នាវាទេសចរណ៍ The MS Westerdam, (Cruise ship) ដែលត្រូវបានប្រទេសចំនួន ៥ បដិសេធមិនឱ្យចុះចតក្នុងផែសមុទ្ររបស់ពួកគេនោះ ឥឡូវរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានអនុញ្ញាតឱ្យចូលចតនៅកំពង់ផៃព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ទី ១៣នេះ។ ប្រទេសចំនួន ៥បដិសេធមិនឱ្យនាវានេះ ចូលចតដោយសារតែក្តីកង្វល់ថា អ្នកទេសចរ ក្នុងនាវាទេសចរណ៍នេះ អាចផ្ទុក វីរុសរលាកផ្លូវដង្ហើមកូវិត (Covid 19) ដែលបានសម្លាប់មនុស្ស ប្រមាណជាង ១ពាន់នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់កាសែតក្នុងស្រុករបស់គាត់ថា នាវាផ្ទុកមនុស្សជាង ២ពាន់នាក់នឹងមកទល់ខេត្តព្រះសីហនុ នៅថ្ងៃទី១៣នេះ ហើយគ្រោងនឹងចាកចេញវិញនៅថ្ងៃ១៥ខាងមុខ។
លោក ហ៊ុន សែន មានប្រសាសន៍ថា ការណ៍ដែលកម្ពុជាអនុញ្ញាតឱ្យនាវានេះចូលចត ដើម្បីបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក ហើយកម្ពុជាមិនមានការរើសអើងពូជសាសន៍ឡើយ។
អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី បានសម្ដែងក្ដីបារម្ភ ចំពោះការចូលចតរបស់នាវានេះ ព្រោះខ្លាចឆ្លងជំងឺរលាកផ្លូវដង្ហើមកូវិតនេះ។
អ្នកស្រីក៏មានចម្ងល់ដែរថា ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យនាវាមួយនេះចូលចតនៅកំពង់ផែព្រះសីហនុនោះទេ ព្រោះអ្នកដំណើរនៅលើនាវានេះអាចនឹងចម្លងជំងឺរលាកផ្លូវដង្ហើមនេះដល់ពលរដ្ឋខ្មែរ៖ «យើងមានការព្រួយបារម្ភផងដែរ ដោយសារតែកន្លងមកមានកប៉ាល់ទេសចរណ៍មួយដែលបានធ្វើដំណើរទេសចរណ៍អ៊ីចឹងដែរ ហើយនៅពេលដែលគាត់ចូលទៅចតនៅប្រទេសជប៉ុន ស្រាប់តែពេលហ្នឹងគេរកឃើញអ្នកដែលមានផ្ទុកវីរុសកូរ៉ូណានៅលើកប៉ាល់ទេសចរណ៍ហ្នឹង»។
នាវាដែលមានឈ្មោះ Westerdam នេះ បានផ្ទុកអ្នកដំណើរចំនួន ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឱ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនាវានោះ អាចមានផ្ទុកវីរុសរលាកផ្លូវដង្ហើមនេះ។
ក្តីបារម្ភដោយសារតែ មាននាវាទេសចរណ៍មួយគ្រឿងមានឈ្មោះ Diamond Princess បានចូលចតនៅកំពង់ផែយ៉ូកូហាម៉ា (Yokohama) ប្រទេសជប៉ុន មានអ្នកមានជំងឺសរុបដល់ទៅ ១៣៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។