បុគ្គលិកក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ជាង ១រយនាក់ ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ បានទទួលសំណងលើកទី១ ចំនួន ៥០% នៃប្រាក់សំណងការងាររួចហើយ ពីខាងក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ។
តំណាងបុគ្គលិកស៊ីនទ្រី លោក ចៅ ចាន់ណា ប្រាប់អាស៊ីសេរីថា បុគ្គលិកដែលមានគ្នាទាំង ១០៦នាក់ បានបើកប្រាក់សំណងពាក់កណ្ដាលនៃប្រាក់សរុបរួចរាល់ហើយ កាលពីថ្ងៃទី៣ មករា ដោយក្រុមហ៊ុនគិតទៅតាមច្បាប់ការងារ និងតាមចំនួនឆ្នាំធ្វើការនៃបុគ្គលិកម្នាក់ៗ។
លោកបន្តថា បុគ្គលិកទាំងអស់ អាចទទួលយកបានប្រាក់សំណងការងារនេះ បើទោះជាការគណនារបស់ក្រុមហ៊ុនមានការបាត់បង់ប្រាក់របស់បុគ្គលិកបន្តិចតួចក្ដី។ លោកបញ្ជាក់ថា ប្រាក់សំណង ដែលក្រុមហ៊ុនបើកឱ្យបុគ្គលិកត្រូវបញ្ឈប់ពីការងារនេះ ធ្វើឡើងជាលក្ខណៈឯកជនម្នាក់ៗ។
តំណាងរូបនេះ ឱ្យដឹងថា នៅដំណាច់ខែកុម្ភៈនេះ ខាងក្រុមហ៊ុននិងសាលារាជធានីភ្នំពេញ នឹងជូនដំណឹងដល់អតីតបុគ្គលិកម្ដងទៀត ចំពោះប្រាក់សំណងដែលនៅសល់ ៥០% ទៀត ថានឹងត្រូវបើកឱ្យពួកគាត់នៅពេលណា។
កាលពីដើមខែមករា បុគ្គលិកក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី បានផ្ទុះការតវ៉ាទាមទារឱ្យថៅកែបើកប្រាក់សំណងការងារ ក្រោយពេលក្រុមហ៊ុនសម្រេចបញ្ចប់កិច្ចសន្យាការងារពួកគេដោយគ្មានជូនឱ្យដឹងមុន។ ក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី បានទទួលសិទ្ធប្រមូលសំរាមផ្ដាច់មុខពីរដ្ឋាភិបាលចាប់តាំងពីឆ្នាំ១៩៩៦។ ថ្មីៗ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដកហូតសិទ្ធិធ្វើអាជីវកម្មប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រីបណ្ដោះអាសន្ន ក្រោមហេតុផលថា ដើម្បីជំរុញការធ្វើកំណែទម្រង់ការសម្អាតទីក្រុង ស្របពេលដែលពលរដ្ឋជាច្រើន រិះគន់ក្រុមហ៊ុននេះថា ប្រមូលសំរាមមិនបានស្អាតល្អ។
លោកក៏បានប្រគល់កិច្ចការនេះទៅឱ្យសាលារាជធានីភ្នំពេញ ទទួលខុសត្រូវក្នុងការគ្រប់គ្រងសម្ភារៈ និងបុគ្គលិកទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។