ក្រុមអ្នកធ្វើការងារក្នុងវិស័យសេវាកម្មកម្សាន្តនាំគ្នាទៅដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៥ មិថុនា ដោយទទូចរដ្ឋាភិបាលឱ្យផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារក្នុងមួយខែ ក្នុងពេលបាត់បង់ការងារ ដោយសារវិបត្តិជំងឺកូវីដ-១៩។
ការតវ៉ារបស់អ្នកធ្វើការងារផ្នែកសេវាកម្មកម្សាន្តនេះ ក្រៅពីនាំគ្នាទៅដាក់ញត្តិដល់ខុទ្ទកាល័យលោក ហ៊ុន សែន ពួកគេបន្តទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទៅក្រសួងកិច្ចការនារី។
ការដាក់ញត្តិនៅថ្ងៃនេះ គឺជាការដាក់ញត្តិលើកទី៣ ហើយ នៅពេលពួកគេជួបការលំបាកក្នុងជីវភាពរស់នៅ ព្រោះគ្មានការងារធ្វើ ដោយសារវិធានការរដ្ឋាភិបាលបិទទ្វារក្លឹបកម្សាន្ត ហាងខារ៉ាអូខេ និងភាពយន្តនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។
បន្ថែមលើការទាមទាររដ្ឋាភិបាលឱ្យផ្ដល់ប្រាក់ឧបត្ថម្ភ ពួកគេក៏ស្នើសុំឱ្យមានអន្តរាគមន៍ បន្ធូរបន្ថយបញ្ចុះថ្លៃឈ្នួលបន្ទប់ជួលចំនួនពាក់កណ្ដាល ដើម្បីជួយសម្រាលការចំណាយរបស់ពួកគេបានមួយកម្រិតទៀត។
ការសម្រេចចេញដាក់ញត្តិជាលើកទី៣ នេះ គឺបន្ទាប់ពីកាលពីថ្ងៃទី១៥ ខែ មិថុនាសហជីពកម្មករចំណីអាហារ និងសេវាកម្មជា តំណាងឱ្យក្រុមអ្នកធ្វើការងារផ្នែកសេវាកម្មកម្សាន្ត បានទទួលការឆ្លើយតបមួយពីមន្ត្រីក្រសួងការងារថា ក្រសួងមិនអាចធ្វើតាមសំណើនេះទេ ដោយប្រាប់ក្រុមស្ត្រីទាំងនេះ ទាក់ទងទៅក្រសួង ដើម្បីរកការងារថ្មី៕




កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។