្រឈម ជាមួយនឹងប្រទេសនានាជាមិត្ត ហើយធ្វើឲ្យកម្ពុជាបាត់បង់អព្យាក្រឹតភាព»។
ក្រសួងអប់រំ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃគ្រោងនឹងបង្កើតបណ្ណាល័យឌីជីថល (Digital) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខណៈគ្រឿងញៀនកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា។
អ្នកស្រី សឿ សុជាតា រដ្ឋលេខាធិការក្រសួងអប់រំ និងតំណាងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាលោក លី ជីញហ្វីង បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី២៦ តុលា នៅឯស្ថានទូតចិន ជុំវិញគម្រោងបង្កើតបណ្ណាល័យឌីជីថល (Digital) នៅកម្ពុជា។
គេហទំព័ររបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្សាយថា នៅក្នុងជំនួបនោះប្រទេសចិនមានគម្រោងបង្កើតបណ្ណាល័យឌីជីថល ប្រឆាំងគ្រឿងញៀន សម្រាប់ពង្រីកការផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន ឲ្យកាន់តែទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។
ក្រោយពីជំនួបនោះ ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្ដារនីតិសម្បទា របស់ក្រសួងមហាផ្ទៃលោក លឹម តុងហួត មានប្រសាសន៍ថា ការបង្កើតបណ្ណាល័យនេះឡើងគឺបានកើតឡើងក្រោយពីជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយនឹងថ្នាក់ដឹកនាំចិនមួយចំនួន។ លោកថា ប្រទេសចិនបានផ្ដល់ថវិកាចំនួន ៥ម៉ឺនដុល្លារ ដើម្បីឲ្យបង្កើតបណ្ណាល័យឌីជីថល (Digital)នេះឡើង។
ទាក់ទិនរឿងនេះ អ្នកវិភាគនយោបាយដែលកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ បញ្ជាក់ថា ប្រព័ន្ធឌីជីថល (Digital) ជាផ្នែកមួយនៃការគ្រប់គ្រងសន្តិសុខជាតិរដ្ឋាភិបាលត្រូវគ្រប់គ្រងដោយខ្លួនឯងមិនត្រូវឲ្យប្រទេសចិនគ្រប់គ្រងទេ។
លោកថា ប្រសិនបើកាលណាបើរដ្ឋាភិបាលបណ្ដោយឲ្យរដ្ឋបរទេស បង្កើតបណ្ដាញឌីជីថល (Digital) ដោយដៃរបស់គេផ្ទាល់នៅកម្ពុជា នោះមានន័យថា ស្មើនឹងអ្នកដឹកនាំនៅលក់ប្រព័ន្ធសន្តិសុខជាតិដល់រដ្ឋបរទេស ហើយប្រទេសចិនមានជំនាញច្បាស់លាស់នៅក្នុងការគ្រប់គ្រងផ្នែកឌីជីថល (Digital) ទៀតផង៖ «របៀបនេះស្មោះនឹងហែក បេះដូងសន្តិសុខខ្មែរ ឲ្យចិនដឹងផង យួនដឹងផង ហើយគ្រួសារខ្មែរមួយនគរ មើលទៅលែងមានអ្វីសម្ងាត់នៅចំពោះមុខចិន និងយួនទៀតហើយ។ អាចនិយាយបានថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ បើផ្នែកសន្តិសុខជាតិណាមិនមែននៅក្រោមការគ្រប់គ្រងរបស់យួន គឺនៅក្រោមចិន ហើយបើត្រង់ណាមិនមែននៅក្រោមចិន គឺនៅក្រោមយួនជាអ្នកគ្រប់គ្រង»។
ពាក់ព័ន្ធនឹងការចោទប្រកាន់ពីអ្នកវិភាគនេះ អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន តែលោកមិនលើកទូរស័ព្ទ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេបូចា (CamboJA) លោក ណុប វី មានប្រសាសន៍ថា លោកមិនមានការព្រួយបារម្ភថា ប្រទេសចិន លួចយកព័ត៌មានពីរឿងសន្តិសុខជាតិនោះទេ។ ដោយសារតែបណ្ណាល័យឌីជីថល (Digital) គឺបង្កើតឡើងជាសាធារណៈ ដែលមនុស្សទូទៅអាចសិក្សាស្រាវជ្រាវបាន។
លោកថា នេះជាចំណុចវិជ្ជមានទៅវិញទេ ដែលប្រទេសចិន និងកម្ពុជាអាចសហការគ្នាបានពាក់ព័ន្ធនឹងការលុបបំបាត់គ្រឿងញៀននៅកម្ពុជា៖ «អ្វីដែលជាការគាំទ្ររបស់ប្រទេសចិន ខ្ញុំមើលឃើញថា វាអាចជាការដែលអាចធ្វើឲ្យ មានទំនាក់ទំនងល្អរវាងក្រសួងមហាផ្ទៃ ជាមួយប្រទេសចិនទៅវិញទេ។ នេះជាចំណុចមួយដែលកើតចេញពីការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីព្រោះខ្ញុំមើលថា ជានិច្ចកាល ប្រទេសចិនក្លាយជាប្រទេសមួយ ដែលសំខាន់ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ ចំពោះការផ្ដួចផ្ដើម ក្នុងការអភិវឌ្ឍន៍គម្រោងផ្សេងៗនៅក្នុងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ»។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះសមត្ថកិច្ច កាលពីថ្ងៃទី២៩ តុលា បានចាប់ខ្លួនមនុស្សប្រមាណជាង ៣៧នាក់ក្នុងមួយថ្ងៃ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណីនៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្នុងចំណោមមនុស្ស ៣៧នាក់ មានមនុស្ស ៥នាក់ត្រូវឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌចំនួន ៥ករណី និងជនសង្ស័យ៣៣នាក់ទៀត ត្រូវឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន។
សមត្ថកិច្ចកាលពីថ្ងៃទី២៤ តុលាកន្លងទៅនេះ បានចាប់ខ្លួនមនុស្សប្រមាណជាង ៥០នាក់ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនផងដែរ។ ក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនទាំងនោះ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២៩នាក់ និងអ្នកប្រើប្រាស់ចំនួន ២៤នាក់។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននៅតាមបណ្ដាខេត្តផ្សេងៗ ដែលរួមមាន ខេត្តបាត់ដំបង កំពង់ចាម កំពង់ស្ពឺ កណ្ដាល ស្វាយរៀង និងខេត្តសៀមរាប។ សមត្ថកិច្ចឲ្យដឹងថា ក្នុងរយៈពេលជាង ៩ខែឆ្នាំ២០២០ មានជនជាតិចិនជាង ២០០នាក់ ត្រូវចាប់ខ្លួននៅក្នុងខេត្តព្រះសីហនុ ក្នុងសំណុំរឿងផ្សេងៗ គ្នា ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនខុសច្បាប់ ចាប់ជំរិត ចោរកម្ម និងការប្រើប្រាស់អំពើហិង្សា ទៅលើជនជាតិចិនដូចគ្នាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។