កសិករចិញ្ចឹមទា យកស៊ុត ត្រៀមលក់មេទា ដើម្បីយកលុយ ទៅសងបំណុលធនាគារវិញ។ ពួកគេ ប្រាប់ថា តម្លៃស៊ុតទា ធ្លាក់ចុះខ្លាំង មិនធ្លាប់មាន ដែលបណ្ដាល ឲ្យខាតបង់ច្រើន។ អ្នកជំនាញកសិកម្ម ជំរុញឲ្យអាជ្ញាធរ ធានាកុំឲ្យមានការនាំចូលស៊ុត ពីប្រទេសជិតខាង មកលក់នៅក្នុងស្រុក និង ត្រូវរកយន្តការ ជួយឲ្យស៊ុតទា មានតម្លៃ គ្រាន់បើ ឡើងវិញ។
ក្រុមកសិករចិញ្ចឹមទាយកស៊ុតលក់ អះអាងដូចៗ គ្នាថា មួយរយៈចុងក្រោយនេះ ស៊ុតទា ឬពងទា ធ្លាក់ថ្លៃខ្លាំង មិនធ្លាប់មានពីមុនមកទេ។ ពួកគេ សង្ស័យថា មានការលួចនាំស៊ុតទា ពីប្រទេសក្បែរខាង ពិសេសពីប្រទេសវៀតណាម មកលក់នៅកម្ពុជា ទើបបណ្ដាលឲ្យតម្លៃលក់ក្នុងស្រុកធ្លាក់ចុះខ្លាំង។
កសិករចិញ្ចឹមទា ម្នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាបលោក ចាន់ ចក និយាយថា ឈ្មួញកណ្ដាល ដែលទទួលទិញស៊ុតទា បានប្រាប់លោក ថា ការធ្លាក់ថ្លៃ គឺគ្រប់កន្លែងចិញ្ចឹមទាំងអស់ទូទាំងប្រទេស ព្រោះ មានស៊ុតទា លួចនាំចូល ពីប្រទេសជិតខាងមកលក់ ក្នុងតម្លៃថោកជាង។
« ខាងដេប៉ូ គេថា មានឈ្មួញ គេដឹក ( ស៊ុត ) មកពីបរទេស ចូលមកខ្មែរ បានជាខ្មែរយើងលក់អត់ដាច់។ សង្កេតមើល ដូចជា តាមទីផ្សារអ្វី អត់មានពងទា ឯណា មកពីបរទេស មានតែពងទាក្នុងស្រុក ( លក់ ) ។ មុនដំបូងយកលុយធនាគារ ( ចិញ្ចឹមទា ) ដល់យូរឆ្នាំទៅ កាក់កប លែងជំពាក់ហើយ។ »
លោក ចាន់ ចក ចិញ្ចឹមទា ប្រមាណមួយពាន់ ប្រាំរយ (១ ៥០០)ក្បាល ឲ្យដឹងថា មួយថ្ងៃ លោកប្រមូលស៊ុតបាន ប្រហែលមួយពាន់ ពីររយ (១ ២០០)គ្រាប់។ លោកថា រយៈពេល២ថ្ងៃ ឈ្មួញ នឹងមកទទួលយកស៊ុតទា ពីលោកម្ដង បានខ្ទង់ជាងពីរពាន់ (២ ០០០)គ្រាប់ ដោយគិតតម្លៃ រាប់ជាគ្រាប់។ លោក ថា ចំនួនទា ជាង១ ៥០០ក្បាលនេះ ស៊ីចំណីអស់៧បាវ ក្នុងមួយថ្ងៃ ហើយចំណី មួយបាវ ថ្លៃ ជិតបួនម៉ឺនរៀល ឬប្រហែលដប់ដុល្លារ។
លោកឱ្យដឹងថា ពងទាសម្រាប់យកទៅធ្វើម្ហូប ធ្លាប់លក់បាន មួយគ្រាប់ជាងបួនរយ(៤០០)រៀល បែរធ្លាក់មកនៅបីរយ(៣០០)រៀល ក្នុងមួយគ្រាប់។ ឯ ពងទាកូន និងពងទាសម្រាប់ភ្ញាស់វិញ ធ្លាប់លក់បានមួយគ្រាប់ ជាងប្រាំរយ(៥០០)រៀល ឥឡូវនៅសល់ជិតបួន(៣៨០)រៀល។ កសិករ ចាន់ ចក អះអាងថា ប្រសិនបើ តម្លៃស៊ុតទា នៅតែបន្តធ្លាក់ថ្លៃបែបនេះ លោកមិនអាចទូទាត់ថ្លៃចំណីទាបានទេ ហើយគ្រួសាររបស់លោក នឹងបោះបង់ មុខរបរចិញ្ចឹមទា ហើយប្ដូរមកប្រកបរបរធ្វើស្រែវិញ។
« ទាក់ទងនឹងតម្លៃ បើសិនជាតម្លៃនៅតែអ៊ីចឹងទៀត ពិបាកទទួលយកណាស់។ និយាយថា ប្រឈមនឹងបរាជ័យ នឹងអាចលក់ ( មេទា ) ចេញ។ រក ( ការងារ ) ថ្មីធ្វើ តែកូរ៉ូណា មានអ្វី មានតែ ( ធ្វើ ) ស្រែចម្ការហ្នឹងឯង។ »
ស្រដៀងគ្នានេះ កសិករចិញ្ចឹមទា ម្នាក់ទៀត នៅស្រុកគូលែន ខេត្តព្រះវិហារ លោក អោក ចន្ថា ព្រួយបារម្ភថា បើស៊ុតទានៅតែបន្តធ្លាក់ថ្លៃទៀត គ្រួសារលោក នឹងជួបបញ្ហា គ្មានលុយសងធនាគារវិញទេ។ លោក មិនដឹងថា ស៊ុតទា ធ្លាក់ថ្លៃខ្លាំង ដោយសារអ្វីឱ្យពិតប្រាកដនោះទេ តែលោកឃើញឈ្មួញកណ្ដាល ដឹកស៊ុតទា ទាំងឡានៗ តាមផ្លូវ រាល់ថ្ងៃ។ អ្នកចិញ្ចឹមទារូបនេះ ក៏សង្ស័យថា មានការនាំចូលស៊ុតទា ពីប្រទេសជិតខាង មកលក់លើទីផ្សារដែរ ទើបបណ្ដាលឲ្យតម្លៃស៊ុតទា ធ្លាក់ថ្លៃខ្លាំងបែបនេះ។
« ឧទាហរណ៍ថា យើងលក់ ( ស៊ុត ) បាន១០ម៉ឺន ( រៀល ) ចំណីវាត្រូវស៊ីវិញ ១១ម៉ឺន។ ខ្ញុំធ្លាក់ខ្លាំង ធ្លាក់២ខែ ធ្លាក់ខ្លាំងមែនទែន។ មួយថ្ងៃអន់ ( ខាត ) បំផុត វាចូលបី បួន ម៉ឺន បាត់ហើយអូន។ ១០ថ្ងៃ សាម សែសិបម៉ឺន។ អានេះ តិចផង ទម្រាំអាផលច្រើន វាឱ្យ វាខាតច្រើនជាងនេះទៀត ព្រោះវាច្រើន។ ខ្ញុំឆ្ងល់ថា វាអ៊ីចេះ គេអ្នកចិញ្ចឹមច្រើន រីឯកម្មករផង ម្ដេចគេលក់ ( តម្លៃ ) ប៉ិនហ្នឹង វាចំណេញ។ ឯខ្ញុំ ពលកម្មអ្វី ធ្វើខ្លួនឯងទាំងអស់ ឲ្យចំណីអ្វីដូចគេ ហើយអត់ចំណាយ ( ពលកម្ម ) ទេ ហើយម្ដេចបាននៅតែខាត។ ( សួរមន្ត្រី ) គេមិនចាប់អារម្មណ៍នឹងយើងសោះ។ បន្ថែមយ៉ាងណា និយាយយ៉ាងម្ដេចទៀត ប្រាប់គេទៅ គេថា មកពីកូរ៉ូណា។ ប្រាប់គេទៅ គេថា គ្មានពងទាយួនមកទេ ខែនេះ វាថោកអ៊ីចឹងឯង។ តែ ថោក ក៏វាមិនដូចខែនេះដែរ រាល់ឆ្នាំ វាមានកម្រិតរបស់វា។ តែឆ្នាំនេះ សេរ៉ូ តែម្ដង។ »
