ក្លឹប​កម្សាន្ត​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​១៥០​នាក់ ភាគច្រើន​ជា​ចិន

ដោយ ម៉ៅ សុធានី
2019-07-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​សកម្មភាព​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្លឹប​កម្សាន្ត​ឈ្មោះ អូបាម៉ា ខេធីវី (Obama KTV) ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ២០១៩។
​សកម្មភាព​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្លឹប​កម្សាន្ត​ឈ្មោះ អូបាម៉ា ខេធីវី (Obama KTV) ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ២០១៩។
រូប​ពី​ហ្វេសប៊ុក លោក ជួន ណារិន្ទ

អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន ដឹក​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមគ្នា​ជាមួយ​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត និង​ស្នងការ​ខេត្ត ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្លឹប​កម្សាន្ត​ឈ្មោះ អូបាម៉ា ខេធីវី (Obama KTV) ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។

ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​នៅ​ថ្ងៃទី២៥ កក្កដា សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​បាន ១៤៦​នាក់ ដែល​ភាគ​ជា​ជនជាតិ​ចិន ក្នុង​នោះ​មាន​ស្រី ៤៣​នាក់។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយ​ហៅ​ទូរស័ព្ទ តែ​គ្មាន​អ្នកទទួល។ ប៉ុន្តែ លោក ជួន ណារិន្ទ ឱ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​ចម្រុះ​គ្រប់​ប្រភេទ​មួយ​ចំនួន ជ្រុញ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣៥ ទូរស័ព្ទ​ដៃ​មួយ​ចំនួន និង​រថយន្ត​ចំនួន​៧​គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​បន្ត​នីតិវិធី។ របប​ក្រុងភ្នំពេញ ប្ដេជ្ញា​ថា នឹង​លុបបំបាត់​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​ឱ្យ​អស់ ត្រឹម​ដំណាច់​ឆ្នាំ​២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល