អ្នកជំនាញ​ថា កម្ពុជា​គួរ​តែ​មាន​មន្ទីរពិសោធន៍​ផ្នែក​សន្តិសុខ​លើ​ក្រុមហ៊ុនHuawei

ដោយ ហេង រស្មី
2020-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្តសញ្ញា​ក្រុមហ៊ុន​ចិន ហូវ៉េ (Huawei)។
និមិត្តសញ្ញា​ក្រុមហ៊ុន​ចិន ហូវ៉េ (Huawei)។
RFA

អ្នកជំនាញ​ផ្នែក​ឌីជីថល (Digital) ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​បង្កើត​មន្ទីរ​ពិសោធន៍​ផ្នែក​សន្តិសុខ ឌីជីថល​(Digital)​ដើម្បីឱ្យ​ប្រាកដថា ក្រុមហ៊ុន​ហូវ៉េ (Huawei) ចិនមិន​បាន​បង្កប់​ឧបករណ៍​ឈ្លប​យកការណ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្តីបារម្ភ​នេះ ដោយសារតែ កាលពី​ថ្ងៃទី​១៥ កក្កដា កន្លងទៅ​ក្រុមហ៊ុន ឆាយណា តេឡេខម ក្លូបបល លីមីតធីត (China Telecom Global Limited) បាន​ជួប​ពិភាក្សាគ្នា​ជាមួយ​ក្រសួង​ប្រៃសណីយ៍ ដើម្បី​ពង្រីក​ផលិតផល និង​សេវា​របស់ខ្លួន​បន្ថែមទៀត​នៅ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​អាមេរិក​និង​អង់គ្លេស បាន​ហាមឃាត់​ការ​ប្រើប្រាស់​ឧបករណ៍ ក្រុមហ៊ុន (Huawei) ក្នុង​ប្រព័ន្ធ​G5 ដោយ​ក្តី​កង្វល់​ពី​បញ្ហា​សន្តិសុខ​ជាតិ។

អ្នក​ជំនាញ​ផ្នែក​ឌីជីថល​និយាយ​ថា កម្ពុជា​អាចមាន​វិធី​ផ្សេង​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដថា ក្រុមហ៊ុន Huawei ពិត​ជា​មាន​ភាពស្មោះត្រង់​ក្នុង​ការរកស៊ី​របស់ខ្លួន​នៅ​កម្ពុជា​ដែរឬទ។

អ្នក​ប្រឹក្សា​សុវត្ថិភាព​ផ្នែក ឌីជីថល​(Digital) នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ង៉ែត ម៉ូសេ មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​មួយចំនួនទៀត​បាន​ហាម​មិន​ឱ្យ​ក្រុមហ៊ុន Huawei ចូល​លក់​ក្នុងប្រទេស​របស់​ពួកគេ​ដោយ​យល់ឃើញថា ឧបករណ៍​ក្នុង​ទូរស័ព្ទ​មាន​បង្កប់​ដើម្បី​ឈ្លប​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់។

លោក​និយាយថា កម្ពុជា​គួរតែមាន​មន្ទីរពិសោធន៍​សន្តិសុខ​ផ្នែក​ឌីជីថល​(Digital Security Lab)​ដើម្បី​ពិនិត្យមើល​ឧបករណ៍​ដែល​បំពាក់​នៅលើ​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone) របស់​ក្រុមហ៊ុន​ហូវ៉ែ ដើម្បី​ឱ្យ​ប្រាកដថា តើ​មាន​បង្កប់​នៅ​ប្រព័ន្ធ​ឈ្លបយកការណ៍​ដែរ ឬ​យ៉ាង​ណា?

លោក​បញ្ជាក់ថា ប្រសិនបើ​ទូរស័ព្ទ​ស្មាតហ្វូន ហូវ៉េ មាន​បង្កប់​នៅ​ប្រព័ន្ធ​ឈ្លបយកការណ៍​មែន​គឺ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច ព័ត៌មាន និង​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​និយាយថា សព្វថ្ងៃនេះ​ទិន្នន័យ​វា​បាន​ជួយ​វិភាគ​នូវ​អាកប្បកិរិយា និន្នាការ របស់​ប្រជាជន ដូចជា​នៅ​សហរដ្ឋអាមេរិក ការ​បែកធ្លាយ​ទិន្នន័យ​របស់​ហ្វេសប៊ុក​ទៅ​កាន់​ភាគី​ទីបី បាន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ៖ «ហូវ៉េ បើ​គាត់​ដាក់​មក​ហ្នឹង​គាត់​គួរតែ​បង្ហាញ​ជា​សាធារណៈ​ទៅ។ គាត់​ថា (Huawei) កម្ពុជា​បារម្ភ​រឿង​ហ្នឹង​កម្ពុជា អាច​ស្វះស្វែង​រក​ក្រុមហ៊ុន​ណា​ដែល​អ្នកជំនាញ​ខាង​សាយប័រ ស៊ីឃ្ឃូរីធី (Cyber Security) ឱ្យ​គាត់​ទៅ​សាកល្បង​ទៅ​។ រួចហើយ​ចេញ​របាយការណ៍​ជា​សាធារណៈ ទៅ​រដ្ឋសភា ដើម្បី​ឱ្យ​ទទួលស្គាល់ថា នេះ​ហូវ៉េ អត់​ឈ្លប​យកការណ៍​ទេ នេះ​ហូវ៉េ ឈ្លប​យកការណ៍»

