មន្ត្រី​បក្ស​ប្រឆាំង​ថា​ ការ​ផ្ដល់​ជំនួយ​របស់​ចិន​ដល់​ខេត្ត​ព្រះសីហនុ​ និង​ធ្វើ​ឱ្យ​ចិន​អាច​​​រត់​ពន្ធ​ទំនិញ​ខុស​ច្បាប់​

0:00 / 0:00

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ថា​ លោក​ អ៊ូ ច័ន្ទប្ញទ្ធិ​ និយាយថា​ ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស​ចិន​ ដល់​​​ខេត្ត​ព្រះសីហនុ​ អាច​ធ្វើ​ឱ្យ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​​នេះ​បាត់​បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​ ហើយ​នៅ​ថ្ងៃ​អនាគត​អាច​ឱ្យ​ប្រទេស​ចិន​ប្រើ​ប្រាស់​ជា​ទីតាំង​រត់​ពន្ធ​ទំនិញ​ខុស​ច្បាប់៖​ «ការ​ផ្ដល់​បរិក្ខារ​បែប​ហ្នឹង​មក​ប្រទេស​កម្ពុជា​ ជា​បន្ត​បន្ទាប់ គឺ​ធ្វើ​ឱ្យ​ចិន​ធ្វើ​អី​ក៏​បាន​យក​ទឹក​ដី​ខ្មែរ​ ប្រើ​ប្រាស់​ប្រព្រឹត្តនូវ​បទ​​ល្មើស​ផ្សេងៗ​។​ ថ្ងៃ​ក្រោយ​អាច​ប្រើប្រាស់​កំពង់ផែ​ ព្រះ​សីហនុ​ទៅ​រត់​គ្រឿងញៀន​ ទៅ​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​ ហើយ​ខ្មែរ​អត់​ហ៊ាន​ជា​មួយ​គេទេ»។

ការ​លើក​ឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​ប្រទេស​ចិន​ បាន​ផ្ដល់​​គ្រឿង​បរិក្ខារ​ ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ដល់​ខេត្ត​​ព្រះសីហនុ។​

គេហទំព័រ​ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤​ វិច្ឆិកា​ថា​ សម្ភារៈ​បរិក្ខារ​ ដែល​ចិន​បាន​ផ្ដល់​ឱ្យ ​រួម​មាន​ អំពូល​សូឡា​ចំនួន​ ២.៨០០អំពូល​ ផ្ទាំង​កញ្ចក់​សូឡា​ចំនួន ​២០០ផ្ទាំង​ និង​ម៉ូតូ​ប្រើ​អាគុយ​ចំនួន​ ២០០​គ្រឿង​។​ សម្ភារៈ​ទាំង​នេះ​ នឹង​ត្រូវ​ដំឡើង​​នៅ​តាម​ទី​សាធារណៈ ដូច​ជា​សាលា​រៀន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​សារធាតុ​កាបូន​ និង​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ស្ដីពី​បរិស្ថាន​។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់​ទង​​ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ លោក​ លូ គឹមឈន់​ និង​លោក គួច ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ​ ដើម្បីសុំព័ត៌មានបន្ថែមជុំវិញរឿងនេះ តែ​មិន​អាច​ទាក់​ទង​បាន​ ដោយ​សារ​តែ​ពួក​លោក​មិន​លើក​ទូរស័ព្ទ​​។​

ប្រទេស​ចិន​កន្លង​មក​បាន​ផ្ដល់​ជំនួយ​​យោធា​ សាងសង់​កំពង់ផែ​រាម​ និង​សម្ភារៈ​ពេទ្យ​ជា​ច្រើន​ដល់​កម្ពុជា​។​ ប៉ុន្តែ​ជំនួយ​ទាំង​នោះ​ត្រូវ​មន្ត្រី​បក្ស​ប្រឆាំង​​មើល​ឃើញ​ថា​ របប​ក្រុង​ភ្នំពេញ​​បាន​លំអៀង​ទៅ​រក​ចិន​ ហើយ​ងាក​ខ្លួន​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ​​​​​​​​​​