ក្រសួងការពារជាតិ មិនទាន់ស៊ើបអង្កេតជាផ្លូវការលើប្រធានតុលាការយោធានោះទេ បន្ទាប់ពី មានការការចោទប្រកាន់ថា បានប្រមូលផ្តុំបក្ខពួកសាច់ញាតិធ្វើការក្នុងស្ថាប័នតែមួយអស់រយៈពេលច្រើនឆ្នាំមកហើយ។ សង្គមស៊ីវិល និងមន្ត្រីដែលទម្លាយព័ត៌មាន រិះគន់ថា ការឆ្លើយតបត្រឡប់ ត្រឡិនរបស់ក្រសួងការពារជាតិ គឺបង្ហាញថា ក្រសួងគ្មានឆន្ទៈពិតប្រាកដក្នុងការស៊ើបអង្កេតដើម្បីមានវិធានការច្បាប់នោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ប្រាប់អាស៊ីសេរីថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ មិនទាន់សម្រេចអនុញ្ញាតឱ្យស៊ើបអង្កេតរកការពិតពីករណីចោទថា ប្រធានតុលាការយោធា លោក ន័យ ថុល បានបង្កើតឱ្យមានអំពើពុករលួយ និងបានកេណ្ឌសែស្រឡាយបក្ខពួកគ្រួសារនិយមរហូតដល់ជាង ១០នាក់ឱ្យមកកាន់តួនាទីនៅក្នុងតុលាការយោធាក្រោមការដឹកនាំរបស់លោកនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា លោកបានដាក់របាយការណ៍ជូនលោក ទៀ បាញ់ រួចហើយ និងកំពុងរង់ចាំតែសេចក្ដីសម្រេចរបស់លោក ទៀ បាញ់ ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការ។
ទោះបីជាមិនទាន់ស៊ើបអង្កេតជាផ្លូវការក៏ដោយ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់បណ្តាញឃោសនាក្នុងស្រុកថា ការផ្សព្វផ្សាយថា តុលាការយោធាកម្ពុជា មានបញ្ហាបក្ខពួកនិយម គ្រួសារនិយម គឺជារឿងបំផ្លើសហួសពីការពិត និងចេញមុខការពារថា តុលាការយោធាកម្ពុជា បានដំណើរការ ប្រកបដោយភាពឯករាជ្យនិងតែងតែផ្ដល់យុត្តិធម៌សម្រាប់យោធិនគ្រប់រូប។ នៅពេលអាស៊ីសេរីសួរថា ហេតុអ្វីបានជាលោកហ៊ានអះអាងដូច្នេះ លោក ឈុំ សុជាត ឆ្លើយតបថា លោកគ្រាន់តែឆ្លើយជំនួសលោក ន័យ ថុល ដែលបានប្រាប់លោកត្រួសៗ ថា រឿងនេះ ហាក់ដូចជាបំផ្លើសពេក ហើយរឿងពិតមិនដល់ប៉ុណ្ណឹងនោះទេ ទោះបីជាមានកំហុសឆ្គងខ្លះក្ដី។ ទោះយ៉ាងណាលោក ឈុំ សុជាត មិនដឹងថា តើរឿងពិតប៉ុណ្ណាហើយរឿងមិនពិតប៉ុណ្ណានោះទេ៖ «ក្នុងនាមខ្ញុំជាអ្នកនាំពាក្យ ខ្ញុំអត់មានដេញដោលគាត់ទេ គ្រាន់តែខ្ញុំបានសួរទៅគាត់ហើយគាត់ថា ហ៊ឹម . រឿងនឹងវាមិនដល់ប៉ុណ្ណឹងទេប្អូន អើយ។ រឿងនេះបំផ្លើសហើយចាំមើលបងមានឱកាសជួបថ្នាក់ដឹកនាំបងនឹងរាយការណ៍ជូនទៅតាមឋានានុក្រម។ គាត់និយាយតែប៉ុណ្ណឹងហើយខ្ញុំនិយាយតាមគាត់ទៅ»។
កាលពីថ្ងៃទី១៥ ខែកក្កដា លោក ឈុំ សុជាត សន្យាថា ក្រសួងការពារជាតិ នឹងស៊ើបអង្កេតករណីនេះភ្លាមៗ ហើយនឹងបង្ហាញជាសាធារណៈ ដោយចំណាយពេលតែ ១ថ្ងៃ ឬ២ថ្ងៃ ប៉ុណ្ណោះ ព្រោះ ក្រសួងការពារជាតិ ដាច់ខាតមិនគាំទ្រឱ្យមានបញ្ហាបក្ខពួកនិយម គ្រួសារនិយមនោះទេ ប៉ុន្តែរហូត មកដល់ពេលនេះជិត២សប្ដាហ៍ហើយ មិនឃើញមានលទ្ធផលដូចការសន្យានោះទេ។