ចំណែក ម្ចាស់ដេប៉ូឈ្មោះ ស៊ី ណាក់ ដែល ទទួលទិញស៊ុតទា ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ឲ្យដឹងថា តម្លៃស៊ុត ពិតជាធ្លាក់ថ្លៃខ្លាំងមែន។ លោក អះអាងថា មួយរយៈពេលចុងក្រោយនេះ ក្រោយពីប្រមូលទិញស៊ុតទាចូលដេប៉ូហើយ លោកក៏ពិបាកលក់ចេញវិញដែរ ដោយសារតម្លៃប្រែប្រួលលឿន។ លោក មិនដឹងថា ការធ្លាក់ថ្លៃ ស៊ុតទា ដោយសារមូលហេតុអ្វីទេ។
« តម្លៃទាបជាងមុន។ យើងប្រៀបផ្ទឹមនឹងខែ១១ វាខុសគ្នាឆ្ងាយ។ ភាគច្រើនខ្ញុំ អត់សូវដឹងពីមូលហេតុដែរ។ ភាគច្រើន ខ្ញុំនៅខេត្តព្រះវិហារ ពងទា ពងមាន់អ្វី ខ្ញុំយកមកពីខាងស្គន់។ តំបន់ហ្នុង សម្បូរគេចិញ្ចឹម កសិករសម្បូរចិញ្ចឹម។ ពងទិញថ្មី ២៨០ ( រៀល ) ។ ភាគច្រើនខ្ញុំទទួលទិញពីកសិករមក ខ្ញុំលក់ទៅតាមផ្សារ។ ណាមួយខ្ញុំ ជាអាជីវករលក់នៅតាមផ្សារអ៊ីចឹងដែរណា។ »
ពាក់ព័ន្ធតម្លៃស៊ុតទាធ្លាក់ថ្លៃនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី បានទេ នៅថ្ងៃទី២៦ ធ្នូ ដោយសារទូរស័ព្ទរោទ៍ គ្មានអ្នកទទួល។ ប៉ុន្តែរដ្ឋមន្ត្រី លោក វេង សាខុន បានអះអាង លើហ្វេសប៊ុក(facebook) ថាក្រសួងមិនបានចេញគោលការណ៍ ឲ្យនាំស៊ុតបក្សី ចូលកម្ពុជាឡើយ។ បន្ថែមពីនេះ ក្រសួងកសិកម្ម ចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី២១ ធ្នូ ដោយទទួលស្គាល់ថា តម្លៃស៊ុតទា ពិតជាធ្លាក់ចុះ និងមានតម្លៃ មិនដល់បីរយ (២៨០)រៀល ទេ ក្នុងមួយគ្រាប់។
ក្រសួង អះអាងថា តម្លៃស៊ុតភ្ញាស់ និងស៊ុតទាធម្មតា នៅប្រទេសវៀតណាម មានតម្លៃប្រហាក់ប្រហែលគ្នា នឹងតម្លៃ នៅប្រទេសកម្ពុជាបច្ចុប្បន្ន។ ម្យ៉ាងទៀត ក្រសួងកសិកម្ម យល់ថា ការធ្លាក់ថ្លៃស៊ុតទា ដោយសារ ពលរដ្ឋផ្អាកពិធីជប់លៀង ក្នុងវិបត្តិជំងឺកូវីដ១៩(Covid-19) ការកើនឡើងអ្នកចិញ្ចឹមសត្វយកស៊ុតទូទាំងប្រទេស និងពលរដ្ឋខ្លះ ងាកមកបរិភោគត្រី ជំនួសស៊ុតបក្សី ក្នុងរដូវសម្បូរត្រី ជាដើម។
ទោះយ៉ាងណា ក្រសួងកសិកម្ម ពុំបានបញ្ជាក់រឿងករណីលួច នាំចូលស៊ុតពីប្រទេសក្បែរខាងចូលកម្ពុជានោះទេ។ តែក្រសួង លើកទឹកចិត្តឲ្យអ្នកពាក់ព័ន្ធរាយការណ៍ទៅអាជ្ញាធរ ដើម្បីចុះបង្ក្រាប ប្រសិនបើ ដឹងពីករណី លួចនាំស៊ុតមាន់ ស៊ុតទា ពីប្រទេសជិតខាង ចូលកម្ពុជា។
ចំណែកមន្ទីរកសិកម្មតាមខេត្តមួយចំនួន ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញហេតុផលនៃតម្លៃស៊ុតទា តាមតំបន់របស់ខ្លួនធ្លាក់ថ្លៃដែរ។ មន្ទីរកសិកម្មខេត្តខ្លះ អះអាងថា រដូវរំហើយ ជាខែទា សំបូរចំណីតាមវាលស្រែ ជាហេតុធ្វើឲ្យមេទា ផលិតបានស៊ុតច្រើន និងវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យអ្នកលក់មីឆា លតឆា បាយឆា ខ្លះ ផ្អាកអាជីវកម្ម បណ្ដាលឲ្យតម្រូវការស៊ុតទា ថយចុះ ជាដើម។
ប្រធានសមាគមកសិករ ដើម្បីអភិវឌ្ឍជីវភាព លោក ស៊ុម ម៉ាណែត ព្រួយបារម្ភថា បើតម្លៃស៊ុតទា នៅតែបន្តធ្លាក់ចុះបែបនេះ ជីវភាពកសិករចិញ្ចឹមទាយកស៊ុត នឹងគ្មានលទ្ធភាពសងបំណុលធនាគារឡើយ។ លោក ជំរុញឲ្យរដ្ឋាភិបាល អន្តរាគមន៍ដោះស្រាយបញ្ហានេះ ដោយផ្ដើមចេញ ពីការធានាឲ្យបានថា គ្មានការលួចនាំចូលស៊ុតពីប្រទេសជិតខាងចូលកម្ពុជា និងត្រូវរកយន្តការជួយដោះស្រាយបញ្ហា ចំពោះមុខរបស់អ្នកចិញ្ចឹមទា។ ជាពិសេស លោក ចង់ឲ្យរដ្ឋាភិបាលជួយសម្រួល ដល់កសិករចិញ្ចឹមទាខ្លះ ដែលគ្មានលទ្ធភាពសងបំណុលធនាគារ អាចពន្យារពេលក្នុងការសងបំណុល។
« រាជរដ្ឋាភិបាលដដែល គាត់គួរតែឲ្យមានមន្ត្រី នៅតាមច្រករបស់គាត់ហ្នឹង ឲ្យបានច្បាស់លាស់ បញ្ជាក់ឲ្យបានច្បាស់លាស់ ថាតើទំនិញអស់ហ្នឹង វាមានគុណភាពឬនៅ តម្លៃសមរម្យឬនៅ ? ដើម្បីឲ្យការនាំចូលក្នុងស្រុក។ សម្រាប់ទី ៣ កសិករ គួរតែចងក្រងជាសហគមន៍រួមមួយ សម្រាប់អ្នកផ្គត់ផ្គង់ ឬអ្នកចិញ្ចឹមទា ដើម្បីស្នើសុំទៅមន្ត្រីពាក់ព័ន្ធក្រសួងកសិកម្ម ឲ្យទិញទំនិញរបស់គាត់ ឲ្យមានតម្លៃខ្ពស់ជាងហ្នឹង ឬមួយឲ្យកសិកម្ម មានតម្លៃសមរម្យ អាចឲ្យគាត់ រួចផុតពីការជំពាក់ធនាគារផងដែរ។ »
ក្រុមកសិករចិញ្ចឹមទា និយាយថា បើទោះជាតម្លៃចុះថោក បែបណាក៏ដោយ ក៏ពួកគេត្រូវតែបង្ខំចិត្តលក់ចេញដែរ ដើម្បីបានលុយខ្លះ ទិញចំណីទុកឲ្យមេទាស៊ីវិញ ព្រោះស៊ុតទា មិនអាចស្ដុកទុកបានទេ ហើយមេទា នឹងផលិតស៊ុត ជាបន្តបន្ទាប់។ ក្រុមកសិករ ស្នើយ៉ាងទទូច ដល់រដ្ឋាភិបាល ជួយអន្តរាគមន៍យ៉ាងណាឱ្យតម្លៃស៊ុតទាវិលមកធម្មតាវិញ បើពុំដូច្នេះទេ ពួកគេនឹងត្រូវបង្ខំចិត្តបោះបង់ចោលមុខរបរមួយនេះ៕