ក្តី​បារម្ភ​របស់​អ្នក​ជំនាញ​នេះ ដោយសារ​តែ​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់ដេត កាល​ពី​ថ្ងៃ​ទី​១៥ ខែកក្កដា បាន​ជួប​ពិភាក្សាគ្នា​ជាមួយ អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន ឆាយណា តេឡេខម ខេមបូឌា (China Telecom Cambodia Co., Ltd.) ដឹកនាំ​ដោយ​លោកស្រី លីង យាន (Ling Yan) ដើម្បី​ពិភាក្សា​ស្តីពី​ប្រតិបត្តិការ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចំរើន​ឡើង

គេហទំព័រ​ហ្វេសប៊ុក​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់​ថា នៅក្នុង​ជំនួប​នោះ​លោកស្រី លីង យាន (Ling Yan) បាន​ប្រាប់​ទៅ លោក ជា វ៉ាន់ដេត អំពី​ព័ត៌មាន​ទូទៅ​របស់​ក្រុមហ៊ុន ព្រមទាំង​ផលិតផល និង​សេវា​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក​។ លោកស្រី​បាន​បញ្ជាក់ថា គោលបំណង​របស់​ក្រុមហ៊ុន​ក្នុងការ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ គឺ​សម្រាប់​គម្រោង​នាពេល​អនាគត រយះពេល​វែង​នៅ​កម្ពុជា។ ប៉ុន្តែ​អ្នកស្រី​មិន​បាន​និយាយ​លំអិត​ពី​ឧបករណ៍​ដែល​មាន​នៅក្នុង​ទូរស័ព្ទ​ស្មាតហ្វូន ហូវ៉េ (Huawei) មាន​បំពាក់​ប្រព័ន្ធ​ឈ្លបយកការណ៍​ដែរ ឬ យ៉ាងណាទេ។

អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​មាស ប៉ូ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ បញ្ហា​ក្រុមហ៊ុន Huawei នេះ កាលពី​ថ្ងៃ​ទី២៣ កក្កដា«ខ្ញុំ​ឃើញ​ហើយ​សំណួរ​អូន។ តែ​ឥឡូវ​វា​អង្គុយ​អត់​កើត ម៉ាស៊ីនត្រជាក់ វា​លិច​ទឹក វា​ស្រក់​ទឹក»

ប៉ុន្តែ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ហូវ៉េ តិចណូឡូជី ខេមបូឌា (Huawei Technologies Cambodia Co.,Ltd) លោក សុវណ្ណ យ៉ាវ មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន​ក្នុងស្រុក ដែល​ស្និទ្ធ​នឹង​របប​ក្រុងភ្នំពេញ​ថា ប្រាក់​ចំណូល​សរុប​របស់​ក្រុមហ៊ុន​ឆ្នាំ​២០១៩ មាន​ចំនួន ១២០​ពាន់​លាន​ដុល្លារ

លោក​និយាយថា បច្ចុប្បន្ន ហូវ៉េ ផ្តោតលើ​អាជីវកម្ម​ធំៗ​ចំនួន​៤ គឺ អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ប្រតិបត្តិករ ដូចជា ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone) ទូរស័ព្ទ​សែលកាត (CellCard) និង​មិត្តហ្វូន​(Metfone) ជាដើម​សម្រាប់​បង្កើត​ប្រព័ន្ធ​គមនាគមន៍​ដើម្បី​ប្រើប្រាស់​សេវាកម្ម​អ៊ីនធឺណិត។

លោក​និយាយ​ថា សម្រាប់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្រុមហ៊ុន​ផ្តោតទៅ​លើ​វិស័យ​ឌីជីថល​(Digital) ដោយ​ប្រើប្រាស់​ឧបករណ៍​ទូទៅ ដូចជា​ទូរស័ព្ទដៃ ថេបផ្លេត (Tablet)​និង​ស្មាតវ៉ច (Smart Watch)​និង​បច្ចេកវិជ្ជា​ចុងក្រោយ​ក្នុងការ​ស្រាវជ្រាវ​គឺ​បច្ចេកទេស អាយ​ខ្លៅ (iCloud)

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ហូវ៉េ (Huawei) បានបញ្ចប់​ការសាកល្បង នូវ​បច្ចេកវិទ្យា 5Gដោយ​មានការ​សហការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រតិបត្តិ​ករ​របស់​ក្រុមហ៊ុន ដែល​ធ្វើ​ឱ្យ​លទ្ធផល​ដំណើរការ​បាន​ល្អប្រសើរ។

ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​ហូវ៉េ (Huawei) អាមេរិក និង​អង់គ្លេស បាន​ហាមឃាត់​ក្រុមហ៊ុន (Huawei) ក្នុង​ប្រព័ន្ធ​G5 ដោយ​ក្តីកង្វល់​ពី​បញ្ហា​សន្តិសុខ​ជាតិ។ កាលពី​ថ្ងៃទី ១៤ កក្កដា រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ៃឃ៍ ប៉ុមប៉េអូ (Mike Pompeo) បាន​ស្វាគមន៍​ប្រទេស​អង់គ្លេស ដែល​បាន​ហាមឃាត់ ឧបករណ៍​ក្រុមហ៊ុន (Huawei) ក្នុង​ប្រព័ន្ធ​G5 របស់​ប្រទេស​នេះ​។ លោក​ថា ការ​សម្រេច​របស់​អង់គ្លេស​នេះ ជា​ការ​ងើប​ឡើង​ការពារ​សន្តិសុខ​ជាតិ តាមរយៈ​ការហាមឃាត់ ការប្រើប្រាស់​ឧបករណ៍​ទាំងឡាយ ដែល​គ្មាន​ការទុកចិត្ត​បាន និង​ពី​ម្ចាស់​ដែល​អាច​បង្ក​គ្រោះ​ថា្នក់

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល