អ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងនោះមានទាំង លោក ហ៊ុន សែន ផងរិះគន់តារាចម្រៀង សាពូន មីដាដា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាច ហើយត្រូវ លោក ហ៊ុន សែន ហៅថា កូនៗនោះ ជាមនុស្ស អត់កំណើត ទោះមានព្រះឥន្ទ្រប្រោស ក៏ជួយមិនរួចដែរ។
អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅប៉ុន្មានថ្ងៃមកនេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់លោកឆ្លើយតប និងប្រកែកជាមួយ លោក សាពូន មីដាដា ថាលោកមិនបានឲ្យប្រាក់ ៦លាន ៧សែនដុល្លារ ដូចការប្រកាសរបស់ សាពូន មីដាដា នោះទេ។
លោក ហ៊ុន សែន បានបង្ហោះសាររំលឹករឿងរ៉ាវកាលជាងពី១០មុន គឺពេលដែលលោក មានទំនាក់ទំនងជាមួយតារាចម្រៀង សាពូន មីដាដា រហូតចាត់ទុកដូចជាកូន។
លោក ហ៊ុន សែន បានសរសេររៀបរាប់ថា លោក សាពូន មីដាដា បានបង្ហោះសារដោយនិយាយថាខ្ញុំនិងភរិយាបានជួយគាត់ចំនួន៦លាន ៧សែនដុល្លារព្រមទាំងផ្ទះនិងឡាន។ លោកថា ច្រើនណាស់កូន បើកូនទទួលបានមែនតើកូនយកទៅណា....? តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដទៃឬ...?
ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរ និងចៅទៅលេងផ្ទះវិមានឯករាជ្យ និងបានផ្តល់ប្រាក់៣០ម៉ឺនដុល្លារ សម្រាប់ពួកកូនទិញផ្ទះនៅ។
ក្រោយមកដោយឃើញថា មារយាទកូនទាំងពីរមិនកើត ពុកម៉ែបដិសេធមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថា ទិញផ្ទះចំនួន៤ដែលគ្មានលុយបង់រំលោះឲ្យគេ។ កូនប្រុស ពុកម៉ែមានចិត្តចង់ជួយកូន តែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយ:ការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ។
នេះជាការឆ្លើយតបទៅនឹងសាររបស់ សាពូន មីដាដា ដែលទំនងចូលតួកំសត់ទទួលកំហុស និងហាក់ចង់ឲ្យមានការឧបត្ថម្ភបន្ត។
លោក សាពូន មីដាដា បានសរសេរលើបណ្ដាញសង្គមបែបនេះ៖ សម្ពាយបុណ្យកុសលលាភជ័យព្រះឥន្ទប្រទានកាលពីជាង ១១ឆ្នាំមុន។ ប្រាក់ ៦លាន៧សែនដុល្លារ ព្រមទាំងផ្ទះវីឡានៅបុរីប៉េងហួត បឹងស្នោ និងឡានម៉ាកសឺដេសពណ៌ក្រហម ខ្សែរកប្រាំតម្លឹង ស្រោបពេជ្រ ១២ការ៉ាត ដែលសម្តេចពុកនិងសម្តេចម៉ែប្រទានឲ្យមកកូនៗ ត្រូវបានរលាយដោយដៃខ្ញុំបាទ ខ្ញុំបាទជាបុរសកញ្ជើធ្លុះ អតីតភរិយាខ្ញុំបាទគាត់ស្លូតស្មោះត្រង់ណាស់ គាត់មិនបានដឹងរឿងអ្វីទេ សូមសម្តេចពុក សម្តេច ម៉ែ (ហ៊ុន សែន និងប៊ុន រ៉ានី) មេត្តាករុណាអនុគ្រោះផងទាន ( មហាគុណធំធេងណាស់ ) កូនសូមសច្ចាកើតគ្រប់ជាតិណាៗកូនសូមបម្រើដោយឆន្ទៈស្មោះត្រង់បំផុតចំពោះសម្តេចពុក សម្តេចម៉ែ គ្រប់ៗជាតិព្រះបាទទានប្រោស។
សារឆ្លើយឆ្លងគ្នានេះ មានអ្នកចូលទៅបញ្ចេញមតិ ឬComments ព្រោងព្រាត ដែលភាគច្រើន បានបន្ទោសទៅអ្នកទាំងពីរ ថាសម្បូរណ៍លុយ ចាយខ្ជះខ្ជាយ សប្បាយ លើគំនរទុក្ខ និងទឹកភ្នែកពលរដ្ឋក្រីក្រដែលពួកគេប្រឹងរកពេញមួយថ្ងៃស្ទើររស់មិនបានគ្រប់មួយថ្ងៃផង។ អ្នកខ្លះទៀតស៊ូទ្រាំរស់នៅក្នុងស្រុកមិនបាន ក៏ប្រើជីវិតជាដើមទុនចេញទៅធ្វើកម្មករគេនៅក្រៅប្រទេស។
អ្នកប្រើប្រាស់បណ្តេញសង្គមម្នាក់ ដាក់ឈ្មោះថា ហន វីន (Horn Win) បានបង្ហោះសំណេរលើបណ្ដាញសង្គម ឆ្លើយតបនឹងរឿងនេះដោយសរសើរសំណាង សាពូន មីដាដា ថា សំណាងម្ល៉េះ broសុខៗលុយធ្លាក់ពីលើមេឃមកឱ្យ បានមកស្រួលពេកវាក៏រលាយទៅវិញស្រួលដូចគ្នា រាស្ត្រដូចខ្ញុំបង់ពន្ធចង់ជ្រុះក្តិតខោទៅហើយ នៅឡើយដេកចាំមើលសម្តេចប្រទានដែរ !! ណាហើយ!! កុំឆ្ងល់ថាលុយជាតិរត់ទៅច្រកណាខ្លះ...?
ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត ក៏បានបញ្ចេញមតិស្រដៀងៗគ្នាដែរ ហើយអ្នកខ្លះហាក់តូចចិត្តនឹងខ្លួនឯងត្បិតអ្នកក្រ ព្រះឥន្ទ្រ ដូចជាលោក ហ៊ុន សែន មើលមិនឃើញទេ អ្នកខ្លះទៀតចំអកឲ្យថា ព្រះឥន្ទ្រ ក៏លម្អៀងដែរ !! ពួកយើងអ្នកអត់បុណ្យគ្មានព្រះឥន្ទ្រណាមើលឃើញទេ។ចំណែកអ្នកខ្លះទៀតថ្លែងដោយហួសចិត្តថា កោតតែហានបង្ហាញរឿងនេះជា សាធារណៈទៅកើត? មិនគិតពីចិត្តប្រជាពលរដ្ឋក្រីក្រខ្វះខាតមុខក្រោយសោះ។
រីឯម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ជាម សាវន់ (Cheam Savorn) បានសរសេររិះគន់ដែរថា៖ បងសំណាងណាស់បានសម្តេចទម្លាក់លុយឱ្យចាយ រហូតបងសប្បាយចាយហឺហាភ្លេចខ្លួន ជេរបក្សប្រឆាំង ហើយបងយកលុយទៅទិញបំណុលរហូតអស់ពីខ្លួន ឥឡូវបងកំពុងតែនាំទុក្ខទៅឱ្យម្ចាស់ជំនួយហើយ គេទម្លាក់ឱ្យ ៣០ម៉ឺនទេប៉ុន្តែបងបំប៉ោងរហូតដល់ទៅ៦លាន៧សែន$ បានធ្វើឱ្យសម្តេចត្រូវគេសង្ស័យហើយ។
នេះមិនមែនជាលើកទីមួយទេ ដែល លោក ហ៊ុន សែន ប្រើទឹកលុយ មុខនាទីក្នុងរដ្ឋាភិបាលនិងសម្ភារៈមួយចំនួនទៀត ជាធ្នាក់ ទាក់យកបេះដូង យុវជន ក្រុមតារា អ្នកមានឈ្មោះល្បីល្មមៗក្នុងសង្គម និងអ្នកនយោបាយមួយចំនួន ក៏លោក ហ៊ុន សែន ប្រមូលយកដែរ ដើម្បីឲ្យធ្លាក់ចូលក្នុងអន្ទាក់នុយបាយរបស់បក្សកាន់អំណាចចាស់វស្សាមួយនេះ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ធ្លាប់ចោទ លោក ហ៊ុន សែន «លោក ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា កាលនាងនៅជាយុវជនសកម្មគាំទ្របក្សប្រឆាំង ឲ្យមកបំបែកគណបក្សសង្គ្រោះជាតិ»។
ក៏ប៉ុន្តែ លោក ហ៊ុន សែន បានច្រានចោល និងបានប្តឹងលោក សម រង្ស៊ី ដោយទារសំណងជំងឺចិត្តចំនួន ១លានដុល្លារ ខណៈកញ្ញា ធី សុវណ្ណថា ក៏បានប្តឹងមេបក្សប្រឆាំងរូបនេះ ដោយទារជំងឺចិត្ត២៥ម៉ឺនដុល្លារ។
ទោះយ៉ាងណា មានសារបែកធ្លាយមួយកាលពីចុងឆ្នាំ២០១៦ ដែលសារនោះជាកិច្ទសន្ទនាឆ្លងឆ្លើយគ្នាដែលគេជឿថា ជាសាររបស់លោក ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា។ ភាគីទាំងពីរបានប្រើពាក្យថា “តានិងចៅ” បាននិយាយគ្នាពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។
កិច្ចសន្ទនាដដែលនោះក៏បាននិយាយដែរ ពីការផ្តល់លុយខ្ទង់មួយ ១លានដុល្លារដល់ កញ្ញា ធី សុវណ្ណថា ដើម្បីបំបែកបំបាក់មេដឹកនាំគណបក្សសង្គ្រោះជាតិ។
ចំណែករឿង លោក ហ៊ុន សែន និងសាពូន មីដាដា វិញ..!! ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សុខ រដ្ឋា (Sok Ratha) ហាក់បញ្ចេញភាពឆ្លាតវៃរបស់ខ្លួន ក្នុងការចាត់ចែង លុយ ៣០ម៉ឺនដុល្លារ របស់លោក ហ៊ុន សែន ដែលបានឲ្យទៅគ្រួសារប្តីប្រពន្ធ តារាចម្រៀង សាពូន មីដាដា ថា គួរប្រើឲ្យមានប្រយោជន៍សម្រាប់ពលរដ្ឋក្រីក្រ ជាងឲ្យទៅ សាពូន មីដាដា។
គាត់សរសេរថា៖ ៣០ម៉ឺនអាចជួយមនុស្សបានច្រើនណាស់សម្តេចពុក!! បើសម្តេចផ្តល់ ១ម៉ឺនដុល្លារមួយគ្រួសារធ្វើដើមទុនរកស៊ីបាន ៣០គ្រួសារ ហើយបើសម្តេចផ្តល់ ១ពាន់ដុល្លារ ក្នុងមួយគ្រួសារ គឺបាន ៣០០គ្រួសារ ពិតជាជួយសេដ្ឋកិច្ចជាតិបានច្រើន ជាងផ្តល់ឱ្យបុគ្គលម្នាក់ៗយកចាយហឺហាទិញផ្ទះ ទិញឡាន។ ខ្ញុំក៏ធ្លាប់ជាយុវជនឈឺឆ្អាលរឿងសង្គមជាតិច្រើនឆ្នាំមកហើយដែរ ជាមួយយុវជនដ៏ទៃទៀតគ្មានអ្វីក្រៅពីចង់ឃើញសង្គមជាតិរបស់យើងមានការរីកចម្រើន មានការយកចិត្តទុកដាក់ដល់ពលរដ្ឋ មានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ មានសាមគ្គីជាតិជាធ្លុងមួយ មិនយកខ្មែរណាជាសត្រូវ ពិសេសរវាងបក្សកាន់អំណាច និងបក្សជំទាស់ ដើម្បីរួមគ្នាបង្កើតអាណាចក្រកម្ពុជាដ៏រុងរឿងលើឆាកអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។