កាលពីពេលថ្មីៗ នេះ មន្ត្រីនៅតុលាការយោធា ដែលសុំលាក់អត្តសញ្ញាណ បានទម្លាយថា ប្រធានតុលាការយោធា ឧត្ដមសេនីយ៍ឯកផ្កាយ៣ លោក ន័យ ថុល ដែលកាន់តំណែងនេះតាំងពីឆ្នាំ ១៩៨៧ មក និងជាចៅក្រមនៅសាលាក្ដីខ្មែរក្រហមផង បានតែងតាំងភរិយាគឺអ្នកស្រី ខឹម សម្បត្តិ និងកូនប្រុសបង្កើតពីរនាក់របស់ខ្លួនឱ្យធ្វើជាចៅក្រម និងជាអនុប្រធានតុលាការយោធា។ កូនប្រុសទាំងពីរនាក់ ឈ្មោះ ផូរ ភិរម្យ និង ឈ្មោះ ផូរ វីរៈ នេះ មិនត្រឹមតែមានតួនាទីជាអនុប្រធានតុលាការយោធា និងជាចៅ ក្រមដូចម្ដាយទេ គឺពួកគេ ក៏ជានាយការិយាល័យចៅក្រមស៊ើបសួរព្រមទាំងជានាយទាហាន មានឋានន្តរសក្ដិឧត្ដមសេនីយ៍ត្រីនិងទោទៀតផង។ ចំណែកកូនទី៣ លោក ន័យ ផូរច័ន្ទគង្គារ ក៏កំពុងធ្វើការនៅក្នុងតុលាការយោធាដែរ។
ប្រភពដដែលឱ្យដឹងថា អំពើពុករលួយ និងគ្រួសារនិយមនេះ បានធ្វើឡើងជាប្រព័ន្ធ និងលាក់បាំងបំផុត ដែលសូម្បីតែឈ្មោះត្រកូលក៏ផ្លាស់ប្ដូរដែរ។ លោក ន័យ ថុល ក៏ប្រមូលសាច់ញាតិមួយចំនួនទៀត ដូចជា លោកឧត្ដមសេនីយ៍ទោ នុត សោភ័ណ្ឌ ត្រូវជាប្អូនជីដូនមួយ កំពុងកាន់តួនាទីជាអនុប្រធានតុលាការយោធា ជាចៅក្រម និងជានាយការិយាល័យហិរញ្ញវត្ថុ។ លោក នុត សោភ័ណ្ឌ មានបងប្អូនបង្កើតម្នាក់ទៀតឈ្មោះ នុត សុផែន កំពុងធ្វើការក្រោមបង្គាប់របស់លោក។ ប្រភពបន្តថា សូម្បីតែអ្នកបើកឡានឱ្យលោក ន័យ ថុល ឈ្មោះ អ៊ូ សេរី ក៏ត្រូវបានដំឡើងឱ្យធ្វើជាចៅក្រមដែរ។ ក្រៅពីនេះ ចៅក្រមមួយចំនួនទៀត ក៏ជាសាច់ញាតិ និងបក្ខពួករបស់លោក ន័យ ថុល ដែរ ដូចជាលោកចៅក្រម ង៉ូវ វុទ្ធី ចៅក្រម ឃឹម សុឃាន និងចៅក្រម ពិន សំអឿន។
រីឯមន្ត្រីគ្រាក់ៗ នៅក្នុងស្ថាប័ននេះមួយចំនួន ក៏យកគំរូតាមលោក ន័យ ថុល ដែរដោយពួកគេ ប្រមូល កូន និងសាច់ញាតិចូលធ្វើការជាហូរហែដែរ។ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាចៅក្រមតុលាការយោធា នាយឧត្ដមសេនីយ៍ ផ្កាយ៤ លោក សាវ សុខ ក៏មានកូនស្រីម្នាក់ឈ្មោះ សុខ គីណូកត្តា ជាចៅក្រមតុលាការយោធា និងមានឋានន្តរសក្ដិ វរសេនីយ៍ត្រី។ រីឯអនុប្រធានតុលាការយោធា និងជាចៅក្រម លោកឧត្ដមសេនីយ៍ទោ ប៉ោក ប៉ន មានកូនប្រុសឈ្មោះ ប៉ុន វណ្ណៈ ជាចៅក្រម។
