កម្មករ​ប្រមូល​សំរាម​ស៊ីនទ្រី​ជាង ២ពាន់​នាក់​ចេញ​ធ្វើការ​វិញ ក្រោយ​ទទួល​បាន​ការ​ទូទាត់​ប្រាក់​អតីតភាព​ការងារ

ដោយ ទីន ហ្សាការីយ៉ា
2020-10-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី កំពុង​ប្រមូល​សំរាម​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២០។
កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី កំពុង​ប្រមូល​សំរាម​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

កម្មករ​ស៊ីនទ្រី ជាង ២ពាន់​នាក់ សម្រេច​វិល​ចូល​ធ្វើ​ការ​ប្រមូល​សំរាម​តាម​វេន​រៀងៗ ខ្លួន​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី១៤ តុលា ក្រោយ​ពី​ទទួល​បាន​ដំណោះស្រាយ​ជាក់​លាក់​មួយ​ពី​ខាង​ក្រុមហ៊ុន​ និង​សាលា​រាជធានី​ភ្នំពេញ។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក កើត​ឆែ និង​នាយក​រង​ក្រុមហ៊ុន​ស៊ីនទ្រី លោក សុខ​ ហួត យល់​ព្រម​តាម​សំណើ​របស់​ក្រុម​កម្មករ ដោយ​បញ្ចប់​កិច្ច​សន្យា​ការងារ​កម្មករ​ទាំង​អស់ នៅ​ចុង​ខែ​មករា​ឆ្នាំ​២០២១ ហើយ​ទូទាត់​បើក​ប្រាក់​បំណាច់​ និង​អតីតភាព​ការងារ​ផ្សេងៗ ឲ្យ​កម្មករ​នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ២០២១។

ក្នុង​កំណត់​ហេតុ​ដោះស្រាយ​ករណី​កូដកម្ម​ដែល​អាស៊ី​សេរី​ទទួល​បាន​ បញ្ជាក់​ថា ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ជា​អ្នក​ធានា​ចំនួន​ទឹក​ប្រាក់ ដែល​ត្រូវ​ទូទាត់ ដោយ​កាត់​យក​ពី​កញ្ចប់​ប្រាក់​សំណង​សម្រាប់​បញ្ចប់​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ស៊ីនទ្រី។

តំណាង​កម្មករ​ស៊ីនទ្រី លោក ឆែម បូណា ប្រាប់​អាស៊ី​សេរី​ថា កម្មករ​ទាំង​អស់ សប្បាយ​ចិត្ត​ទទួល​យក​ដំណោះ​ស្រាយ​លើក​ទី២ នេះ ដោយ​កាល​បរិច្ឆេទ​បើក​ប្រាក់​បំណាច់​ច្បាស់​លាស់​ពី​ខាង​ក្រុមហ៊ុន​និង​សាលា​ក្រុង។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ដែល​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី១៤ តុលា​ មាន​ប្រសាសន៍​ថា ដំណោះស្រាយ​លើក​ទី២ ដែល​លេច​ចេញ​ជា​ផ្លែ​ផ្កា​នេះ គឺ​ពិត​ជា​ធ្វើ​ឲ្យ​កម្មករ​ទាំង​អស់​ មាន​ទឹក​ចិត្ត​សប្បាយ​រីករាយ និង​ចូល​ធ្វើ​ការងារ​វិញ​ ដោយ​ពួកគាត់​នឹង​ទទួល​បាន​ប្រាក់​បំណាច់​ការងារ នៅ​ខែ​កុម្ភៈ ឆ្នាំ២០២១៖ «ខ្ញុំ​គិត​ថា​ដំណោះ​ស្រាយ​ថ្ងៃ​នេះ គឺ​ភាគី​ទាំង​អស់​អាច​ទទួល​បាន​ ជា​ពិសេស​គឺ​កម្មករ​ មើល​ទៅ​ទឹក​មុខ​គាត់​ញញឹម​ញញែម។ គាត់​ដឹង​ថា​ គាត់​នឹង​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ទូទាត់​អតីតភាព​ការងារ ក៏​ដូចជា​អត្ថប្រយោជន៍​ផ្សេងៗ នៅ​ក្នុង​សប្ដាហ៍​ទី២ ខែ​កុម្ភៈ ឆ្នាំ២០២១។ សូម្បី​តែ​ខ្ញុំ​ជា​តំណាង​ពួក​គាត់ ដែល​ចូល​រួម​ចរចា​ហ្នឹង គឺ​ខ្ញុំ​មាន​ការ​សប្បាយ​ដោយ​សារ​ដំណោះ​ស្រាយ​ថ្ងៃ​នេះ ខុស​ពី​លើក​មុន»

កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា ក្រុម​កម្មករ​ប្រមូល​សំរាម​ស៊ីនទ្រី​ជាង ១ពាន់ ២រយ​នាក់ ផ្ទុះ​ការ​តវ៉ា​មិន​ចូល​ធ្វើ​ការ ព្រោះ​ពួក​គាត់​បារម្ភ​ខ្លាច​បាត់បង់​ការងារ​ និង​មិន​ទទួល​បាន​អត្ថប្រយោជន៍​ការងារ នៅ​ពេល​មាន​ក្រុមហ៊ុន ៣ ដេញ​ថ្លៃ​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ស៊ីនទ្រី ក្នុង​សេវាកម្ម​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ នៅ​ពេល​ខាង​មុខ។

ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល ១២ថ្ងៃ ក្រុម​កម្មករ​ប្រកាន់​ជំហរ​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ការងារ និង​ប្រាក់​សំណង​បញ្ចប់​កិច្ច​សន្យា​ការងារ រួម​មាន ប្រាក់​បំណាច់​អតីតភាព ប្រាក់​សំណង​ជំងឺ​ចិត្ត ប្រាក់​ជួស​ការ​ជូន​ដំណឹង ប្រាក់​ខែ​ចុង​ក្រោយ និង​ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​នៅ​សល់។

ប្រាក់​ឈ្នួល​កម្មករ​បោស​សំរាម​តាម​ផ្លូវ​ក្នុង​ម្នាក់​ គឺ​ចន្លោះ​ពី ៦០ម៉ឺន​ដល់ ៧០ម៉ឺន​រៀល។ កម្មករ​កើប​សំរាម​ទទួល​បាន​ប្រាក់​ឈ្នួល​ ចាប់​ពី ៧០ម៉ឺន​ដល់ ៨០ម៉ឺន​រៀល ហើយ​អ្នក​បើក​ឡាន​ដឹក​សំរាម គឺ​ទទួល​បាន​ពី ២៥០ដុល្លារ​ដល់ ៣០០ដុល្លារ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ឲ្យ​ដឹង​ថា ឡាន​ដឹក​សំរាម​ជាង ៨០គ្រឿង រួម​នឹង​កម្មករ​ដើរ​តាម​ឡាន ចេញ​ប្រមូល​សំរាម​តាម​គោល​ដៅ​របស់​ខ្លួន​ គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​ដំណោះស្រាយ​នេះ ហើយ​ឡាន​ដឹក​សំរាម​ជាង ២០០​គ្រឿង​ទៀត នឹង​ចេញ​ធ្វើ​ការ​ប្រមូល​ជា​ធម្មតា​នៅ​ថ្ងៃ​បន្ទាប់។

ក្នុង​អំឡុង​ពេល​មាន​ជំនន់​ទឹក​ភ្លៀង​នេះ ក្រុម​កម្មករ​ស៊ីនទ្រី ​មិន​អាច​ប៉ាន់ស្មាន​ថា ពួក​គាត់​នឹង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ ទើប​​អាច​ប្រមូល​សំរាម​ដែល​រាយ​ប៉ាយ​តាម​ដង​ផ្លូវ​ឲ្យ​ហើយ​អស់​នោះ​ទេ ព្រោះ​កម្មករ​មួយ​ចំនួន​ មិន​ទាន់​ត្រឡប់​មកពី​ស្រុក​កំណើត​វិញ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល