ជនជាតិចិន បានសម្រុកចូលមកខេត្តព្រះសីហនុវិញហើយ នៅដើមខែមិថុនានេះ។ ស្របពេល ដែលជនជាតិចិនសម្រុកចូលមកកម្ពុជាវិញនេះ នៅប្រទេសចិនឯណោះ ក៏កំពុងផ្ទុះជំងឺកូវីដ១៩ (Covid-19) ឡើងវិញដែរ។ ពលរដ្ឋ និងសង្គមស៊ីវិល នៅខេត្តព្រះសីហនុ ជំរុញឲ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យលើជនជាតិទាំងនោះ ឲ្យបានដិតដល់ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា។
មន្ត្រីនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ថា រយៈពេល ២០ថ្ងៃមកនេះ ជនជាតិចិន បានវិលត្រលប់មកខេត្តព្រះសីហនុ ១.០៦៦នាក់ ភាគច្រើនគឺជាអ្នកជំនួញចាស់ៗ ដែលធ្លាប់រកស៊ីនៅខេត្តព្រះសីហនុ មុនពេលផ្ទុះជំងឺកូវីដ១៩ នាពេលកន្លងមក។
លោក អះអាងថា អាជ្ញាធរ បានអនុវត្តតាមចំណាត់ការរបស់ក្រសួងសុខាភិបាល ជានិច្ច ចំពោះការមកដល់របស់ជនជាតិចិន ដោយតម្រូវឲ្យធ្វើចត្តាឡឺស័ក និងយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ នៅក្រុងភ្នំពេញ។ ទោះជាយ៉ាងណា អ្នកនាំពាក្យសាលាខេត្តព្រះសីហនុរូបនេះ រំពឹងថា ការវិលត្រលប់មកវិញ របស់អ្នកវិនិយោគចិនទាំងនេះ នឹងធ្វើឲ្យខេត្តព្រះសីហនុ កាន់តែមានសក្ដានុពល ទាំងសេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្ម៖ « វាជាការរំពឹងទុកនេះ យើងរំពឹងថា នឹងមានភាពវិជ្ជមានទៅលើសក្ដានុពលការវិនិយោគ ជាពិសេសកំណើនសេដ្ឋកិច្ចទៅលើវិស័យទេសចរណ៍ និងឧស្សាហកម្ម ព្រោះភាគច្រើននៃក្រុមជនបរទេស ដែលលោកមករកស៊ីនៅខេត្តព្រះសីហនុហ្នឹង មុខព្រួញសំខាន់ គឺឧស្សាហកម្ម រោងចក្រ សហគ្រាស និងវិស័យទេសចរណ៍ហ្នឹងឯង»។
ផ្ទុយពីការរំពឹងនេះ ពលរដ្ឋ និងសង្គមស៊ីវិល នៅតែមានក្ដីបារម្ភចំពោះវត្តមានជនជាតិចិន ដ៏ច្រើន សម្រុកមកខេត្តខេត្តព្រះសីហនុ។
ពលរដ្ឋរស់នៅក្នុងស្រុកព្រះសីហនុម្នាក់ លោក រ៉ាត់ ណាក់ ប្រាប់ថា ចិនត្រលប់មកវិញ ក្នុងពេលជំងឺកូវីដ១៩មិនទាន់ស្ងប់នេះ ជាក្ដីបារម្ភ ព្រោះ ធ្លាប់មានបទពិសោធន៍ជនជាតិចិន មានផ្ទុកជំងឺកូវីដ១៩ នៅពេលមកលេងនៅខេត្តព្រះសីហនុ កាលលើកមុន។ ពលរដ្ឋរូបនេះ បន្តថា កម្មករ បុគ្គលិកកាស៊ីណូ ម្ចាស់ផ្ទះជួលខ្លះ អាចមានភាពល្អប្រសើរ នៅពេលចិនត្រលប់មកវិញ។ តែខាងពលរដ្ឋ ដែលមានអាជីវកម្មតូចតាច គឺលំបាក ហើយប្រឈមនឹងការបាត់បង់ការងារធ្វើ ដោយសារជនជាតិចិនខ្លះ មកដណ្ដើមមុខរបរ អ្នកខេត្តព្រះសីហនុ៖ « ផ្ទះសំណាក់ រោងចក្រ រោងអ្វី វាអាចល្អប្រសើរ តែសម្រាប់ប្រជាពលរដ្ឋប្រកបអាជីវកម្មហ្នឹង គឺមានផលលំបាកមែនទែន»។
អ្នកសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី សង្កេតឃើញថា ពលរដ្ឋនៅខេត្តព្រះសីហនុ ហាក់មានការខ្វល់ខ្វាយ និងព្រួយបារម្ភច្រើន ពីការវិលត្រលប់របស់ជនជាតិចិន ព្រោះពួកគេ ទទួលបានដំណឹងថា នៅប្រទេសចិន មានការផ្ទុះជំងឺកូវីដ១៩ ជាលើកទី២។
អ្នកស្រីបន្តថា ថ្វីត្បិតខាងអាជ្ញាធរ អះអាងពីការរឹតបន្តឹងការត្រួតពិនិត្យនៅវាលយន្តហោះក្តី ប៉ុន្តែ ចំពោះទីសាធារណៈ និងកន្លែងប្រជុំជន នៅខេត្តព្រះសីហនុ នៅតែមានភាពធូររលុង គ្មានការវាស់កម្ដៅ និងការសម្លាប់មេរោគនោះទេ។ ឯពលរដ្ឋខ្លះ មានភាពធ្វេសប្រហែល និងខ្លះទៀត ហាក់លែងខ្វាយខ្វល់ពីជំងឺនេះ ទៅហើយ៖ « អ៊ីចឹងនៅពេលដែលយើង អនុគ្រោះឲ្យគេ ( ជនជាតិចិន ) ចេញចូលមក ចរាចរណ៍ក្រៅប្រទេសចេញចូលមកកម្ពុជាវិញ យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងទីក្រុង ទាំងអ្នកនៅជនបទ និងតាមស្ថាប័នផ្សេងៗ ត្រូវតែចូលរួមវិធានការក្នុងការទប់ស្កាត់ការពារទាំងអស់គ្នា ព្រោះថា បើយើងធ្វេសប្រហែលតែបន្តិច វាអាចរលកថ្មីហ្នឹង កើតមានឡើង ព្រោះប្រទេសគេនៅមាននៅឡើយទេ ឃើញទេ»។
កាសែត china morning post រាយការណ៍ថា ទីក្រុងប៉េកាំងប្រទេសចិន កំពុងចាប់ផ្តើមផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ឡើងវិញ ដោយក្នុងមួយថ្ងៃមានអ្នកឆ្លងជិត ៤០នាក់។
ជនជាតិចិន បានសម្រុកចាកចេញពីខេត្តព្រះសីហនុ ដំបូង គឺនៅដើមខែកញ្ញា ឆ្នាំ២០១៩ ដោយសារ កាលណោះរដ្ឋាភិបាលប្រកាសបិទអាជីវកម្ម ល្បែងអនឡាញ (Game Online) ក្រោមហេតុផល ពង្រឹងសន្តិសុខ និង ការពារកុំឲ្យឧក្រិដ្ឋជនប្រព្រឹត្តអំពើទុច្ចរិត នៅកម្ពុជា។ ការចាកចេញរបស់ជនជាតិចិនកន្លងមកនេះ បានធ្វើឲ្យកម្មករក្នុងវិស័យកាស៊ីណូ យ៉ាងហោចណាស់ ៧.៧០០ នាក់ បាត់បង់ការងារធ្វើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។