ប្រភពបន្តថា ប្រធានតុលាការយោធា ក៏ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាច្រើនករណីទៀតដែរ ដូចជាកាត់ប្រាក់ខែចៅក្រមដែលមិនមែនជាសាច់ញាតិ ការដំឡើងតួនាទីឱ្យកូនចៅបក្ខពួករបស់ខ្លួន និងការពន្យាពេលចូលនិវត្តន៍ចំនួន ៧លើក និងស៊ីដាច់លុយមន្ត្រីខ្សែបណ្តោយ អស់ម្នាក់ៗ ប្រហែល ជា ២ពាន់ដុល្លារទៅ ២ពាន់៥រយដុល្លារ ក្នុងការសូកប៉ាន់ឱ្យលោក ន័យ ថុល បញ្ចូលសាច់ញាតិជានាយទាហាន ប៉ុន្តែត្រូវបានលោក ទៀ បាញ់ បដិសេធ។ ករណីទាំងនេះ មន្ត្រីក្នុងតុលាការយោធាធ្លាប់ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដែរក្នុងអំឡុងឆ្នាំ២០១៦ ប៉ុន្តែពុំមានការស៊ើបអង្កេតអ្វីឡើយ បន្ទាប់ពីមានលិខិតឆ្លើយបំភ្លឺពីលោក ន័យ ថុល។
ចំពោះភាពយឺតយ៉ាវក្នុងការស៊ើបអង្កេត និងការបដិសេធព័ត៌មានថា តុលាការយោធា មានបញ្ហាបក្ខពួកនិយមគ្រួសារនិយមនេះ ត្រូវបានមន្ត្រីដែលទម្លាយព័ត៌មានរិះគន់បន្ថែមថា ក្រសួងការពារ ជាតិ គ្មានឆន្ទៈស៊ើបអង្កេតករណីនេះទេ ហើយកំពុងតែរកវិធីការពារមនុស្សទាំងនោះថែមទៀត។ មន្ត្រីរូបនេះ អះអាងថា ព័ត៌មានដែលទម្លាយគឺជាការពិត និងមានឯកសារច្បាស់លាស់ត្រឹមត្រូវជាច្រើន ដូច្នេះពួកគេសង្ឃឹមថា រដ្ឋាភិបាល ជាពិសេសក្រសួងការពារជាតិ នឹងស៊ើបអង្កេតដោយ តម្លាភាពលើស្ថាប័នតុលាការយោធា និងអនុវត្តតាមអភិក្រមទាំង៥របស់រដ្ឋាភិបាលក្នុងការវះកាត់ យកសាច់ស្អុយបោះចោល។ ក្នុងករណីក្រសួងការពារជាតិ គ្រាន់តែធ្វើការស៊ើបអង្កេតបែបបង្គ្រប់កិច្ច នោះ គឺពួកគេនឹងទម្លាយឯកសារផ្លូវការជាច្រើនទៀត ហើយក្រសួងការពារជាតិ ក៏នឹងរងភាពអាម៉ាសដែរ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ក្រសួងការពារជាតិ គួរតែបើកការស៊ើបអង្កេតដោយតម្លាភាព និងយកភស្តុតាងមកបញ្ជាក់ឱ្យបានត្រឹមត្រូវចំពោះការចោទប្រកាន់នេះ ពោលគឺមិនអាចចេះតែឆ្លើយតបនោះទេ។ លោកបន្តថា ប្រសិនបើស្ថាប័នមួយមានបញ្ហាបក្ខពួកគ្រួសារនិយម គឺវានាំឱ្យមានអំពើពុករលួយ និងធ្វើឱ្យប៉ះពាល់មុខមាត់ស្ថាប័នព្រមទាំងខូចខាតផលប្រយោជន៍ជាតិ៖ «ប្រសិនបើជាក្រសួងការពារជាតិ លោកធ្វើការស៊ើបអង្កេតហើយរកឃើញការពិត គឺត្រូវតែមានវិធានការហើយ ដើម្បីជាផលប្រយោជន៍ របស់ស្ថាប័ន មុខមាត់ស្ថាប័ន និងផលប្រយោជន៍ក្រសួង និងជាតិ។ ហើយប្រសិនបើរកឃើញការពិតតែមិនមានវិធានការគឺជាបង្ហាញថា ជាការបរាជ័យក្នុងការបំបាត់នូវបញ្ហាបក្ខពួកនិយម និងអំពើពុករលួយនៅក្នុងស្ថាប័នមួយដែលគឺជាឧទាហរណ៍ទេ»។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់បានប្រកាសយ៉ាងដាច់អហង្ការ មិនឱ្យមានករណីក្រុមគ្រួសារនិយមនៅក្នុងស្ថាប័នតែមួយនោះឡើយ ក៏ប៉ុន្តែស្ថានភាពជាក់ស្ដែង ស្ទើរគ្រប់ស្ថាប័នរដ្ឋទាំងអស់កំពុងតែចាក់ស្រេះដោយបញ្ហាគ្រួសារ ឬបក្ខពួកនិយមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។