សង្គម​ស៊ីវិល​គាំទ្រ​វិធានការ​ច្បាប់​លើ​មន្ត្រី​សុរិយោដី​ពុករលួយ​នៅ​ខេត្ត​ពោធិ៍សាត់​ទាំង ​៣​រូប

ដោយ ជី វិតា
2019-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​កម្មវិធី​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​សិក្សា​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ដែល​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​សណ្ឋាន​គារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧។
លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​កម្មវិធី​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​សិក្សា​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ដែល​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​សណ្ឋាន​គារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

សង្គម​ស៊ីវិល​ដែល​ធ្វើការ​បំបាត់​អំពើពុករលួយ ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​លើ​មន្ត្រី​សុរិយោដី​នៅ​ខេត្ត​ពោធិ៍សាត់ ៣​រូប ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។ ពួកគេ​ក៏​បារម្ភ​អំពី​អំពើពុករលួយ ដែល​កើតឡើង​ដោយ​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ចំណោម​មន្ត្រី​ដែល​មាន​តួនាទី​សម្រេច​ចិត្ត ឬ​មន្ត្រី​ដែល​មាន​តួនាទី​ធ្វើ​កិច្ចការ​សាធារណៈ​។ ការ​​លើក​ឡើង​​នេះ បន្ទាប់​​ពី​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ ឃាត់ខ្លួន​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ៣​រូប ដែល​​ជាប់​​ពាក់ព័ន្ធ​​ករណី​​សង្ស័យ​​ទារ​​លុយ​ ១០​ម៉ឺន​​​ដុល្លារ ជា​​ថ្នូរ​​ចេញ​​លិខិត​​កាន់កាប់​​ដីធ្លី និង​​​ចេញ​​​ច្បាប់​​សាងសង់។

សង្គម​ស៊ីវិល​គាំទ្រ​វិធានការ​ច្បាប់​លើ​មន្ត្រី​សុរិយោដី​នៅ​ខេត្ត​ពោធិ៍​ ដែល​សង្ស័យ​​ពាក់ព័ន្ធ​​នឹង​​អំពើ​​ពុក​រលួយ ប៉ុន្តែ​​ពួក​គេ​​គ្មាន​​ជំនឿ​​លើ​​អង្គភាព​​ប្រឆាំង​អំពើពុករលួយ​ថា ​អាច​​លុប​បំបាត់​អំពើ​ពុក​រលួយ​​នេះ ​ដែល​​ស្ថិត​​ក្នុង​​កម្រិត​​ខ្ពស់​​នោះ​​ឡើយ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ លើកឡើង​ថា វិធានការ​ច្បាប់​លើ​មន្ត្រី​សុរិយោដី​នៅ​ខេត្ត​ពោធិ៍សាត់ ៣​រូប គឺ​គ្រាន់តែ​ជា​រឿង​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​នេះ គេ​មើល​ឃើញ​ថា មន្ត្រី​អនុវត្ត​ច្បាប់​ជាច្រើន តែងតែ​ឆ្លៀត​រក​ផលប្រយោជន៍​ពី​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា ជាក់ស្ដែង​ក្នុង​ស្ថានភាព​ដែល​វិស័យ​សំណង់​កំពុង​រីក​លូតលាស់​នេះ មន្ត្រី​អនុវត្ត​ច្បាប់​បាន​បង្កើត​ភាព​ស្មុគស្មាញ​ក្នុង​ការ​សុំច្បាប់​សាងសង់ ​ដើម្បី​​ជា​​ឱកាស​​ក្នុង​​ការ​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ។ លោក​យល់​ថា អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ គួរតែ​ពង្រឹង​តួនាទី​ក្នុង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត និង​​សម្រួល​​ឱ្យ​​មាន​​ការ​​ដាក់​​បណ្ដឹង​​ពី​​សាធារណជន៖ «បើយើង​មើល​លើ​សំណុំរឿង​នេះថា ​ទារលុយ​ ១០ម៉ឺនដុល្លារ​ សូម្បី​តែ​១ពាន់​ដុល្លារ​ ៥០ដុល្លារ​ក្តី​​ឲ្យ​តែ​លើស​​ពី​តម្លៃ​​សេវា​ ដែល​​បាន​​កំណត់​នោះ ​ខ្ញុំ​គិត​ថា ​វា​គឺ​​សុទ្ធតែ​​បទ​​ល្មើស​​ដែល​​គេ​​ហៅ​ថា ​វិតិក្រម»

កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ៣​រូប រួមមាន ប្រធាន​មន្ទីរ​សុរិយោដី លោក លៀម ប៊ុនរឿន អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់ លោក ជាង វុទ្ធី និង​មន្ត្រី​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ច្រក លោក តែ ប៊ុនថេង ។ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង ប្រាប់​គេហទំព័រ​ថ្មីៗ​ ថា ការ​ឃាត់ខ្លួន​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ៣​រូប​នេះ ពាក់ព័ន្ធ​ករណី​ទារ​លុយ ១០​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចេញ​​លិខិត​កាន់កាប់​ដីធ្លី និង​ចេញ​ច្បាប់​សាងសង់ និង​ករណី​ពុករលួយ​ផ្សេងៗ ​ទៀត​ ។ ហើយ​លោក​អះអាង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣​រូបនេះ ធ្វើឡើង​ក្នុង​ពេល​ពួកគេ​និង​ម្ចាស់​ដី​កំពុង​ជួប​គ្នា​ដើម្បី​ប្រគល់​លុយ ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ឱម យិនទៀង បានទេ ដោយសារ​ទូរស័ព្ទ​ជាច្រើនលើក​តែ​គ្មាន​អ្នកទទួល ។

ប្រធាន​គណៈកម្មការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​នឹង​អំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា សាទរ​ចំពោះ​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប៉ុន្តែ​អ្នកស្រី​មើល​ឃើញ​ថា មន្ត្រី​ប្រឆាំង​អំពើពុករលួយ អាច​ធ្វើ​បានតែ​ចំពោះ​មនុស្ស​ណា ដែល​ត្រូវ​ធ្វើ​ប៉ុណ្ណោះ រីឯ​អ្នក​មិន​ហ៊ាន​ប៉ះពាល់​វិញ គឺ​អាច​ប្រព្រឹត្ត​អំពើពុករលួយ​ដដែល ។ អ្នកស្រី​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​ឱ្យ​ត្រឹមត្រូវ​ច្បាស់ លាស់ មាន​ឆន្ទៈ​មោះមុត និង​បង្កើន​សមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ទើប​អាច​ទប់ ស្កាត់​អំពើពុករលួយ​មាន​ប្រសិទ្ធភាព៖ «មិនមែនតែ​មន្ត្រី​អស់​នេះទេ ​មាន​មន្ត្រី​ពុករលួយ​ច្រើន​ណាស់ ​ហើយ​មាន​មន្ត្រី​ដែល​ស្អាត​ស្អុំ។ ជារួមទៅ​ ប្រទេស​យើង​ញាំញី​ដោយ​អំពើ​ពុក​រលួយ​ម្លោះ​ហើយ​ទើប យើង​មានការ​អភិវឌ្ឍន៍​យឺតយ៉ាវ​ មិនទៅមុខ ​និងធ្វើឲ្យ​មាន​អំពើ​អយុត្តិធម៌​ច្រើន​ណាស់»។

កន្លងមក អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ​ក៏បាន​ចាត់ការ​លើ​មន្ត្រី​របប​ក្រុងភ្នំពេញ​តូចតាច​មួយ​ចំនួន ដែល​រង​ការចោទប្រកាន់​ពី​បទ​ពុករលួយ​ដែរ ប៉ុន្តែ​សម្រាប់​មន្ត្រី​ធំៗ​ដែល​គេ​សង្ស័យ​ថា ពុក​រលួយ​​វិញ ​តែងតែ​រួចខ្លួន​ពី​ការចោទប្រកាន់​។ ប្រការ​នេះ​នាំ​ឱ្យ​ក្រុម​សង្គម​ស៊ីវិល និង​សាធារណជន​និយាយ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​អាច​ចាប់​តែ​ត្រី​តូច​ក្នុង​បឹង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ចាប់​ត្រី​ធំ​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់ និង​ជា​ខ្សែបណ្ដោយ​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល