សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងរត់ភៀសខ្លួន និងពលករខ្មែរធ្វើការនៅប្រទេសថៃ ប្រមាណ ២០០នាក់ រៀបចំប្រារព្ធពិធីរំលឹកខួប ៤ឆ្នាំនៃឃាតកម្ម បណ្ឌិត កែម ឡី រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ ថ្ងៃទី១២ កក្កដា នៅតាមខេត្តចំនួន៥ នៅក្នុងប្រទេសថៃ។ សកម្មជន និងពលករខ្មែរប្រាប់ថា ការប្រារព្ធពិធីនេះ គឺដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់យ៉ាងឃោរឃៅ។
សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ចាម លោក រិន រ័ត្ន ឱ្យដឹងថា លោក និងពលករខ្មែរប្រារព្ធពិធីនេះឡើង ដើម្បីឲ្យកូនខ្មែរគ្រប់រូបចងចាំវីរភាពរបស់លោកបណ្ឌិត កែម ឡី ដែលហ៊ានរិះគន់ និងនិយាយការពិតពីសង្គមខ្មែរ៖ « មន្ត្រីរបស់គណបក្សសង្គ្រោះជាតិដែលរត់ភៀសខ្លួនមកស្រុកថៃ ហើយនឹងពលករដែលគាត់ចូលរួម និងរៀបចំពិធីរំលឹកខួបលោកបណ្ឌិត កែម ឡី ហ្នឹង គឺច្រើនគ្នាណាស់ ចាប់ពី ២០០នាក់ឡើងទៅ។ ប្រារព្ធពិធីហ្នឹង គឺដាក់សម្ពាធទៅលើរដ្ឋាភិបាល ដើម្បីទាមទាររកយុត្តិធម៌ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី យ៉ាងអយុត្តិធម៌ រហូតដល់ពេលហ្នឹង អត់ទាន់មានពន្លឺយុត្តិធម៌សម្រាប់ក្រុមគ្រួសារគាត់ »។
ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ និងពលករខ្មែរនៅតែទាមទារឲ្យរដ្ឋាភិបាលបង្ហាញភស្តុតាងពិតប្រាកដនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងចាប់ជនពាក់ព័ន្ធក្នុងករណីឃាតកម្មដ៏កក្រើកមួយនេះ យកមកកាត់ទោសតាមច្បាប់។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯ ស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ ក្នុងអំពើឃាតកម្មនេះ តុលាការបានផ្ដន្ទាទោស អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែសាធារណជនយល់ថា នេះមិនមែនជាយុត្តិធម៌ពិតប្រាកដឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
